ស្លាប់​២​បន្ថែម​និង​ឆ្លង​ថ្មី​១៣៦​នាក់​នៅ​ថៃ នៅពេល​កោះ​ភូ​កេត​បិ​ទទាំងស្រុង​

732
ចែករម្លែក

​ក្រសួង​សុខាភិបាល​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​មីនា​ថា​មនុស្ស​២​នាក់​ទៀត​បាន​ស្លាប់​ដោយ​ជម្ងឺ​កូវី​ត​១៩​នាំ​អោយ​ចំនួន​ជនរងគ្រោះ​ដល់​ជីវិត​ពី​វីរុស​​កូរ៉ូណា​ថ្មី​នេះ​កើន​ដល់​៩​នាក់​នៅ​ថៃ​។​

​ការស្លាប់​២​នេះ រួម​មាន​បុរស​ថៃ​វ័យ​៥៤​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​យ៉ាឡា​ភាគ​ខាងត្បូង​ជាប់​ព្រំដែ​ន​ម៉ាឡេស៊ី និង​ស្ត្រី​វ័យ​៥៦​ឆ្នាំ​នៅ​ក្រុង​បាងកក​។​អ្នក​ទាំង​ពីរ​បាន​ស្លាប់​កាល​​ពី​ថ្ងៃអាទិត្យ​។​

​មុន​នេះ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ អាជ្ញាធរ​សុខាភិបាល​ថៃ​បាន​រាយការណ៍​ការឆ្លង​ជម្ងឺ​កូវី​ត​១៩​ថ្មី​ចំនួន​១៣៦​នាក់ ដែល​នាំ​អោយ​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​នេះ​កើន​​ដល់​១.៥២៤​នាក់ ក្នុងនេះ ១.៣៨៨​នាក់​កំពុង​ដេក​សម្រាក​នៅក្នុង​មន្ទីរពេទ្យ និង​២៣​នាក់​ធ្ងន់ធ្ងរ​។​

​ក្នុងពេល​ជាមួយគ្នា អភិបាលខេត្ត​ភូ​កេត ដែល​ជា​រមណីយដ្ឋាន​ល្បី​របស់​ថៃ បាន​បញ្ជា​បិទ​មិន​អោយ​មនុស្ស​ចេញ​ចូល​ខេត្ត​ដែន​កោះ​ភាគខាងត្បូង​នេះ​មួយ​ខែ​ នៅពេល​ខេត្ត​រកឃើញ​អ្នក​ឆ្លងកូវី​ត​១៩​ចំនួន​៦​នាក់​ទៀត នាំ​អោយ​ទូទាំង​ខេត្ត​មាន​អ្នក​កើត​ជម្ងឺ​នេះ​៥៣​នាក់​។​

​ការបិទ​ខ្ទប់​ការចេញចូល​ខេត្ត​នេះ​ចាប់ពី​ថ្ងៃ​ចន្ទ​ទី​៣០​មីនា​រហូត​ដល់​ថ្ងៃ​៣០​មេសា ។​

​ចំនួន​ឆ្លង​ក្នុងចំណោម​បុគ្គលិក​ពេទ្យ​ថៃ​ក៏​កើនឡើង ចំពេល​មាន​ការស្នើសុំ​អោយ​មានកា​រ​ការពារ​កាន់តែ​ប្រសើរ​ឡើង​ដល់​ក្រុម​គ្រូពេទ្យ​នៅ​ជួរ​មុខ​នៃ​សង្គ្រាម​ប្រ​​យុទ្ធ​ប្រឆាំងនឹង​ជម្ងឺឆ្លង​ដ៏​សាហាវ​នេះ​។​

​នៅពេល​ចំនួន​អ្នក​ឆ្លង​កើន​ដល់​១.៥២៤​នាក់ ចំនួន​បុគ្គលិក​ពេទ្យ​ដែល​ឆ្លង​វីរុស​នេះ​មាន​ចំនួន​៨​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

ភូ​កេត ដែល​ជា​ទីតាំង​ទេសចរណ៍​ដ៏​ល្បី​របស់​ថៃ បិទ​មិន​អោយ​មនុស្ស​ចេញ​ចូល​មួយ​ខែ​ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​