សេចក្ដីសម្រេច​នានា​អនុម័ត​ក្នុង​កិច្ចប្រជុំ​APPF​រយៈពេល​បី​ថ្ងៃ​សំដៅ​ការដោះស្រាយ​បញ្ហា​រួម​ក្នុង​តំបន់​

641
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​•​អូស្ត្រាលី​បន្ត​ពី​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​លើក​ទី​២៨​នៅ​ឆ្នាំ​២០២០​ខណៈ​សាធារណរដ្ឋ​កូរ៉េ​ធ្វើជា​ម្ចាស់ផ្ទះ​លើក​ទី​២៩​នៅ​ឆ្នាំ​២០២១​។​

​បន្ទាប់ពី​ដំណើរការ​ប្រជុំ​រយៈពេល​៣​ថ្ងៃ​មក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​សភា​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​។​ពិធី​បិទ​កិច្ចប្រជុំ​APPF​បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​អ​ធិ​តី​ភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​និង​ជា​ប្រធាន​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៧​នៅ​រសៀល​ថ្ងៃទី​១៦​ខែមករា​ឆ្នាំ​២០១៩​នៅ​សណ្ឋាគារ​សុខា​សៀមរាប នា​ខេត្តសៀមរាប​។​

​សម្តេច​ប្រធានរដ្ឋសភា​បាន​គូសបញ្ជាក់ថា ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​APPF នៅលើ​ទឹកដី​អង្គរ​នេះ បានផ្តល់​គោល​គំនិត​និង​ទស្សនៈវិស័យ​វែងឆ្ងាយ​និង​បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ជា​គន្លឹះ​ដើម្បី​ស្ថាបនា​រួមគ្នា​នូវ​តំបន់​មួយ មាន​សុខសន្តិភាព ស្ថិរភាព សុខដុមរមនា និង​ការអភិវឌ្ឍ​ប្រកបដោយ ចីរភាព ដែលជា​សេចក្តីប្រាថ្នា​រួម​របស់​ប្រជាជាតិ​។

​សម្តេច​បន្តថា​កិច្ចប្រជុំ​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ​ពិតជា​បាន​ដំណើរការ​ទៅ​យ៉ាង​មមាញឹក​ក្នុង​បរិយាកាស​មិត្តភាព​សាមគ្គីភាព​សហប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ​និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​សម្រេចបាន​នូវ​សេចក្តីសម្រេច​សំខាន់ៗ​។​សន្តិភាព​នៅក្នុង​តំបន់​និង​សកលលោក​គឺជា​កត្តា​ចម្បង​ចាំបាច់​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ​។​

​សូមជម្រាបថា​កិច្ចប្រជុំ​លើក​ទី​២៧ APPF​បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធានបទ​“​ពង្រឹង​ភាពជា​ដៃគូ​សភា ដើម្បី​សន្តិភាព​សន្តិសុខ​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​”​ដោយបាន​ប្រជុំ​ពិភាក្សាគ្នា​លើ​វិស័យ​ចំនួន​៤ គឺ កិច្ចប្រជុំ​សមាជិកសភា​ស្ត្រី​APPF វិស័យ​សហប្រតិបត្តិកា​រ​តំបន់ វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង​វិស័យ​នយោបាយ​និង​សន្តិសុខ​ដែល​សរុប​មាន​សេចក្តីព្រាង​សេចក្តីសម្រេច​ចំនួន​៤៣​ដែល​ប្រទេស​សមាជិក​APPF​លើកឡើង​ហើយ​ជា​ចុងបញ្ចប់​កិច្ចប្រជុំ​APPF​បានធ្វើ​សំយោគ​បញ្ចូលមក​នៅត្រឹម​១៥​សេចក្តីព្រាង​សេចក្តីសម្រេច​។ ​

កិច្ចប្រជុំ​បានអនុម័ត​លើ​សេចក្តីព្រាង​សេចក្តីសម្រេច​ចំនួន​១៤​ដោយ​ទុក​សេចក្តីព្រាង​សេចក្តីសម្រេច​មួយ​បន្ត​ពិភាក្សា​នៅ​ប្រទេស​អា​ស្ត្រា​លី នៅ​ឆ្នាំ​២០២០​ទៀត​។​ថ្លែង​ក្នុង​ពិធី​បិទ​កិច្ចប្រជុំ APPF លើក​ទី​២៧ សម្តេច​ប្រធាន បាន​គូសបញ្ជាក់ថា​៖ អ្វី​ដែលជា​លទ្ធផល​នៃ​សេចក្ដីសម្រេច​នានា ដែល​បានអនុម័ត នៅក្នុង​កិច្ចប្រជុំ​រយៈពេល​បី​ថ្ងៃ​មកនេះ​បាន​សំដៅ​ដល់​ការដោះស្រាយ​បញ្ហា​រួម​ក្នុង​តំបន់​ដែលមាន​ដូចជា​ការកសាង​ទំនុកចិត្ត​គ្នា​ទៅវិញទៅមក​ការប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម​និង​បទល្មើស​តាម​ប្រព័ន្ធ​អ៊ិន​ធឺ​ណេ​ត​ការទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​លើ​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ ជាដើម​។​

​សម្តេច​ប្រធាន​APPF​បាន​សង្កត់ធ្ងន់ថា​ជាការ​ពិតណាស់​សន្តិភាព​និង​ស្ថេរភាព​ជា​បុ​រេល​ក្ខ​ខ័​ណ្ឌ​ដ៏​ចាំបាច់​សម្រាប់​ការកសាង និង​អភិវឌ្ឍ​សង្គម ជាតិ​។ បើ​ប្រទេសមួយ កំពុងស្ថិត​នៅក្នុង​គ្រោះមហន្តរាយ មាន​សង្គ្រាម ឬ​អស្ថិរភាព​នោះ គ្មានទេ​ការអភិវឌ្ឍ និង​ភាពរុងរឿង​របស់​ប្រទេសជាតិ​។
​សម្តេច​បាន​មានប្រសាសន៍​បន្តថា​“​សន្តិភាព​និង​ការអភិវឌ្ឍ​”​ត្រូវ​ដើរ​ទន្ទឹមគ្នា​។​

​បើ​ប្រទេសមួយ​មានតែ​សន្តិភាព​ប៉ុន្តែ​គ្មាន​ការអភិវឌ្ឍ​រីកចម្រើន​ប្រទេស​នោះ​ក៏​មិន​អាចមាន​សន្តិភាព​នៅ​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​បានឡើយ​ដូច្នេះ​យើង​ត្រូវ​បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ នយោបាយ​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​។

​ប្រទេស​នីមួយៗ​ត្រូវការ​ពឹងផ្អែក​សេដ្ឋកិច្ច​គ្នា​ទៅវិញទៅមក​ដើម្បី​ទទួលបាន​នូវ​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យា​ប័ន្ន​និង​វិបុលភាព​។​ក្នុងន័យនេះ​ពាណិជ្ជកម្ម​និង​វិនិយោគ​គឺជា​ចលករ​ដ៏​សំខាន់​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ជាតិ​រប​ស់​យើង “​នេះ​ជាការ​គូសបញ្ជាក់​របស់​សម្តេច​ប្រធាន​APPF លើក​ទី​២៧​។​

​សូមបញ្ជាក់ថា​ប្រទេស​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​APPF​លើក​ទី​២៨​បន្ត​ពី​កម្ពុជា​គឺ​ប្រទេស​អូស្ត្រាលី ដែល​ត្រូវ​ទទួល​ធ្វើ​ម្ចាស់​ជា​ផ្ទះ​កិច្ចប្រជុំ​លើក​ទី​២៨ នៅ​ឆ្នាំ​២០២០​។ ចំណែក​សាធារណរដ្ឋ​កូរ៉េ ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ APPF លើក​ទី​២៩ នៅ​ឆ្នាំ​២០២១​។ នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​លើក​ទី​២៧​នេះ សភា​កម្ពុជា​បានប្រគល់​ទង់​APPF ដល់​ប្រទេស​អូស្ត្រាលី ដែល​ទទួល​វេន​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ APPF ផងដែរ​។​

គួររម្លឹកថា​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​ដែល​ហៅ​កាត់​ថា​APPF​ជា​បណ្តុំ​សភា​ធំ​មួយ​ដែលមាន​សមាជិក​២៧​ប្រទេស​។​APPF​តែងតែ​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់ខ្លួន​ដោយ​សភា​ប្រទេស​ជា​សមាជិក​ប្តូរ​វេន​គ្នា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ច​ជុំ​ប្រចាំឆ្នាំ​ជា​ទៀត​ទាត់ ក្នុងការ​ប្រមូលផ្តុំ​សំឡេង​តំណាង​ពលរដ្ឋ ដោះស្រាយ​បញ្ហា​រួម ពង្រឹង​កិច្ចសហប្រតិបត្តិការ​និង​សាមគ្គីភាព​ក្នុង​គ្រួសារ​APPF​ក្នុង​គោលបំណង​កសាង​សុខសន្តិភាព​នៅក្នុង​តំបន់ និង​ពិភព​- លោក​ប្រកបដោយ​ចីរភាព​៕S/

ចំណងជើង​រូ​បថ​តៈ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧​នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​ដែល​សភា​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​