សេចក្តីព្រាងច្បាប់ការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្នទៅដល់រដ្ឋសភា

222
ចែករម្លែក
សម្តេចតេជោហ៊ុនសែន

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន បានទៅដល់ដៃរដ្ឋសភាហើយ ដែលគ្រោង នឹងពិនិត្យលើសេចក្តីព្រាងច្បាប់នោះនៅសប្តាហ៍ក្រោយ។ 

យោងតាមមន្ត្រីនាំពាក្យរដ្ឋសភាលោកឡេង ប៉េងឡុង សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នឹងត្រូវលើកទៅពិភាក្សាក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃអង្គារ៍ ទី៧ ខែមេសា សប្តាហ៍ក្រោយ។ ហើយសេចក្តីព្រាងច្បាប់ដែលដាក់ជាការប្រញាប់នេះ អាចនឹងដាក់ទៅពិភាក្សា និងអនុម័ត នៅសប្តាហ៍ក្រោយយដដែលនោះតែម្តង។ 

សេចក្តីព្រាងច្បាប់នេះ មាន៥ជំពូក និង១១មាត្រា ដែលត្រូវបានរៀបចំឡើង ដើម្បីដឹកនាំជាតិនៅពេលដែលប្រទេសត្រូវបានប្រកាសដាក់ក្នុងភាពអាសន្ន។ យោងតាមមាត្រា៣នៃសេចក្តីព្រាងច្បាប់ ការ កំណត់ថិរវេលាសម្រាប់ការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន គឺមិនឲ្យលើសពី៣ខែ ហើយឋិរៈវេលា នេះ អាចត្រូវបានបន្តក្នុងលក្ខខណ្ឌដូចគ្នា។ មាត្រា៥ត្រង់កថាខណ្ឌចុងក្រោយនៃសេចក្តីព្រាងច្បាប់បានសរសេរ ថា «…ក្នុងពេលសង្គ្រាមឬកាលៈទេសដទៃទៀតដែលសន្តិសុខជាតិប្រឈមមុខនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ    ការគ្រប់ គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នដោយរាជរដ្ឋាភិបាលអាចធ្វើឡើងតាមរបបអាជ្ញាសឹក»។ មាត្រាមួយដទៃ ទៀតក្នុងជំពូកទី៤ស្តីពីទោសប្បញ្ញតិ្ត បានចែងថា អាជ្ញាធរមានសមត្ថកិច្ចដែលប្រើ ប្រាស់សិទ្ធិអំណាចដោយ រំលោភដើម្បីធ្វើតាមទំនើងចិត្តហើយបង្កការខូចខាតដល់រូបរាងកាយ ឬទ្រព្យសម្បត្តិអ្នកដទៃ ត្រូវទទួលខុស ត្រូវនូវអំពើដែលខ្លួនបានប្រព្រឹត្ត។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន បានធ្វើលិខិតមួយស្នើចំពោះសម្តេចប្រធានព្រឹទ្ធសភាដើម្បីគ្រោងកោះប្រជុំវិសាមញ្ញមួយក្នុងពេលដែលសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន កំពុងស្ថិតក្នុង ដៃរដ្ឋសភា៕