សៀវភៅ​រកស៊ី ២​ក្បាល​ស្នាដៃ​និពន្ធ​របស់​សហគ្រិន​កម្ពុជា ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​

4857
ចែករម្លែក
  • 8
    Shares

ដោយ​: សុផល / ភ្នំពេញ​: សេដ្ឋកិច្ចកម្ពុជា​នាពេល​បច្ចុប្បន្នកំពុង​មានកំ​ណើ​ន​ជា​បន្តបន្ទាប់ ហើយ​វត្តមាន​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​ក៏មាន​កាន់តែច្រើនៗ​ឡើង​ផងដែរ​។ គេ​សង្កេតឃើញថា ការធ្វើ​ជំនួញ ឬ​អាជីវកម្ម​កំពុង​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​កាន់តែខ្លាំង​ពី​ស្រទាប់​យុវជន​កម្ពុជា​ជាច្រើន ឲ្យ​ផ្តាស់​ប្តូរ​ផ្នត់គំនិត​ពី​ធ្វើការ​ឲ្យ​គេ ហ៊ាន​ចេញ​រកស៊ី​ដោយ​ខ្លួនឯង​។ ក៏ប៉ុន្តែ​សៀវភៅ​រកស៊ី សម្រាប់​ជា​គំរូ ឬ​តិច​និក​ចេញ​រកស៊ី​ប្រកបដោយ​ភាពជោគជ័យ និង​គំនិត​ច្នៃប្រឌិត ដែល​និពន្ធ​ដោយ​សហគ្រិន​ផ្ទាល់ នៅមានកម្រិត​នៅឡើយ​សម្រាប់​កម្ពុជា​។

លោក​សំ កុសល ស្ថាបនិក Business Cambodia និង​ជា​អ្នកនិពន្ធ​សៀវភៅ​«​លក់​អារម្មណ៍​»

​ថ្មីៗ​នេះដែរ សៀវភៅ​ដំបូន្មាន​រកស៊ី ២​ក្បាល​ដ៏​ថ្មីស្រឡាង​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅ​កម្ពុជា បាន​លេច​ត្រដែត​ឡើង​កំពុង​រង់ចាំ​អ្នករកស៊ី និង​អនាគត​អ្នករកស៊ី​ទាំងឡាយ​ទុកជា​ជំនួយ​ក្នុងការ​ធ្វើ​ឲ្យ​អាជីវកម្ម​ពួកគេ​ទទួលបាន​ការរីកចម្រើន និង​ចេញ​រកស៊ី​ចំ​គោលដៅ​។ សៀវភៅ​មួយ​ក្នុងចំណោម​សៀវភៅ ២​ក្បាល​ដែល​ត្រូវបាន​និពន្ធ​ក្រោម​ចំណងជើង​ដ៏​ចម្លែក តែ​ប្រកបទៅដោយ​ខ្លឹមសារ និង​គុណ​តម្លៃ​ដ៏​ល្អ​សម្រាប់​អ្នករកស៊ី ត្រូវបាន​បោះពុម្ពផ្សាយ​លើ​ទីផ្សារ​ជា​ផ្លូវការ ដែល​សៀវភៅ​នោះ​មាន​ចំណងជើង​ថា “​លក់​អារម្មណ៍​” ។ សៀវភៅ​មួយ​ក្បាល​នេះ គឺ​បានកើត​ចេញពី​បទពិសោធ​ន៍​រកស៊ី​ផ្ទាល់ និង​បាន​ស្រាវជ្រាវ​យ៉ាង​ហ្មត់ចត់​ពី​គំនិត​ករ​ស៊ី​ល្អៗ​របស់​សហគ្រិន​ឆ្នើមៗ​ក្នុងស្រុក និង​បរទេស​ពី​សំណាក់​លោក​សំ កុសល ស្ថាបនិក Business Cambodia និង​ជា​អ្នកនិពន្ធ​សៀវភៅ “​ចង់​ពូកែ​រកស៊ី ត្រូវ​ចេះ​សំលៀង​ពូថៅ​” ដ៏​មាន​ប្រជាប្រិយភាព​។​

​នៅក្នុង​ពិធី​សម្ពោធ​លក់​សៀវភៅ​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន លោក​សំ កុសល​បាន​មានប្រសាសន៍ថា​៖​សៀវ​វ​ភៅ “​ចង់​ពូកែ​រកស៊ី ត្រូវ​ចេះ​សំលៀង​ពូថៅ​” ជា​សៀវភៅ​ដំបូង​របស់លោក ប៉ុន្តែ​សៀវភៅ​នោះ​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អ្នករកស៊ី​ជិត​មួយ​ម៉ឺន​នាក់​ឯណោះ​។ ទម្រាំ​នឹង​សម្រេចបាន​សៀវភៅ​ទី​ពី​ដ៏​ល្អ​ឯក​មួយ​ក្បាល​នេះ លោក សំ កុសល ប្រើ​រយៈពេល រហូត​ទៅដល់​១​ឆ្នាំ ២​ខែ​ឯណោះ​។ មូលហេតុ​មួយ​ចម្បង​ក្នុងចំណោម​មូលហេតុ​ផ្សេងៗ​ជាច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​ការនិពន្ធ​អូសបន្លាយ​ក្នុង​រយៈពេល​ដ៏​យូរ​បែបនេះ ដោយសារ​សៀវភៅ​មួយ​ក្បាល​នេះ​ត្រូវបាន​និពន្ធ​ដោយ​យកចិត្តទុកដាក់​ខ្លាំង​បំផុត ធ្វើយ៉ាងណា ស្រង់​យកគំនិត​រកស៊ី​ល្អៗ សម្រាប់​មិត្ត​អ្នកអាន អ្នកនិពន្ធ​រូបនេះ បានឱ្យដឹង​ទៀតថា សម្រាប់​សៀវភៅ “​លក់​អារម្មណ៍​” លោក​បាន​ចំណាយ​ពេលវេលា​ជាច្រើន​ក្នុងការ​សិក្សា​ស្រាវជ្រាវ​ពី​អាជីវកម្ម​ល្បីៗ​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ឈានមុខ​មួយចំនួន ដែល​ធ្វើការ​សិក្សា​ទៅលើ​ការបង្កើន​ការលក់​នា​សម័យ​ឌីជីថល​ដ៏​ស្មុគស្មាញ​។ ជា​លទ្ធផល​លោក​បាន​សំយោគ​បាន​នូវ​គំនិត​ពិសេសៗ ដើម្បី​ផ្សំ​បញ្ចូល​ទៅក្នុង​បរិបទ​អាជីវកម្ម​កម្ពុជា ហើយ​បាន​ឆ្លុះបញ្ចាំង​គំនិត​ទាំងនោះ​ដោយ​សរសេរ​អធិប្បាយ​ទៅលើ​អាជីវកម្ម និង​ក្រុមហ៊ុន​ធំៗ​ក្នុងស្រុក​ជាច្រើន ក្នុងនោះ​ក៏មាន ក្រុមហ៊ុន Business Cambodia ផ្ទាល់​ផងដែរ ។​

​លោក សំ កុសល បាន​លើកឡើងថា​៖​ដូច្នេះ​សៀវភៅ​នេះ​មានតម្លៃ​លើសពី​អាជីវកម្ម​ទាំងនោះ​បូក​បញ្ចូល​គ្នា​ទៅទៀត ដោយ​វា​នឹង​ផ្តល់នូវ​សុ​ក្រិត​ភាព និង​អាច​យកទៅ​ប្រើប្រាស់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​អាជីវកម្ម​ជាក់ស្តែង​តែម្តង ។ សៀវភៅ​មួយ​ក្បាល​នេះ លោក​បាន​ផ្តោត​ធ្ងន់​ទៅលើ​យុទ្ធសាស្ត្រ​ក្នុង​ការលក់​ជា​គោល ដោយ​លោក​បាន​ពាំនាំ​នូវ​ការវិភាគ​រក​ដើមចម​នៃ​ការសម្រេចចិត្ត​ទិញ​របស់​អតិថិជន​គ្រប់រូប ថា​តើ​វា​ស្ថិតនៅលើ​ខួរក្បាល ឬ​បេះដូង​របស់​អ្នកទិញ​។​

​ចម្លើយ​ឆ្លើយតប​ទៅនឹង​ចម្ងល់​ដ៏​សំខាន់​មួយ​នេះ ត្រូវបាន​លោក​យកទៅ​បកស្រាយ​យ៉ាង​ស៊ីជម្រៅ​នៅក្នុង​ជំពូក​ទី​១ ហើយ​សង្ខេប​ត្រឹម ២​ឃ្លា​យ៉ាងខ្លី ដែល​សរសេរ​នៅលើ​គម្រប​ថា “​លក់ដាច់​ព្រោះ​មាន​អារម្មណ៍ លក់​មិន​ដាច់​ព្រោះ​គ្មាន​អារម្មណ៍​” ។ ជាការ​ពិត អារម្មណ៍​មិនមែន​ត្រឹមតែ​ត្រូវបាន​យកទៅ​ប្រើ​នៅក្នុង​ភាពយន្ត​ប្រលោមលោក​អា​ភិ​និ​ហា​ប៉ុណ្ណោះ​ទេ តែ​វា​ត្រូវបាន​មនុស្ស​ទូទៅ​យកទៅ​ប្រើប្រាស់​រាល់​ការសម្រេចចិត្ត​នានា និង​ធ្វើជា​ធ្នាក់​ក្នុងការ​អូសទាញ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ។​

​បើតាម​សម្តី​របស់​អ្នកនិពន្ធ​វ័យក្មេង​តែ​ប្រកបទៅដោយ​គំនិត​ចាស់ទុំ​ក្នុង​អាជីវកម្ម​រូបនេះ បាន​ឲ្យ​ដឹងថា ការលក់​ដ៏​ជោគជ័យ គឺ​ស្ថិតនៅលើ​ការចេះ​កសាង​អារម្មណ៍​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​បរិបទ​នៃ​អាជីវកម្ម​របស់ខ្លួន ធ្វើយ៉ាងណា​ឲ្យ​អារម្មណ៍​ទាំងនោះ​ចាក់ស្រេះ​ក្នុង​បេះដូង​អតិថិជន ទើប​ការលក់​នៅក្នុង​អាជីវកម្ម​នោះ​មិន​សាប​។​

​ចំណែក​សៀវភៅ​មួយ​ក្បាល​ទៀត​របស់​សហ​ស្ថាបនិក​ផ្សារ​ខ្មែរ​និង​ជា​ប្រធាន​និពន្ធ​នៅ Business Cambodia ក្រោម​ចំណងជើង “​ត្រៀម​ចេញ​រកស៊ី​ឲ្យ​ចំ​គោលដៅ​” វិញ យើង​ឃើញថា​លោក ម៉េង សុង​ហោរ បាន​ប្រមូលយក​នូវ​គំនិត​ខ្លឹមៗ និង​ខ្លាំងៗ​ជាច្រើន​របស់​អាជីវក​ម្ម​ជោគជ័យ​ធំៗ​ទាំង​ក្នុង និង​ក្រៅ​ស្រុក មក​ធ្វើការ​សំយោគ វិភាគ​រក​ចំណុច​របត់​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​នានា​ទទួលបាន​ភាពជោគជ័យ រហូត​គ្មាន​ផ្លូវ​បែរ​ថយក្រោយ​ទៅរក​ភាពអន់ថយ​វិញ ជាពិសេស​អ្នកចេញ​រកស៊ី​ថ្មីថ្មោង ឲ្យ​រកស៊ី​ចំ​គោលដៅ ប្រកបដោយ​ទស្សនៈវិស័យ​ច្បាស់លាស់​។​

លោក​ម៉េង សុង​ហោរ អ្នកនិពន្ធ​សៀវភៅ​រឿង​«“​ត្រៀម​ចេញ​រកស៊ី​ឲ្យ​ចំ​គោលដៅ​”

​យោងតាម អ្នកនិពន្ធ​ដៃឯក​គំនិត​ច្នៃប្រឌិត​ខាង​ធុរកិច្ច និង​ជា​ស្ថាបនិក ផ្សារ​ខ្មែរ លោក​ម៉េង សុង​ហោរ បាន​ឲ្យ​ដឹង​ទៀតថា មុន​នឹងធ្វើ​អាជីវកម្ម អនាគត​ម្ចាស់​អាជីវកម្ម​គ្រប់រូប​ត្រូវ​ត្រៀមលក្ខណៈ​ជាច្រើន មុននឹង​ចេញ​អនុវត្តន៍​មាន​ជាអាទ៍ ត្រៀម​កាយ ត្រៀម​ចិត្ត ត្រៀម​គោលដៅ ត្រៀម​ផ្លាស់ប្តូរ​ដើម្បី​រស់ ជាដើម​។ ចំណុច​ទាំងនោះ​ត្រូវបាន​សរសេរ​យ៉ាង​លំអិត អម​ជាមួយ​ឧទាហរណ៍​អាជីវកម្ម​គំរូ​ប្លែកៗ ជាច្រើន​។ ចំណុច​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយទៀត​នោះ​គឺ លោក​បាន​បញ្ចូល ភាពបរាជ័យ​របស់​អា​ជីវ​កម្ម របស់​សហគ្រិន​នានា​ជាច្រើន ដើម្បី​ជា​វិថី​ដ៏​មាន​សុ​ត្ថិ​ភាព​មួយ សម្រាប់​អ្នករកស៊ី និង​អនាគត​អ្នករកស៊ី​ទាំងឡាយ​ធ្វើដំណើរ​ឲ្យ​បាន​វែងឆ្ងាយ និង​អាច​បោះជំហាន​ទៅរក​ភាពមានបាន​ជា​ចីរភាព​។​

​ដោ​យោ​ឡែក​សម្រាប់​ស្ថាប័ន Business Cambodia ឯណេះ​វិញ​ឃើញថា ដោយមាន​គោលបំណង​ចង់​ប្រែក្លាយ​ប្រជាជន​កម្ពុជា​ឲ្យ​ក្លាយជា​អ្នករកស៊ី​ដ៏​មាន​កិត្យានុភាព ទាំង​ក្នុង​ថ្នាក់​តំបន់ និង​អន្តរជាតិ​នោះ នៅពេល​សហគ្រិន​វ័យក្មេង​លោក សំ កុសល បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក គ្រប់គ្រង​ពាណិជ្ជកម្ម ពី​សាកលវិទ្យាល័យ Curtin ប្រទេស​អូស្ត្រាលី ក៏មាន​គំនិត​ចាប់ផ្តើម​បំផុសស្មារតី​រកស៊ី​នៅ​កម្ពុជា​តាមរយៈ​ការបង្កើត Business Cambodia ឡើង​កាលពី​ឆ្នាំ​២០១៣ ។​រយៈពេល​៥​ឆ្នាំ​មកហើយ​ដែល​Business Cambodia បាន​ជួយ​បំផុសស្មារតី​ប្រជាជន​កម្ពុជា​ឲ្យ​ចេញ​រកស៊ី​កាន់តែច្រើន​កុះករ ព្រមទាំង​ជ្រោមជ្រែង​អនាគត​អ្នករកស៊ី​ឲ្យ​ទទួលបាន​នូវ​ជំនាញ​ទន់ ក៏ដូចជា​ជំនាញ​រឹង​មួយចំនួន ដែល​អាច​ញ៉ាំង​ឲ្យ​ការរកស៊ី​ធានាបាន​នូវ​ភាពជោគជ័យ ១០០% តាមរយៈ​ដាក់បញ្ចូល​គំនិត​រកស៊ី និង​ព័ត៌មាន​ដ៏​សម្បូរបែប​ទាក់ទង​ទៅនឹង​ជំនួញ ទីផ្សារ ការលក់ បច្ចេកវិទ្យា​និង​ភាពជា​អ្នកដឹកនាំ​ជោគជ័យ​ទៅក្នុង​គេហទំព័រ​ផ្លូវការ​របស់ Business Cambodia (business-cambodia.com) ក៏ដូចជា​ទំព័រ Facebook (Business Cambodia) ដ៏​មាន​ប្រជាប្រិយភាព ។​
​ស្ថាប័ន​Business Cambodia បាន​វិវឌ្ឍន៍ ប្រែខ្លួន​ពី​ការចេញផ្សាយ​តាម​ទស្សនា​វ​ដ្តី​ដែលមាន​រយៈពេល​៤​ឆ្នាំ ទៅជា​ការចេញផ្សាយ​តាមរយៈ​ឌីជីថល​ក្នុង​ប៉ុន្មាន​១​ឆ្នាំ​ចុង​ក្រោយនេះ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​សហគ្រិន​តូចធំ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ មិនបាន​រយៈពេល​១​ឆ្នាំ​ផង​ដែល Business Cambodia បាន​ផ្លាស់ប្តូរ​គម្រោងការ​ផ្សាយ ក៏​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​មហាជន​យ៉ាង​គគ្រឹកគគ្រេង​ទៅហើយ ដោយមាន​ចំនួន like រហូត​ទៅដល់​ជិត ១​លាន​នាក់​គិត​ត្រឹម​ចុងឆ្នាំ​២០១៨​នេះ ហើយនឹង​បន្ត​កើនឡើង ប្រជាប្រិយភាព​កាន់តែខ្លាំង​ឡើង​នៅពេល​អនាគត​ខាង​មុននេះ ។​

​នា​ចុងឆ្នាំ ២០១៨​នេះ ក្រោម​ការចាត់ចែង​រប​ស់លោក សំ កុសល បាន​ចាប់​បង្កើត​គម្រោង​កម្មវិធី​មួយ​ឈ្មោះថា “​ស្រុកកំណើត​សហគ្រិន​” ធ្វើការ​បង្រៀន​អ្នករកស៊ី និង​អនាគត​អ្នករកស៊ី​ទូទៅ ដែល​បង្ហាត់បង្រៀន​ដោយ​លោក​ផ្ទាល់​តែម្តង ក្នុង​បំណង​ចម្បង​តែមួយគត់ គឺ​បណ្តុះ​ភាពជា​សហគ្រិន​ឆ្នើម​។​ក្រៅពីនេះ Business Cambodia ក៏​ធ្វើ​ការបោះ​ពុ​ម្ភ​សៀវភៅ​រកស៊ី​ផងដែរ ។ ដូច​បាន​ជ្រាប​ស្រាប់​មកហើយ​ថា​មាន​សៀវភៅ​បី​ក្បាល​ហើយ​ដែល​បានចេញ​ផ្សាយ ដែល​ទីមួយ​គឺជា​សៀវភៅ “​ចង់​ពូកែ​រកស៊ី ត្រូវ​ចេះ​សំលៀង​ពូថៅ​” និង​ពីរ​ក្បាល​ខាងលើ​ដែល​ទើបតែ​ចេញផ្សាយ​នេះឯង ។
​សូមបញ្ជាក់ថា Business Cambodia ទទួល​ស្វាគមន៍​សហគ្រិន និង​អនាគត​សហគ្រិន​ពី​គ្រប់ទិសទី​ទាំងអស់​ដោយមាន​ការធានា​ទាំង​គុណភាព​នឹង​គុណ​តម្លៃ ដូចដែល​លោក សំ កុសល​មានប្រសាសន៍ថា “​គ្រូ​មួយឆ្នាំ គ្រូ​មួយជីវិត​” ។ ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​នេះ គាត់​មិន​ត្រឹមតែ​ជួយ​ជ្រំ​ជ្រែង​ឲ្យ​ក្លាយជា​សហគ្រិន​ដ៏​ពូកែ​ប៉ុណ្ណោះ​ទេ តែ​គាត់​នឹងធ្វើ​ជាម​គ្គុ​ទេសន៍​អាជីវកម្ម​រហូត​សិស្ស​របស់គាត់​ជោគជ័យ ដូចដែល​គាត់​បាន​មានប្រសាសន៍ថា “​ខ្ញុំ​នឹង​តាំងចិត្ត​ជួយ​រហូតដល់​សិស្ស​របស់ខ្ញុំ​ក្លាយជា​ឧក​ញ្ញា លែង​ត្រូវការ​លោកគ្រូ​ទោះបីជា​មេរៀន​ត្រូវបាន​បញ្ជ​ប់​ក៏ដោយ​”​។ មួយវិញទៀត Business Cambodia​នឹង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​រាល់​អ្នកនិពន្ធ​ដែល​ចង់​សហការ​ជាមួយ Business Cambodia​។ គិត​រហូតមក​ដល់ពេលនេះ Business Cambodia មាន​អ្នក​និ​ព្វ​ន្ធ​រកស៊ី​ឆ្នើមៗ ដែល​កំពុងធ្វើការ​បង្ហោះ អត្ថបទ​ស្តីពី​ការរកស៊ី​ក្នុង​គេហទំព័រ​របស់ Business Cambodia ជា​រៀងរាល់ថ្ងៃ​៕