ស្វាគមន៍​, ស្វាហាប់​, ស្វាធ្យាយ​, ឥរិយា​, ឥរិយាបថ​, ឥន្ទ្រិយ​, ឥឡូវ​, ឧស​, ឧកញ៉ា​

210
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

​ស្វាគមន៍ –​គំ សំ​. បា​. ( ន​. ) (< សុ + អាគម​ន​) ដំណើរ​មកដល់​ដោយ​ប្រពៃ​, ការមកដល់​ដែល ធ្វើ​ឲ្យ​កើត​សេចក្ដី​រីករាយ​សប្បាយ​; ការរៀបចំ​ទទួល​យ៉ាង​អធិកអធម ដោយ​សោមនស្ស : … បានទទួល​ស្វាគមន៍​អំពី​ប្រជាពលរដ្ឋ​; សម្ដែង​ស្វាគមន៍​ចំពោះ​ភ្ញៀវ ។

​ស្វាហាប់ សំ​. ( ន​. ) (​ស្វាហាបតិ “​ព្រះ​អគ្និ​”) តេជះ​, អានុភាព​, អំណាច ។ ច្រើន​ប្រើ​សំដៅ​សេចក្ដី ថា “​ទំហំ​ទំហាត់​, មាឌធំ​; ការ​រឹងប៉ឹង​, ការ​មាំមួន​” : មាឌ​មាន​ស្វាហាប់ (​ម​. ព​. ស្វាហាបតិ ឬ ស្វាហាបតិ៍ ផង​) ។

​ស្វាធ្យាយ សំ​.; បា​. ( កិ​. ) (​ស​ជ្ឈា​យ​) សូត្រ​ឮ​បន្តិចៗ ឬ​សូត្រ​ខ្សឹបៗ​; ទន្ទេញ​: ស្វាធ្យាយមន្ត​, ស្វាធ្យាយបាលី គឺ​សូធ្យ​មន្ត​, សូធ្យ​បាលី ។

​ឥរិយា អិ​រ៉ិ​យ៉ា បា​.; សំ​. ( ន​. ) (​ឦ​យ៌ា​) អាការ​កម្រើក​; ការ​កម្រើក​អង្គាវយវៈ មាន​លើក​ដៃជើង ជាដើម​, ការផ្លាស់​ប្រែ​លំនាំ​មាន​ងាក​បែរ​ជាដើម​; ឫក​, ឫកពា​, កិរិយា​, លំនាំ​ឫកពា : សម្តែង​ឥរិយា ប្លែក បញ្ចេញឫក​ប្លែក ។ មាន​ឥរិយាសមរម្យ មាន​ឫកពា​សមរម្យ ។

​ឥរិយាបថ អិ​រ៉ិ​យ៉ាប​ត់ បា​.; សំ​. ( ន​. ) ផ្លូវ​ឬ​គន្លង​នៃ​ឥរិយា គឺ​ការដើរ​, ឈរ​, អង្គុយ​, ដេក (​ម​. ព​. ឥរិយា ផង​) ។ សម្រេច​ឥរិយាបថ ប្រើ​ឥរិយាបថ ។ សម្រេច​ឥរិយាបថ​ដេក សម្រេចការ​ដេក (​ដេក​) ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ ដូចជា ការសម្រេច​ឬ​ប្រើ​ឥរិយាបថ​។ ឥរិយាបថបរិវត្តន៍ ការផ្លាស់​ឥរិយាបថ​។ ឥរិយាបថបរិហារ ការរក្សា​ឥរិយាបថ គឺ​ការចេះ​លៃ​ឥរិយាបថ​ទាំង​បួន ។ ឥរិយាបថរោគ រោគ​ដែល​កើត​ព្រោះ​ការប្រើ​ឥរិយាបថ​ពុំ​ស្មើ មាន​អង្គុយ​ច្រើនពេក​ជាដើម ។ ឥរិយាបថវិសមភាព ភាវៈ​មិន​ស្មើ​នៃ​ឥរិយាបថ គឺ​ការប្រើ​ឥរិយាបថបួន​ពុំ​ស្មើ ។

​ឥន្ទ្រិយ អិន​-​ទ្រី ភាវៈ​ជាធំ​, ឥស្សរភាព​; អានុភាព​, អំណាច​; គុណានុភាព​ឬ​គុណសម្បត្តិ​របស់ ព្រះឥន្ទ្រ​ឬ​ដែល​ជាប់ទាក់ទង​អំពី​ព្រះឥន្ទ្រ​កម​; រូប​កាយ​; កម្លាំង​, កម្លាំងកាយ​; សេចក្ដី​ដឹង​, ប្រាជ្ញា​; អារម្មណ៍​; មុខការ​, នាទី​; អាយតនៈ​ខាងក្នុង​, ប្រសាទ​ឬ​ប្រសាទរូប : សង្រួម​ឥន្ទ្រិយ ប្រុងប្រយ័ត្ន អាយតនៈ​ខាងក្នុង​មាន​ភ្នែក​ជាដើម​។ ឥន្ទ្រិយ សព្ទ​នេះ​មានន័យ​ច្រើនយ៉ាង​ណាស់​, ព​. ពុ​. ប្រាប់ថា អ្វីដែល​ជាធំ​តាម​មុខ​តាម​នាទី​របស់ខ្លួន​ឬ​ដែលមាន​បែប​ភាព​ផ្សេង​ដោយឡែក​ហៅថា ឥន្ទ្រិយ​, ដូចជា ភ្នែក ហៅ ចក្ខុន្ទ្រិយ​; ត្រចៀក ហៅ សោ​តិ​ន្ទ្រិ​យ​; ច្រមុះ ហៅ ឃា​និ​ន្ទ្រិ​យ​; អណ្ដាត ហៅ ជី​វ្ហិ​ន្ទ្រិ​យ​; កាយ ហៅ កា​យិ​ន្ទ្រិ​យ​; មនោ ឬ ចិត្ត ហៅ ម​និ​ន្ទ្រិ​យ (​ព្រោះ​អាយតនៈ​ខាងក្នុង​ទាំង ៦ នេះ​ជាធំ​ក្នុង​ការទទួល​អារម្មណ៍​តាម​នាទី​របស់ខ្លួន ជា​ជំនួស​គ្នា​ពុំបាន​) ។

​ឥឡូវ អិ​–​ឬ អី​– ( និ​. ) សព្ទ​ប្រាប់​សេចក្ដី​ជា​បច្ចុប្បន្នកាល​ថា “​កាល​នេះ​, វេលា​នេះ​” : ទៅ​ឥឡូវ ទៅក្នុង​វេលា​នេះ (​បុ​. សរ​. ឥលូវ ប៉ុន្តែ​លើកលែង​ប្រើ​យូរហើយ​) ។

​ឧស អុស បា​.; សំ​. ( ន​. ) (​ឧស​; ឧ​ឞ “​ឆេះ​”) ឈើ​សម្រាប់​ដុត (​សម្រាប់​ប្រើការ​ដុត​ចម្អិន​អាហារ ជាដើម​) : រក​ឧស​, បាច់​អុស​, គំនរ​អុស (​ច្រើន​សរសេរ អុស ជាង​) ។

​ឧកញ៉ា អុក​– ( ន​. ) ពាក្យ​ប្រើ​ជា​ឋានន្តរស័ក្តិ​នៃ​មន្ត្រី​ថ្នាក់​ខ្ពស់ជាង​ទី សំដៅ​សេចក្ដី​ថា “​អ្នកចេះ ត្រួតត្រា​មុខការ​ក្នុង​ក្រសួង​ឬ​នាទី​របស់ខ្លួន​” (​មកពី ពាក្យ​ខ្មែរ ឧក ឬ អុក “​ត្រួតត្រា​ពេញ​អំណាច​” + បា​. ញា “​ដឹង​; ចេះ​; ស្គាល់​”), ប្រើ​តាម​លំដាប់ថ្នាក់​ស័ក្តិធំ​តូច​ថា លោកអ្នកឧកញ៉ា​…, អ្នកឧកញ៉ា​…, ឧកញ៉ា​… (​មាននិយាយ​ក្នុង​ច្បាប់​ទម្រង់ស័ក្តិ​) ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​