ស្ត្រី​លក់​ឡេ​តាម​អន​ឡាញ​ក្លាយជា​អ្នកមាន​មួយ​រំពេច​ក្រោយ​ឈ្នះ​រង្វាន់​ធំ​

421
ចែករម្លែក

ដោយ​: ដេប៉ូ / ភ្នំពេញ​: ពិតជា​មានសំណាង​ទៅលើ​ស្ត្រី​មួយរូប ដែលជា​អ្នកលក់​ឡេ​តាម​អន​ឡាញ​ខ្លាំងណាស់ ដោយបាន​ឈ្នះ​ប្រាក់រង្វាន់​រហូតដល់​១០​ម៉ឺន​ដុល្លារ ដោយ​គ្រាន់តែ​គាត់​បាន​ផ្សងសំណាង​ផ្ញើ​សារ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​ប៉ុណ្ណោះ​។​

​ស្ត្រី​ដែលមាន​សំណាង​ខ្ពស់​ឈ្នះ​ប្រាក់រង្វាន់​ធំ​រូបនេះ​មានឈ្មោះ ព្រីង​សុខ​ឃីម សព្វថ្ងៃ​រស់នៅ​ភូមិ​សំរោង ឃុំទ្រា ស្រុក សំរោង​ខេត្តតាកែវ​។​ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​ដែល​ស្ត្រី​រូបនេះ​បានឈ្នះ​គឺ​កាលពី​ថ្ងៃទី​៧​ខែវិច្ឆិកា ហើយ​ឈាន​មកដល់​ល្ងាច​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ត្រូវបាន​គេ​ប្រគល់​រង្វាន់​ជូន​រួច​រាល់​ផងដែរ​។​

​ជុំវិញ​ការ​ឈ្នះ​ប្រាក់រង្វាន់​នេះដែរ អ្នកស្រី ព្រីង​សុខ​ឃីម​ដែលមាន​មុខរបរ​ជា​អ្នកលក់​ឡេ​តាម​អន​ឡាញ​បានឱ្យដឹងថា “​កាល​ពីមុនមក​ខ្ញុំ​មិនដែល​ដឹងថា​ផ្ញើ​សារ​ឈ្នះ​រង្វាន់​បែបនេះ​ទេ ប៉ុន្តែ​ក្រោយពី​ប្អូនថ្លៃ​ខ្ញុំ​ម្នាក់​បានឈ្នះ​ប្រាក់រង្វាន់​នេះ​ខ្ញុំ​ក៏​សាក​ល្បងមើល​ដែរ​។​ក្រោយ​សាកល្បង​អស់​រយៈពេល​ជាង​៦​ខែ​មកនេះ​ ទីបំផុត​ខ្ញុំ​បានឈ្នះ​១០​ម៉ឺន​ដុល្លារ​តែម្តង​។​វា​ពិតជា​អស្ចារ្យ​និង​ខ្ញុំ​មិន​នឹកស្មាន​ដល់​ទេ​”​។​

ដោយ​បង្ហាញ​ក្តីរំភើប​រីករាយ​ពេល​មក​ទទួល​ប្រាក់រង្វាន់​ជាមួយ​ក្រុមគ្រួសារ​នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន​សែ​ល​កាត​ក្នុង​រាជធានី​ភ្នំពេញ ​ស្ត្រី​រូបនេះ​បានឱ្យដឹង​ដែរ​ថា ​ប្រាក់រង្វាន់​នេះ​គាត់​នឹង​យកទៅ​ពង្រីក​មុខរបរ​បន្ថែម​ទៀត​។​ក្រៅពីនេះ​ប្រាក់រង្វាន់​ទាំងអស់នេះ​ក៏​សម្រាប់​ទុក​ផ្គត់ផ្គង់​គ្រួសារ​ទៅ​ថ្ងៃក្រោយ​ផងដែរ​៕ ល​/Ha