ស្ត្រីជន​ជាតិចិន​ម្នាក់​ទទួលបាន​សំណង​ជិត​៥០​ម៉ឺន​ដុល្លារ​ពី​អាជ្ញាធរ​អាមេរិក​

1247
ចែករម្លែក

​ពាណិជ្ជករ​ជនជាតិ​ចិន​ម្នាក់ ដែល​ត្រូវបាន​មន្ត្រី​ព្រំដែន​អាមេរិក ម្នាក់​វាយដំ​ឱ្យ​របួសធ្ងន់ ដោយសារ ច្រឡំ​មនុស្ស​តាំងពី​ឆ្នាំ​២០០៤​ទីបំផុត ទទួលបាន​សំណង ហើយ​សម្រាប់​ការឈឺចាប់​ដែល​គាត់ ទទួលរង ។​
​ ​
​អំឡុងពេល​គាត់​ទៅលេង​នៅ តំបន់​ទឹកធ្លាក់​ណាយ​អា​ហ្គា​រ៉ា ហ្វ​ល (Niagara Falls) ជិត​ព្រំដែន​អាមេរិក​-​កាណាដា កាលពី​១៣​ឆ្នាំមុន​អ្នកស្រី ចាវ យ៉ាន (Zhao Yan) ត្រូវបាន​មន្ត្រី​ព្រំ ដែន​អាមេរិក​ម្នាក់​ឈ្មោះ​រ៉ូបឺត រ៉​ត​ស៍ (Robert Rhodes) បាញ់​ទឹក​ម្រេច​ដាក់ ភ្នែក ហើយ​វាយ​យ៉ាងដំណំ​ដោយ​ច្រឡំ ថា គាត់​ជា​ជន​ជួញដូរ​គ្រឿងញៀន​។​
​ ​
​អ្នកស្រី​ចាវ​អះអាងថា លោក រ៉​ត​ស៍​នៅតែ​វាយ​គាត់ ទោះបីជា​គាត់​បង្ហាញ​ប័ណ្ណសម្គាល់ខ្លួន របស់គាត់​ក្តី ។ ក្រោយពី​ហេតុការណ៍​នេះ​អ្នកស្រី​បាន ប្រាប់​អ្នកយកព័ត៌មាន​ថា គាត់​ចាប់ផ្តើម ឈឺក្បាល​ខ្លាំង និង​ឈឺ​ខ្នង ។ ក្រោយ មកទៀត​គាត់​និយាយថា ជម្លោះ​ក្តីក្តាំ​ក្នុង​រឿងនេះ​បានធ្វើ ឱ្យ​គាត់​មាន​បញ្ហា​ផ្លូវចិត្ត ធ្ងន់ធ្ងរ​ធ្វើឱ្យ​គាត់​ធ្វើ​ការងារ​មិនកើត និង ខ្លាច​ប៉ូលិស​បាក់ស្បាត ។​
​ ​
​សារព័ត៌​មានបាន​ដកស្រង់​សម្តី របស់​អ្នកស្រី ចាង ថា “​កាលពីមុន​ខ្ញុំ ធ្លាប់ ទៅ​ប្រទេស​ជាច្រើន សម្រាប់​គោលបំណង ពាណិជ្ជកម្ម​ហើយ​សហរដ្ឋអាមេរិក​ជា ប្រទេស ដែល​ឃោរឃៅ​បំផុត​” ។​
​ ​
​អ្នកស្រី​បានដាក់​ពាក្យបណ្តឹង ទាមទារ​សំណង​១០​លាន​ដុល្លារ តាំងពី ឆ្នាំ​២០០៦ ។ ប៉ុន្តែ​ទើបតែ​ថ្មីៗ​នេះ ប៉ុណ្ណោះ​ដែល​តុលាការ​អាមេរិក​សម្រេច ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​ស្ត្រី​រូបនេះ​ចំនួន ៤៦១.០០០​ដុល្លារ ។​
​ ​
​ចំណែកឯ​លោក​រ៉​ត​ស៍ត្រូវ​បាន បញ្ឈប់​ពី​ការងារ និង​ចោទប្រកាន់ ក្រោយពី​ហេតុការណ៍​នេះ ប៉ុន្តែ​នៅ ឆ្នាំ​បន្ទាប់​គាត់​បាន​រួច​ផុតពី​ចោទប្រកាន់ និង​ត្រូវគេ​ទទួល​ឱ្យចូល​ធ្វើការ​ងារ​វិញ ៕ ប្រែ​សម្រួលៈ ខុម​