សេស ហ្វា​ប្រេ​ហ្គាស សម្រក់​ទឹកភ្នែក​នៅពេល​បញ្ចប់​អាជីព​ជាមួយ​ឆេ​ល​ស៊ី​

497
ចែករម្លែក

សេស ហ្វា​ប្រេ​ហ្គាស (Cesc Fabregas) និយាយ​លា​អ្នកគាំទ្រ​ជា​លើកចុងក្រោយ​ទាំង​ទឹកភ្នែក បន្ទាប់ពី​កីឡាករ​រូបនេះ​ត្រូវបាន​ប្តូរ​ចេញ​ពេល​ក្រុម​ឆេ​ល​ស៊ី​យកឈ្នះ​ក្រុម Nottingham Forest ។ ហ្វា​ប្រេ​ហ្គាស បង្ហាញមុខ​៥០១​លើក​ក្នុង​វិស័យ​បាល់ទាត់​អង់គ្លេស​។​
​ ​
ហ្វា​ប្រេ​ហ្គាស គឺជា​ប្រធាន​ក្រុម ហើយ​ទាត់​ប៉េ​ណា​ល់​ទី​មិនបាន​សម្រេច​នៅ​តង់​ទី​១ ប៉ុន្តែ​ក្រុម ឆេ​ល​ស៊ី​នៅតែ​អាច​យកឈ្នះ​ក្រុម Nottingham ២-០ ដែល​រក​គ្រាប់​បាល់​ដោយ​ខ្សែប្រយុទ្ធ អាល​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា (Alvaro Morata) ។​
​ ​
កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៣១​រូបនេះ បាន​ចាក​ចេញពី​ទីលាន​ទាំង​ទឹកភ្នែក ខណៈ​ត្រូវបាន​ជំនួស ដោយ​កីឡាករ អឹ​ន​ហ្គោ​ឡូ កាន​តេ (N`Golo Kante) ស្របពេល​មានការ​ទះដៃ​សាទរ​និង​ការ ស្វាគមន៍​ពី​គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ផងដែរ​។​
​ ​
​ហ្វា​ប្រេ​ហ្គាស បានបង្ហាញ​មុខ​១៩៨​លើក​សម្រាប់​ក្រុម​ឆេ​ល​ស៊ី​នៅ​គ្រប់​ក្របខណ្ឌ​ប្រកួត និង​រកបាន​២២​គ្រាប់ ចាប់តាំងពី​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ពី​ក្លិប បា​សេ​ឡូ​ណា​(Barcelona) កាលពី​ឆ្នាំ​២០១៤​។​
​ ​
គេ​រំពឹងថា គោលដៅ​បន្ទាប់​របស់​អតីត​ខ្សែបម្រើ​របស់ អា​សេណ​ល​(Arsenal) រូបនេះ​គឺ​ក្លិប មូ​ណា​កូ​(Monaco) ។ ហ្វា​ប្រេ​ហ្គាស បាន​និយាយថា ”​ពេលវេលា​ដើរ​លឿន​ណាស់​។ ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ទើប​ចាប់ផ្តើម​អាជីព​បាល់ទាត់​កាលពី​សប្តាហ៍​មុន​អីចឹង ហើយ​នៅពេលនេះ មាន​រយៈពេល​ជាង​១៥​ឆ្នាំ​ហើយ​។ វា​ដើរ​លឿន​ណាស់ ហើយ​អ្នក​ត្រូវ​ត្រៀមខ្លួន​រៀងរាល់​បី​ថ្ងៃ​ម្តង ប្រឈមមុខ​នឹង​ការរិះគន់​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែបម្រើ សេស ហ្វា​ប្រេ​ហ្គាស (Cesc Fabregas)