ហោរា​ខ្មែរ ទស្សន៍ទាយ​ថា កម្ពុជា នឹង​គ្មាន​មនុស្ស​ស្លាប់​ដោយសារ ខូ​វីដ ១៩

166
ចែករម្លែក

ដោយៈ មេសា​/ភ្នំពេញៈ វា​ហាក់ដូចជា​ការប្រថុយប្រថាន​បន្តិច​ដែរ ហើយក៏​អាច​ថា ពិបាក​នឹង​នឹក​ជឿ​ដែរ ដែល​បុគ្គល​ណា​ម្នាក់​ហ៊ាន​ចេញមុខ​អះអាង​ទស្សន៍ទាយ​អំពី​កម្រិត​សុវត្ថិភាព នៃ ជំងឺ​ខូ​វីដ ១៩ នៅ​កម្ពុជា ដែល​ពិភពលោក ដោយ​រួមទាំង​កម្ពុជា ផង កំពុង​ភ័យខ្លាច ។


​ទោះយ៉ាងណា ខណៈ​កម្ពុជា កំពុង​រង​ការគំរាមកំហែង ពី​ជំងឺ​ខូ​វីដ ១៩ នេះ លោក អ៊ឹម ប៊ុ​រិន្ទ គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ បាន​ទស្សន៍ទាយ​ថា ប្រទេស​កម្ពុជា នឹង​មិនមាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ​ខូ​វីដ ១៩ ទេ ហើយ​បើទោះជា​មាន​មនុស្ស​ស្លាប់ ក៏​ស្លាប់​ដ៏​តិចតួច​បំផុត ហើយ​ក្បួន​ទស្សន៍ទាយ​នេះ គួរតែ​អាច​ទុកចិត្តបាន ព្រោះ​ជាច្រើន​ឆ្នាំ​មកហើយ ការ​ទស្សន៍ទាយ​តាម​តម្រា​នេះ មិន​ដែលមាន​កំហុស​ឡើយ

លោក អ៊ឹម បុរិន្ទ គណៈកម្មការ​ស្រាវជ្រាវ​វិជ្ជា​ហោរាសាស្ត្រ និង ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ ( រូបៈ មេសា )


​គប្បី​រំឭកថា កាលពីដើមឆ្នាំ កុរ ២០១៩ នៅ​ក្នុងការ​ទស្សន៍ទាយ​មហាសង្ក្រាន្ត (​ព្រោះ​លោក​អ៊ឹម បុរិន្ទ គឺជា​អ្នក​ចងក្រង និង ចេញផ្សាយ​សៀវភៅ​មហាសង្ក្រាន្ត​ខ្មែរ ) គឺ​លោក អ៊ឹម បុរិន្ទ នេះហើយ ដែល​បាន​ទស្សន៍ទាយ​ថា ឆ្នាំនេះ​នឹងមាន​ជំងឺ​គ្រុនក្តៅ​រងា​ជាច្រើន​អនេក ប៉ុន្តែ​មិនមាន​និយាយថា មាន​ស្លាប់​ទេ គ្រាន់តែ​មិនបាន​បញ្ជាក់ថា ជំងឺ​គ្រុនក្តៅ​នោះ បណ្តាលមកពី​ជំងឺ​អ្វី ហើយ​បើ​ប្រៀបធៀប​ទៅនឹង ជំងឺ​ខូ​វីដ ១៩ នាពេលនេះ ក៏​ឃើញថា​មិន​ខុស​ឆ្ងាយ​ពេក​ទេ ព្រោះ​ជំងឺ​នេះ ក៏មាន​ផ្នែក​មួយ គឺ​ក្តៅខ្លួន​មែន ។


​ចំណែក​នៅក្នុង​ឆ្នាំ ជូត នា​ឆ្នាំ ២០២០ នេះ​ទៀតសោត ក៏​ក្នុង​តម្រា​ហោរា មិនមាន​អះអាងថា មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ (​ខណៈ​ឆ្នាំ​ខ្លះ មាន​បញ្ជាក់ថា មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ ) ដែរ ។​


​គឺ​ដោយ​សំអាង​លើ​ចំណុច​ទាំង ០២ នេះឯង​ហើយ ដែល​ធ្វើឱ្យ​លោក អ៊ឹម បុរិន្ទ មាន​ភាពជឿជាក់​លើ​ជំនាញ​របស់លោក និង ហ៊ាន​ចេញមុខ​ទស្សន៍ទាយ​ជា​សាធារណៈ​ថា កម្ពុជា នឹង​មិនមាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺ ខូ​វីដ ១៩ ទេ ហើយ​បើទោះបី​ជាមាន​ស្លាប់ ក៏​ស្លាប់​ក្នុង​ចំនួន​តិចតួច​តែប៉ុណ្ណោះ បែប​នេះឯង ។​


​ជាការ​កត់សម្គាល់ ប៉ុន្មាន​ឆ្នាំ​មកនេះ ការ​ទស្សន៍ទាយ​របស់​លោក អ៊ឹម បុរិន្ទ អំពី​ស្ថានភាព​ទឹកភ្លៀង​វិញ គឺ​ឃើញ​មាន​សុក្រឹតភាព​ច្រើន ពោល​គឺថា ប្រសិនបើ​ឆ្នាំ​ណា លោកទស្សន៍​ថា ទឹកតូច ក៏​ឃើញថា​ទឹកតូច បើ​ទស្សន៍​ថា ទឹកធំ គឺ​ទឹកធំ មែន ហើយ​មាន​ភាពត្រឹមត្រូវ​សូម្បីតែ​ថា ដើមឆ្នាំ កណ្តាល​ឆ្នាំ និង ចុងឆ្នាំ មាន​ស្ថានភាព​ទឹកភ្លៀង​យ៉ាងណាៗ​ជាដើម​ផងដែរ​។​


​ជា​ការពិតហើយ​ថា ដំណាក់កាល​នេះ គ្មាន​អ្នកណាម្នាក់​អាច​អះអាង​បានទេ​ថា ការ​ទស្សន៍ទាយ​របស់​លោក អ៊ឹម បុរិន្ទ ខាងលើនេះ​មាន​ប្រសិទ្ធភាព ឬ មិនមាន​ប្រសិទ្ធ​យ៉ាងណា គឺ​មានតែ​ពេលវេលា​ប៉ុណ្ណោះ ពោលគឺ​ត្រូវតែ​រង់ចាំ​មើល​រហូតដល់​ពេលដែល​ជំងឺ​ខូ​វីដ ១៩ ត្រូវបាន​កម្ចាត់​ពី​ទឹកដី​កម្ពុជា ហើយ​ពេលនោះ​ទៀតសោត ក៏​មិនទាន់មាន​អ្នកណាម្នាក់​ដឹង​នៅឡើយ​ដែរ ។​


​ប្រសិនបើ​គេ​ក្រឡេក​មក​មើល​ស្ថានភាព​ជាក់ស្តែង​វិញ គេ​ឃើញថា ទាំង​ប្រមុខ​រាជរដ្ឋាភិបាល មន្ត្រី​គ្រប់លំដាប់​ថ្នាក់ និង ប្រជាពលរដ្ឋ​ទូទាំងប្រទេស គឺមាន​ភាព​សស្រាក់សស្រាំ​យ៉ាងខ្លាំង ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​ខូ​វីដ ១៩ នេះ ។​


​តួលេខ​ផ្លូវការ​ចេញផ្សាយ​ប្រចាំថ្ងៃ​របស់​ក្រសួងសុខាភិបាល ដែលជា​ច្រកចេញ​ផ្លូវការ​តែ​គិត​ត្រឹម​ថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២០ នេះ កម្ពុជា រកឃើញ​អ្នក​ឆ្លង​ជំងឺ​ខូ​វីដ ១៩ ចំនួន ១១០ នាក់​គាត់ ក្នុងនោះ​មាន​អ្នក​ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ចំនួន ៣៤ នាក់ ស្មើនឹង ៣០,៩១ ភាគរយ នៃ អ្នក​ឆ្លង កំពុង​សម្រាក​ព្យាបាល​ចំនួន ៧៦ នាក់ ដោយ​មិនទាន់មាន​អ្នកស្លាប់​ដោយសារ​ជំងឺ ខូ​វីដ ១៩ នេះ​ទេ ហើយ​ចំនួន​នេះ បើ​ធៀប​ទៅនឹង​បណ្តា​ប្រទេស​ផ្សេងៗ គឺ​ឃើញថា នៅមាន​សភាព​មិនទាន់​ធ្ងន់ធ្ងរ​នៅឡើយ​ទេ ដែល​ប្រការនេះ បានសេចក្តីថា កម្ពុជា នៅមាន​ឱកាសល្អ​នៅឡើយ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល នៃ ជំងឺ​ខូវ​ដី ១៩ នេះ ។


​ទោះយ៉ាងណា ដោយ​មិន​ផ្តេកផ្តួល​ទៅលើ​ក្បួនតម្រា​តែ​ម្យ៉ាង ទាំង​មិនត្រូវ​ប្រគល់​វាសនា​ទៅលើ​អ្វីដែល​គេ​ហៅថា ព្រហ្ម​លិខិត លោក អ៊ឹម បុរិន្ទ បាន​ក្រើន​រំឭកថា សូម​ជនានុជន​ទូទាំងប្រទេស មិនត្រូវ​ធ្វេសប្រហែស​ឡើយ ធ្វើយ៉ាងណា​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ការណែនាំ​នានា​របស់​រាជរដ្ឋាភិបាល និង ក្រសួង​ស្ថាប័ន​ជំនាញ មាន​ក្រសួងសុខាភិបាល​ជាដើម ជាពិសេស​នៅ​អំឡុងពេល​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ត្រូវ​ចេះ​ប្រមាណ​ក្នុងការ​សប្បាយ ដូចជា​មិនត្រូវ​នៅ​ជុំគ្នា​ច្រើន ហើយ​ត្រូវ​នៅ​ឱ្យ​ឃ្លាត​គ្នា ពី ១ ទៅ ២ ម៉ែត្រ ជាដើម ពោលគឺ​ដាច់ខាត​មិនត្រូវ​ភ្លាត់ភ្លាំង​សូម្បី​តែម្តង​បានឡើយ ៕ Kh