ស្ថានភាព​សន្តិសុខ​ប្រឡង​បាក់​ឌុប​ទាំង​៨​មណ្ឌល នៅ​ខេត្តកំពង់ឆ្នាំង មួយ​ព្រឹក​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​និង​ស្ងប់ស្ងាត់​ល្អ​

306
ចែករម្លែក

​ដោយ​:សន សក្តា/​កំពង់ឆ្នាំង ៖ ការប្រឡង​សញ្ញាបត្រ​មធ្យម​​សិក្សា​ទុតិយភូមិ​ឬ​បាក់​ឌុប សម័យ​ប្រឡង ១៩ សីហា ២០១៩ នៅ​ថ្ងៃ​ដំបូង​បានចាប់ផ្តើម​ដំណើរ​ហើយ នៅ​គ្រប់​មណ្ឌល​ប្រឡង​ទាំង​៨ នៅក្នុង​ខេត្តកំពង់ឆ្នាំង ។

​ជាក់ស្តែង​នៅ​ព្រឹក​នេះ​បេក្ខជន​ត្រូវ​ប្រឡង​វិញ្ញាសា​ចំនួន​ពីរ​គឺ ប្រវត្តិវិទ្យា​និង ជីវវិទ្យា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​។ ផែនដី និង​បរិស្ថានវិទ្យា និង​ប្រវត្តិវិទ្យា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។​

​ដំណើរការ​សំណេរ​មួយ​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា នេះ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ល្អ មិនមាន​បាតុភាព មិន​ប្រក្រតី​ណាមួយ កើតឡើង​គួរ​ឲ្យ កត់សម្គាល់​។ នៅតាម​មណ្ឌល ប្រឡង​ទាំង​៨ មានដំណើរ​ការល្អ មាន​សភាព ស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយមានការ​ចិត្ត​យក​ទុកដាក់ និង​ទំនួល​ខុសត្រូវខ្ពស់​ ពី​ប្រធាន អនុប្រធាន​មណ្ឌល​ប្រឡង គណៈកម្មការ​អនុរក្ស និង​អាជ្ញា​ធរមាន សមត្ថកិច្ច​ពាក់ព័ន្ធ​។ ដោយ​​ឡែក​បេក្ខជន បាន​គោរព​បទបញ្ញត្តិ នៃ​ការប្រឡង​បាន​យ៉ាង​ល្អ និង​ប្រឹងប្រែង ក្នុង​ការធ្វើ​កិច្ចការ តាម​សមត្ថភាព​រៀងៗ​ខ្លួន​។​

​គួរ​បញ្ជាក់ថា ដំណើរការ​សំណេរ​មួយ​ព្រឹក នៅ​គ្រប់​មណ្ឌល​ប្រឡង មានការ​រៀបចំ កម្លាំង ការពារ​សន្តិសុខ សុវត្ថិភាព​ដល់​បេក្ខជន និង​អាណាព្យាបាល​បេក្ខជន រក្សា សណ្តាប់ធ្នាប់ និង​របៀបរៀបរយ នៅតាម​មណ្ឌល​ប្រឡង និង សុវត្ថិភាព​ដឹកជញ្ជូន និង​ការ​រក្សាទុក ដាក់​ហិប​វិញ្ញាសា​និង​ដុំ​កិច្ចការ​របស់​បេក្ខជន​ផងដែរ​៕B/