សែលកាតប្រកាសដាក់ប្រើប្រាស់បច្ចេកវិទ្យា5G របស់ខ្លួនជាលើកដំបូងនៅកម្ពុជា

351
ចែករម្លែក

ដោយ៖ដេប៉ូ/ភ្នំពេញ៖ ក្រុមហ៊ុនសែលកាតកាលពីថ្ងៃទី២៧ខែមីនាឆ្នាំ២០២០ បានប្រកាសដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា 5G ជាលើកដំបូងនៅកម្ពុជា លើសេវាកម្មឱសថសាស្រ្តតាមបច្ចេកវិទ្យាឌីជីថល(Telemedicine) តាមទីតាំងចំនួនបួននៅទូទាំងរាជធានីភ្នំពេញ ដើម្បីជួយប្រជាជនកម្ពុជាទាំងមូល ដែលរងប៉ះពាល់ធ្ងន់ធ្ងរក្នុងអំឡុងពេលមានដែលមានវិបត្តិ Covid-19នេះ ។

ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័ត ដែលបានបំរើប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៧មកហើយដោយមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរមួយនេះបានឱ្យដឹងថាការប្រកាសដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា5Gនេះរំពឹងថានឹងជួយដល់ក្រុមវេជ្ជបណ្ឌិតជួរមុខនៅទីក្រុងភ្នំពេញ ក្នុងការពិនិត្យ និងវាយតម្លៃអ្នកជម្ងឺទូទាំងប្រទេសតាមរយៈតំណភ្ជាប់ (Video conference link)ការខលវីដេអូជាក្រុម ទៅកាន់ទូរស័ព្ទចល័ត និងឧបករណ៍នានានៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

ព្រមជាមួយគ្នាសេវាកម្មនេះ អាចត្រូវបានប្រើដើម្បីភ្ជាប់ទៅតាមផ្ទះអ្នកជំងឺ នៅតាមគ្លីនិក ឬមន្ទីរពេទ្យផ្សេងៗទៀត។វេជ្ជបណ្ឌិតគ្រប់រូប នឹងអាចផ្តល់នូវការព្យាបាលតាមបែបវេជ្ជសាស្រ្ត ការប្រឹក្សាយោបល់ និងការព្យាបាលតាមលក្ខណៈស្តង់ដារ តាមពេលវេលាជាក់ស្តែង ក៏ដូចជាការអប់រំសម្រាប់អ្នកជំងឺ និងការពិគ្រោះយោបល់ និងការត្រួតពិនិត្យសម្រាប់ក្រុមវេជ្ជសាស្ត្រនៅនឹងកន្លែង។

គួរបញ្ចាក់ថាកាលពីថ្មីៗនេះ ក្រុមហ៊ុនសែលកាត ដែលបានបង្ហាញពីល្បឿនបច្ចេកវិទ្យា 5G របស់ខ្លួន ដែលមានល្បឿនរហូតដល់ 1.6 ជីហ្គាបៃក្នុងមួយវិនាទី នឹងមានការតំឡើងសេវាកម្មនេះនៅតាមបណ្តាទីតាំងមួយចំនួនដូចជា៖មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត,មណ្ឌលសុខភាពចាក់អង្រែ,ក្រសួងសុខាភិបាល,ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។

បើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនមួយនេះបានឱ្យដឹងដែរថាក្រុមការងារសែលកាតកំពុងតែស្ថិតក្នុងដំណាក់កាលរៀបចំផែនការចុងក្រោយរបស់ខ្លួន សម្រាប់ដំណោះស្រាយដែលនឹងត្រូវដាក់អោយដំណើរការនៅថ្ងៃទី ៣០ ខែមីនាឆ្នាំ ២០២០ ខាងមុខនេះ។

លោក អៀន វ៉ាត់សុន( Ian Watson) ដែលជានាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បាននិយាយថា សេវាកម្មឱសថសាស្រ្តតាមបច្ចេកវិទ្យាឌីជីថល (Telemedicine) នេះនឹងក្លាយជាជំហានដំបូងដ៏សំខាន់ ដែលជាការផ្តល់នូវចក្ខុវិស័យរបស់លោកអគ្គនាយក សម្រាប់ប្រទេសកម្ពុជា ដែលមានលក្ខណៈឌីជីថលពេញលេញ៕