ហើម​គឺជា​ជំងឺ​ដែរ​ទេ​?

4170
ចែករម្លែក

ការ​ហើម​បណ្តាលមកពី​ការស្ទះ​លំហូរ​ជាតិ​ទឹក​ច្រើនពេក​នៅក្នុង​ជាលិការ​រាងកាយ​។ ទោះបីជា ការ​ហើម​អាច​ប៉ះពាល់​ដល់​ផ្នែក​ជាច្រើន​នៃ​រាងកាយ​ក៏ដោយ ក៏​វា​ភាគច្រើន​តែងតែ​កើត​មាននៅ ប្រអប់ដៃ​, ដៃ​, ប្រអប់ជើង​, កែងជើង និង​ជើង​ដែរ​។​

​ការ​ហើម​អាច​បណ្តាលមកពី​ការប្រើប្រាស់​ថ្នាំ​, ការ​មាន​ផ្ទៃពោះ ឬ​ជំងឺ​ណាមួយ ដូចជា​ជំងឺ​ខ្សោយ បេះដូង​, ជំងឺ​តម្រងនោម ឬ​ក្រិន​ថ្លើម​។​

​ការប្រើ​ថ្នាំ​ដើម្បី​បញ្ចេញ​ជាតិ​ទឹក និង​បន្ថយ​ចំនួន​ជាតិ​ប្រៃ​ក្នុង​របប​អាហារ​ច្រើនតែ​អាច​បន្ថយ​អាកា​រៈ​ហើម​បាន​។ នៅពេល​ការ​ហើម គឺជា​រោគសញ្ញា​មួយ​នៃ​ជំងឺ ជំងឺ​នោះ​ត្រូវតែ​ព្យាបាល​អោយ​ជា​សិន​។​

រោគសញ្ញា​
– ​ការ​ហើម​ជាលិការ​នៅក្រោម​ស្បែក​
– ​ធ្វើអោយ​ស្បែក​ទៅជា​យឺត ឬ​រលោង​
– ​ស្បែក​នៅតែ​ទ្រុត​រយៈពេល​យូរ​ក្រោយពី​សង្កត់​រួច​
– ​ហើមពោះ​
– ​ចូរ​ធ្វើការ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ទៅ​បើសិនជា​អ្នក​សម្គាល់​ឃើញ​រោគសញ្ញា​អស់ទាំង​នេះ​។

ចូរ​ស្វែងរក​ការព្យាបាល​ភ្លាម​បើសិនជា​អ្នកមាន​រោគសញ្ញា​ដូចខាងក្រោម​នេះ​៖

– ​ពិបាក​ដកដង្ហើម​
– ​ដកដង្ហើម​ខ្លីៗ​
– ​ឈឺទ្រូង​

មូលហេតុ​
ការ​ហើម​កើតមាន​នៅពេលដែល​សរ​សៃ​ឈាម​តូចៗ​ក្នុង​រាងកាយ (​កា​ពី​ឡា​រី​) ជ្រាប​ទឹក​ចេញ ហើយ​ជាតិ​ទឹក​នោះ​ប្រមូលផ្តុំ​គ្នា​កាន់តែច្រើន​នៅ​ជាលិការ​ជុំវិញ ដែលជា​ហេតុនាំអោយ​ទៅជា​ហើម​ដូច្នេះ​។​

​មូលហេតុ​តិចតួច​មានដូចជា​៖

– ​ការ​អង្គុយ ឬ​នៅតែ​មួយកន្លែង​រយៈពេល​យូរ​
– ​ការ​ញ៉ាំ​អាហារ​ប្រៃ​ច្រើនពេក​
– ​រោគសញ្ញា​នៃ​ការត្រៀម​មក​រដូវ​
– ​ការ​មាន​ផ្ទៃពោះ​

​ការ​ហើម​អាច​បណ្តាលមកពី​ផល​រំខាន​នៃ​ការប្រើ​ថ្នាំ​ដូចជា​៖

​- ថ្នាំ​បើក​សរសៃឈាម​
– ​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម Calcium Channel Blockers
– ​ថ្នាំ Nonsteroidal Anti-inflammatory Drugs
– ​ថ្នាំ Estrogens
– ​ថ្នាំ​ជំងឺ​ទឹកនោមផ្អែម​ដូចជា Thiazolidinediones

ទោះបីជា​យ៉ាងណាក៏ដោយ ករណីខ្លះ ការ​ហើម​ប្រហែលជា​រោគសញ្ញា​មួយ​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេង​មួយទៀត​។ ជំងឺ​នោះ​មានដូចជា​៖

– ​ជំងឺខ្សោយបេះដូង​ដែល​ធ្វើអោយ​ច្រាល​ជាតិ​ទឹក​ក្នុង​ខ្លួន​
– ​ជំងឺ​ក្រិន​ថ្លើម​
– ​ជំងឺ​តម្រងនោម​
– ​ជំងឺ​ខូច​តម្រងនោម​
– ​សរសៃ​វ៉ែន​នៅ​ជើង​ខូចខាត ឬ​ខ្សោយ​
– ​ប្រព័ន្ធ​ទឹករ​ង៉ៃ​ធ្វើ​ការមិន​បានល្អ​

កត្តា​ប្រឈមមុខ​
ដោយសារតែ​សុក និង​កូន​ក្នុង​ផ្ទៃ​ត្រូវការ​ជាតិ​ទឹក ធ្វើអោយ​រាងកាយ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​រក្សា​ជាតិ​សូ​ដ្យូ​ម និង​ជាតិ​ទឹក​ច្រើនជាង​ធម្មតា ដូច្នេះ​ក៏​ជា​កត្តា​នាំអោយ​ប្រឈម​នឹង​ការ​ហើម​ដែរ​។​

​ផលវិបាក​
​បើសិន​ជាការ​ហើម​មិនបាន​ព្យាបាល​ទេ វា​អាច​នឹង​បណ្តាលអោយមាន​ផលវិបាក​ដូចខាងក្រោម​នេះ​៖

– ​ការ​ហើម​ធ្វើអោយ​ឈឺចាប់​កាន់តែខ្លាំង​
– ​ពិបាក​ដើរ​
– ​តឹង​អវៈយវៈ​
– ​ស្បែក​យឺត ដែលជា​ហេតុនាំអោយ​រមាស់ និង​មិនមាន​ផាសុខភាព​
– ​មាន​សម្លាក​នៅ​ចន្លោះ​ស្រទាប់​របស់​ជាលិការ​
– ​បន្ថយ​របត់​ឈាម​រត់​
– ​បន្ថយ​ភាពយឺត​របស់​សរសៃឈាម​អាក់ទែ​, វ៉ែន​, សន្លាក់ និង​សាច់ដុំ​
– ​បង្កើន​ការ​ប្រឈម​នឹង​បញ្ហា​ដំបៅ​ស្បែក​
– ​តេស្ត និង​ការកំណត់​រោគវិនិច្ឆ័យ​

​ដើម្បី​ដឹងថា​អ្វី​ទៅជា​មូលហេតុ​នៃ​ការ​ហើម គ្រូពេទ្យ​នឹងធ្វើ​ការពិនិត្យ​លើ​រាងកាយ និង​សួរ​សំនួរ​ទាក់ទង​នឹង​ប្រវត្តិ​ជំងឺ​របស់​អ្នក​។

​ព័ត៌មាន​ប៉ុណ្ណេះ​ច្រើនតែ​គ្រប់គ្រាន់​ហើយ​ក្នុង​ការកំណត់​អំពី​មូលហេតុ​របស់​វា​។ ករណីខ្លះ ការថត​កាំរស្មីអ៊ិច​, ការថត​អេកូ​, ការធ្វើ​តេស្ត​ឈាម ឬ​វិភាគ​ទឹកនោម​ប្រហែលជា​អាចធ្វើ​ដែរ បើសិនជា​ករណី​ចាំបាច់​។​

ការព្យាបាល​
​ចំពោះ​ការ​ហើម​តិចតួច​ច្រើនតែ​ជា​ទៅវិញ​ដោយ​ខ្លួនឯង​ជាពិសេស​នៅពេលដែល​អ្នក​លើក​អវៈយវៈ ដែល​កំពុងតែ​ហើម​នោះ​អោយ​ខ្ពស់​ជា​បេះដូង​។ ការ​ហើម​ដែល​ធ្ងន់ធ្ងរ​ប្រហែលជា​អាច​ព្យាបាល ដោយ​ប្រើ​ថ្នាំ​បញ្ចេញ​ជាតិ​ទឹក​តាម​ទឹកនោម​បាន​។ ថ្នាំ​បញ្ចុះ​ទឹកនោម​ប្រភេទ Furosemide (Lasix) ច្រើនតែ​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​រឿងនេះ​។ ចំពោះ​ការគ្រប់គ្រង​ការ​ហើម​រយៈពេល​យូរ ច្រើន តែ​ផ្តោត​សំខាន់​ទៅលើ​ការព្យាបាល​ចំពោះ​មូលហេតុ​របស់​វា​តែម្តង​។​

របៀប​រស់នៅ និង​ការព្យាបាល​ដោយ​ខ្លួនឯង​
ខាងក្រោម​នេះ​ប្រហែលជា​អាចជួយ​បន្ថយ​ការ​ហើម និង​ធ្វើអោយ​ការ​ហើម​នោះ​បាត់​ទៅវិញ​បាន​។ មុនពេល​ព្យាយាម​ប្រើ​វិធីសាស្ត្រ​ថែរក្សា​សុខភាព​ខ្លួនឯង​ទាំងនេះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ សិន​ថា​មួយណា​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​សម្រាប់​អ្នក​។​

​ការធ្វើ​ចលនា​៖ ការធ្វើ​ចលនា និង​ការប្រើប្រាស់​សាច់ដុំ​នៅ​កន្លែង​ណាមួយ​ដែល​ហើម​នោះ ប្រហែលជា​ជួយ​ច្របាច់​ជាតិ​ទឹក​ដែល​ដក់​នៅ​កន្លែង​នោះ​អោយចូល​ទៅក្នុង​បេះដូង​វិញ​បាន​។​

​ការលើក​អវៈយវៈ​អោយ​ខ្ពស់​៖ ចូរ​ធ្វើយ៉ាងណា​លើក​អវៈយវៈ​ដែល​ហើម​នោះ​អោយ​ខ្ពស់ជាង បេះដូង​អោយបាន​យ៉ាងហោចណាស់ ៣០​នាទី ចំនួន ៣​ទៅ​៤​ដង​ក្នុង​មួយថ្ងៃ​។ ករណីខ្លះ ការធ្វើ​បែបនេះ​ក៏មាន​ប្រយោជន៍​ដែរ​។​

​ការ​ម៉ាស្សា​៖ ការ​ច្របាច់​រឹតៗ​នៅ​កន្លែង​ដែលមាន​បញ្ហា​ក៏​អាចធ្វើអោយ​ជាតិ​ទឹក​ដែល​ដក់​នោះ​ហូរ ទៅ​បេះដូង​វិញ​ដែរ​។​

​ការ​សង្កត់​៖ បើសិនជា​អវៈយវៈ​ណាមួយ​របស់​អ្នក​កំពុងតែ​ហើម​ហើយ​គ្រូពេទ្យ​ប្រហែលជា ណែនាំ អោយ​ពាក​ស្រោមជើង​, ឬ​ស្រោមដៃ​ដែល​រឹងៗ ដើម្បី​កុំអោយ​មានការ​ដក​ជាតិ​ទឹក នៅ​កន្លែង​នោះ​ទៀត ៕ ដោយ​: health.com.kh​