ហ្វី​ហ្វា សម្រេច​តម្កល់​បម្រាម​មិន​ឲ្យ​ទិញ​កីឡាករ​ថ្មី​លើ​ក្លឹប​ឆេ​ល​ស៊ី​

1192
ចែករម្លែក

បម្រាម​មិន​ឲ្យ​ទិញដូរ​កីឡាករ​លើ​ក្លិប​ឆេ​ល​ស៊ី​ត្រូវបាន​ស្ថាប័ន​ហ្វី​ហ្វា (FIFA) តម្កល់ តាម​សេចក្តីសម្រេច​ដំបូង​របស់ខ្លួន​មានន័យថា​ក្លិប​នេះ​នឹងមិន​អាច​ទិញ​កីឡាករ​ថ្មី​ណា មួយ​ចូលក្នុង​ពីរ​ដំណាក់កាល​នៅលើ​ទីផ្សារ​ទិញដូរ​កីឡាករ​។​
​ ​
​ហ្វី​ហ្វា បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា បន្ទាប់ពី​ពិនិត្យ​លើ​បណ្តឹងឧទ្ធរណ៍​រួចរាល់​ខ្លួន​បាន សម្រេច​តម្កល់​បម្រាម​នេះ បើទោះបីជា​ពេលនេះ ក្លិប​ឆេ​ល​ស៊ី​អាច ប្តឹង​បន្តទៅ​ក្រុមប្រឹក្សា Court of Arbitration for Sport (CAS) សម្រាប់​ការប្រឹងប្រែង​ជា​លើកចុងក្រោយ ដើម្បី កែប្រែ​សេចក្តីសម្រេច​នេះ​ក៏ដោយ​។
​ ​
​មានការ​បង្ហើប​ប្រាប់ថា ឆេ​ល​ស៊ី​នឹង​អាច​ផ្ទេរ​កីឡាករ​ថ្មី ក្រោម​អាយុ​១៦​ឆ្នាំ អំឡុងពេល ជាប់​បម្រាម​នេះ​។​
​ ​
​ដំបូង​ឡើយ ក្លិប​ឆេ​ល​ស៊ី​រំពឹងថា បម្រាម​នេះ​នឹងត្រូវ​ផ្អាក​នៅ​រដូវក្តៅ​ស្របពេល​ពួកគេ ឧទ្ធរណ៍​ប្រឆាំងនឹង​ទណ្ឌ​កម្មនេះ ដោយសារតែ​វា​ប្រហាក់ប្រហែល​នឹង​ករណី​របស់​ក្លិប Real Madrid Barcelona និង Atletico Madrid ដែរ​។​
​ ​
​ប៉ុន្តែ FIFA បានធ្វើ​ឲ្យ​ក្លិប​ឆេ​ល​ស៊ី​ភ្ញាក់ផ្អើល ដោយ​អះអាងថា បម្រាម​នេះ​នឹងត្រូវ​អនុវត្ត ភ្លាមៗ​តែម្តង ដែល​ធ្វើ​ឲ្យ​ពួកគេ​គ្មាន​ឱកាស​រក​អ្នក​មក​ជំនួស​តំណែង​របស់​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ប្រសិនបើ​កីឡាករ​រូបនេះ​ពិតជា​ចាក​ចេញទៅ​ក្លិប Real Madrid ក្នុងតម្លៃ ១០០​លាន​ផោន​នៅ​រដូវក្តៅ​នេះ​មែន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​