ស្លាប់​១៣​នាក់​ក្នុង​ថ្ងៃ​ប៉ះទង្គិច​គ្នា​ដ៏​អាក្រក់​បំផុត​ក្នុង​បាតុកម្ម​នៅ​អ៊ីរ៉ាក់​ភាគខាងត្បូង​

386
ចែករម្លែក

​ក្រុមមន្ត្រី​និយាយថា ក្រុមបាតុករ​ប្រឆាំងនឹង​រដ្ឋាភិបាល​ចំនួន ១៣ នាក់​ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃអាទិត្យ​ទី​២៤​វិច្ឆិកា​ដោយ​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់​នៅក្នុង​ការប៉ះទង្គិច​គ្នា​មួយ​ដ៏​អាក្រក់​បំផុត​នៅ​ភាគខាងត្បូង​ប្រទេស ខណៈ​ការតវ៉ា​បាន​រីក​រាលដាល​ឆ្លងកាត់​តំបន់​សម្បូរ​ប្រេង​នេះ​។ ក្រុមបាតុករ ដែល​ខឹងសម្បារ​យ៉ាងខ្លាំង​ចំពោះ​អំពើពុករលួយ​របស់រ​ដ្ឋា​ភិ​បាល​ដែល​កំពុង​រីក​រាលដាល​និង​សេវាកម្ម​អន់ បាន​ដុត​កង់ឡាន​និង​បិទ​ផ្លូវធំៗ ។​

​ក្រុមមន្ត្រី​សន្តិសុខ​និង​មន្ទីរពេទ្យ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា ក្រុមបាតុករ ៧ នាក់​ត្រូវបាន​សម្លាប់​នៅ​ភាគខាងត្បូង​នៃ​ខេត្ត​បា​ស្រា​ជិត​កំពង់ផែ​អុម​ខា​សឺ នៅពេល​អាជ្ញាធរ​អ៊ីរ៉ាក់​បាន​ប្រើ​គ្រាប់កាំភ្លើង​ពិត​និង​ឧស្ម័ន​បង្ហូរទឹកភ្នែក​បាញ់​ដើម្បី​បំបែក​ពួកគេ​។​

​មន្ត្រី​សន្តិសុខ​ម្នាក់​នៅ​បា​ស្រា​បាន​និយាយថា វា​ជា “​ថ្ងៃ​ដ៏​អាក្រក់​បំផុត​” ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ចលនា​តវ៉ា​។ យ៉ាងហោចណាស់​ក្រុមអ្នកតវ៉ា ១៥០ នាក់​បាន​រងរបួស​នៅក្នុង​ការប៉ះទង្គិច​គ្នា​នៅ​ទូទាំង​ភាគខាងត្បូង​អ៊ីរ៉ាក់​។​

​អ្នក​តវ៉ា ៤ នាក់​ត្រូវបាន​សម្លាប់​នៅ​ខេត្ត​ណា​ស៊ី​រី​យ៉ា​និង​ម្នាក់​ត្រូវបាន​សម្លាប់​ទាំង​នៅ​ខេត្ត​ណា​ចា​ហ្វ​ដែលជា​តំបន់​រឹងមាំ​របស់​អាជ្ញាធរ​សាសនា​អ៊ីស្លាម​និកាយ​ស៊ី​អ៊ី​ត​អ៊ីរ៉ាក់​និង​ខេត្ត​ឌី​វ៉ា​នី​។​

​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ក្នុង​ទីក្រុង​បា​ស្រា ដែល​ផលិត​ប្រេង​ឆៅ​របស់​ប្រទេស​នេះ​ជិត​៨៥​ភាគរយ ក្រុមអ្នកតវ៉ា​បាន​ដុត​កង់ឡាន​នៅ​កណ្តាល​ក្រុង​និង​បិទផ្លូវ​សំខាន់ៗ​។ ជិត ៩០ ភាគរយ​នៃ​ចំណូល​របស់​អ៊ីរ៉ាក់​គឺ​បានមកពី​ការនាំចេញ​ប្រេង ប៉ុន្តែ​មិនមាន​ការបង្ហាញ​ណាមួយ​ថា ការតវ៉ា​នេះ​បាន​ជះឥទ្ធិពល​ដល់​ផលិតកម្ម​ប្រេង​នោះទេ​។​

​ក្រុមអ្នកតវ៉ា​បាន​កាត់ផ្តាច់​ផ្លូវ​ឆ្ពោះ​ទៅដល់​កំពង់ផែ​អុម​ខា​សឺ ដែលជា​កំពង់ផែ​ទំនិញ​សំខាន់​របស់​ប្រទេស ដោយ​បញ្ឈប់​រាល់​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​ទាំងអស់​។ កងកម្លាំង​សន្តិសុខ​បាន​បោសសម្អាត​តំបន់​បាតុករ​ជាច្រើន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ផងដែរ​។​

​យ៉ាងតិច ៣៤២ នាក់​បាន​ស្លាប់​ចាប់តាំងពី​បាតុកម្ម​បានចាប់ផ្តើម​នៅ​ថ្ងៃទី​១​តុលា នៅពេល​ជនជាតិ​អ៊ីរ៉ាក់​រាប់សិប​ពាន់​នាក់ ដែល​ភាគច្រើន​ជា​យុវជន បាន​ដើរ​តាម​ដងផ្លូវ​ថ្កោលទោស​អំពើពុករលួយ​និង​សេវាកម្ម​សាធារណៈ​អន់​៕ ដោយ៖ កញ្ញាដាលីស