សំណង់​មួយកន្លែង​បំពាន​ច្បាប់​អនុញ្ញាត​បង្ក​ហានិភ័យ​ដល់​អ្នកជិតខាង​តាំងពី​ចាប់ផ្តើម​ដំណើរការ​

929
ចែករម្លែក
  • 360
    Shares

​ដោយ​៖​បូកគោ​/​កំពត​៖​សំណង់ផ្ទះ​បែប​ទំនើប​មួយកន្លែង​ដោយ​ច្បាប់​អនុញ្ញាត​ត្រឹម​ពីរ​ជាន់​បែរជា​ម្ចាស់​ហ៊ាន​បំពាន​សាងសង់​រហូតដល់​ប្រាំ​ជាន់​ដែល​មកដល់ពេលនេះ​សម្រេច​រួចរាល់​ប្រហែល​៩០​ភាគរយ​នោះបាន​បង្ក​ភាពភ័យខ្លាច​សម្រាប់​អ្នកជិតខាង​តាំងពី​ចាប់ផ្តើម​ដំណើរការ​ម្ល៉េះ​។​

ព្រោះតែ​រង​នូវ​ការខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​ព្រមទាំង​ប្រឈម​នឹង​គ្រោះថ្នាក់​ជាយថាហេតុ​អ្នកជិតខាង​បាន​ឈានដល់​ដំណាក់កាល​ដាក់​បណ្តឹង​ចូល​តុលាការ​បន្ទាប់ពី​អាជ្ញាធរ​សម្របសម្រួល​រួចរាល់​តែ​មិន​ទទួលបាន​យុត្តិធម៌​ក្នុងនាម​ជា​ជនរងគ្រោះ​នោះ​។​

អ្នកស្រី ផេ​ក ច​ន្ធា រស់នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​បាន​រៀប រាប់​ថា​ក្រុមគ្រួសារ​របស់​អ្នកស្រី​បាន​រង​នូវ​ភាពអយុត្តិធម៌​ពី​ម្ចាស់​សំណង់​ជាប់​ព្រំប្រទល់​ដី​ដោយសារ​ការដ្ឋាន​សំណង់​របស់​ឈ្មោះ​ស៊ុន​សូង​នេះ​បាន​បង្ក​ភាពភ័យខ្លាច​ដូចជា​ការធ្លាក់​សម្ភារៈ​សំណង់​បណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​។​ក្រុម​ជាង​នៅតែ​បន្តសកម្មភាព​ទោះបី​មាន​លិខិត​របស់​មន្ទីរ​សុរិយោដី​ខេត្ត​តម្រូវឱ្យ​ផ្អាក​ជា​បណ្តោះអាសន្ន​ក្តី​។​

​ព្រោះតែ​ភាព​រឹងរូស​មិន​គោរព​ច្បាប់ទម្លាប់​បែប​នោះ​ទើប​អ្នកស្រី​សម្រេច​ដាក់​បណ្តឹង​ចូល​តុលាការ​ដើម្បី​ទទួលបាន​យុត្តិធម៌​រាល់​ការខូចខាត​និង​ភាពភ័យខ្លាច​ដែល​បានកើត​ឡើង​នេះ​។​ម្ចាស់​លំនៅស្ថាន​រងគ្រោះ​បាន​រៀបរាប់​ពី​ដំណើររឿង​ថា​សំណង់​នេះ​ស្ថិតនៅ​ផ្នែក​ខាងលិច​ជាប់​ជាមួយ​ព្រំដី​ក្រោយ​ផ្ទះ​របស់​អ្នកស្រី​។​

មុននឹង​បើ​ការដ្ឋាន​ម្ចាស់​បាន​ច្បាប់​អនុញ្ញាត​ពី​ការិយាល័យ​ភូមិបាល​ក្រុង​កំពត​ចុះ​ថ្ងៃទី​១៥​ខែកញ្ញា​ឆ្នាំ​២០១៧​ដោយ​ត្រូវ​សង់​ឃ្លាត​ពី​ព្រំ​១១​ម៉ែត្រ​តែ​ពេល​សាងសង់​បែរជា​ធ្វើ​ជាប់​ព្រំ​ដែល​ងាយ​បង្ក​គ្រោះ​ថា្នក់​ទើប​អ្នកស្រី​ដាក់​បណ្តឹង​ចូល​សាលាក្រុង​កំពត​ដើម្បីឱ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​។

​កាលនោះ​លោក​ស៊ុន​សូង​មិន​ចូល​សម្របសម្រួល​ទេ​តែ​ឈ្មោះ​សូង​វណ្ណា​រ៉ា​ជា​តំណាង​បាន​យល់ព្រម​លើ​ចំណុច​មួយចំនួន រួមមាន សម្អាតផ្ទះ​ជូន​អ្នកស្រី បិទបាំង​ការដ្ឋាន​ឱ្យ​ជិត មិន​ដាក់​ទ្វារ បង្អួច ឥដ្ឋ​ខ្យល់ ឬ​ប្រហោង​អ្វីមួយ​ចូលមក​ខាង​ផ្ទះ​អ្នកស្រី​ពេល​សង់​ដល់​ជាន់​ទី​ប្រាំ​ត្រូវ​រៀប​ឥដ្ឋ​ជញ្ជាំង​ថយក្រោយ​មួយ​ម៉ែត្រ​កន្លះ​និង​មិន​ជំទាស់​ពេល​អ្នកស្រី​សុំ​សាងសង់​ជាប់​ព្រំ​វិញ​។​ចំណែក​អ្នកស្រី​បានអនុញ្ញាត​ឱ្យ​ដាក់​រន្ទា​ចូលក្នុង​ដី​ដើម្បី​បាំង​ស័ង្កសី​កុំឱ្យ​ធ្លាក់​របស់របរ​ផ្សេងៗ​ចូល ។

​ប៉ុន្តែ​ពេល​សាងសង់​ដល់​ជាន់​ទី​ប្រាំ​សកម្មភាព​មាក់ងាយ​បាន​បន្ត​កើតឡើង​ចំពោះ​អ្នកស្រី​ដោយ​សម្ភារៈ​ផ្សេងៗ​ដូចជា​កាក​ស៊ីម៉ង​តិ៍​កំណាត់​ដែក​ឥដ្ឋ​បាន​ធ្លាក់​បណ្តាលឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​របស់​អ្នកស្រី​ពិសេស​ការ​បាំងជញ្ជាំង​មិនបាន​បង្ខិត​ចូល​ដូច​កិច្ចព្រមព្រៀង​ទើប​នៅ​ថ្ងៃទី​១៣​ខែធ្នូ​ឆ្នាំ​២០១៨​អ្នកស្រី​ដាក់ពាក្យ​បណ្តឹង​ចូល​មន្ទីរ​សុរិយោដី​រហូត​ឈានដល់​មាន​លិខិត​ផ្អាក​ការដ្ឋាន​សំណង់​ចាប់ពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៨​។

អ្នកស្រី​ផេ​កច​ន្ធា​បាន​បញ្ជាក់ថា​ទោះបី​មន្ទីរជំនាញ​បានចេញ​លិខិត​ផ្អាក​រួចហើយ​ក្តី​រហូតមកដល់​រសៀល​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០១៩​ការដ្ឋាន​នៅតែ​បន្តសកម្មភាព​ដោយ​គ្មាន​កោតញញើត​ផ្នែក​ណាមួយ​ឡើយ​។​ម្ល៉ោះហើយ​អ្នកស្រី​ត្រូវតែ​សម្រេចចិត្ត​បន្ត​ដាក់​បណ្តឹង​ចូល​តុលាការ​ដើម្បី​ទទួលបាន​នូវ​ការ​ប៉ះប៉ូវ​ជៀស​ផុតពី​ភាពភ័យខ្លាច​ពិសេស​ទទួលបាន​យុត្តិធម៌​ដែល​ផ្តល់ជូន​ដោយ​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ​។​

​ជា​មូលដ្ឋាន​ដែល​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ចេញ​លិខិត​ផ្អាក​ការដ្ឋាន​សំណង់ ខាងលើ​បន្ទាប់ពី​ក្រុមការងារ​ជំនាញ​ទទួល​បណ្តឹង​របស់​ឈ្មោះ​ផេ​កច​ន្ធា​ពាក់ព័ន្ធ​ករណី​មិន​អនុវត្តតាម​កិច្ចសន្យា ដែល​បាន​ព្រមព្រៀង និង​លទ្ធផល​នៃ​ចុះ​តាមដាន​រកឃើញ​កំហុស​មួយចំនួន ដូចជា លិខិត​របស់​រដ្ឋបាល​ក្រុង​កំពត​ចេញ​ឱ្យ​សាងសង់​ជាន់​ផ្ទាល់​ដី និង​ជាន់​ទីមួយ គម្លាត​ខាងត្បូង​២​ម៉ែត្រ និង​គម្លាត​ខាងកើត​១១​ម៉ែត្រ​។​

​ប៉ុន្តែ​ជាក់ស្តែង​លោក​ស៊ុន​សូង​បាន​អនុវត្ត​ខុសពី​លិខិតអនុញ្ញាត​ដោយ​សង់​រហូតដល់​ប្រាំ​ជាន់​និង​សង់​ខាងកើត​ជាប់​ព្រំដី​របស់​ឈ្មោះ​ផេ​កច​ន្ធា​និង​ព្រំ​អ្នក​នៅ​ផ្នែក​ខាងត្បូង​ថែមទៀត​។​ដូច្នេះ​សំណង់​នេះ​ត្រូវ​ផ្អាក​ការដ្ឋាន​ជា​បណ្តោះអាសន្ន​តម្រូវ​បន្ត​នីតិវិធី​ស្នើសុំ​លិខិតអនុញ្ញាត​សាងសង់​ពី​រដ្ឋបាលខេត្ត​ទើប​អាច​ដំណើរការ​បន្តបាន​។

​ទោះបី​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ជា​អ្នកចេញ​លិខិត​ផ្អាក​ការដ្ឋាន​ខាងលើ​ក្តី​ពេល​សួរនាំ​នា​រសៀល​ថ្ងៃទី​៨​ខែមីនា​ឆ្នាំ​២០១៩​ពី​ការធ្វើ​ច្បាប់​អនុញ្ញាត​ឡើងវិញ​ដំណើរការ​ដល់​ណា​?​លោក​ប្រធាន​យិន​វុ​ឌ្ឍ​បានបញ្ជាក់​តាម​ទូរ​សព្ទ​ថា​សំណង់​នោះគេ​បានធ្វើ​ច្បាប់​នៅ​ការិយាល័យ​ច្រកចេញចូល​តែមួយ​។​ដូច្នេះ​អាច​សាកសួរ​ទៅ​រដ្ឋបាល​ក្រុង​ទើប​លម្អិត​ប៉ុន្តែ​ម្ចាស់​សំណង់​បានធ្វើ​ខុសពី​លិខិត​ដែល​អនុញ្ញាត​ត្រឹម​ពីរ​ជាន់​។​

​លោក​បេង​សំណាង​ប្រធានការិយាល័យ​ភូមិបាល​ក្រុង​កំពត​បាន​បញ្ជាក់ថា​ក្រុមការងារ​បាន​ចុះទៅ​ផ្អាក​ការដ្ឋាន​ព្រមទាំង​ដកហូត​សម្ភារៈ​ឧបករណ៍​កាលពី​មួ​យស​ប្តា​ហ៍​មុន​។​អាច​សំអាងថា​ថ្ងៃនេះ​ជា​ថ្ងៃ​សម្រាក​របស់ មន្ត្រីរាជការ​ទើប​គេ​បន្ត​លួច​ធ្វើ​។ លោក​នឹង​បញ្ជូន​មន្ត្រី​ឱ្យ​ចុះទៅ​មើល​ដើម្បី​ហាមឃាត់​៕S/​