ឡេឌី ហ្គាហ្គា និងពិធីករមកពីទូរទស្សន៍ចំនួន ៣ រៀបចំកម្មវិធីពិសេសដើម្បីរៃអង្គាសប្រាក់ ៣៥ លានដុល្លារប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

128
ចែករម្លែក

នាង ឡេឌី ហ្គាហ្គា និង អង្គការតស៊ូមតិ Global Citizen កំពុងរៃអង្គាសប្រាក់ចំនួន ៣៥ លានដុល្លារដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា ហើយនឹងចាប់ផ្តើមកម្មវិធីទូរទស្សន៍ពិសេសមួយ ដែលមានពិធីករ ផូល ម៉ាកខាតនី, ស្ទេវី វ៉ាន់ឌ័រ និង ប៊ីលលី អ៊ីលលីស ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសដែលកំពុងឆ្លងខ្លាំងឡើងនេះ។

ទូរទស្សន៍ NBC, ABC និង CBS កំពុងសហការគ្នាដើម្បីចាក់ផ្សាយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះជាមួយនឹងពិធីករកម្មវិធីជជែកកម្សាន្តពេលរាត្រីដូចជា លោក ជីមមី ហ្វលឡុន លោក ជីមមី គីមមែល និង លោក ស្តេវិន ខូលបឺត រួមគ្នាដើម្បីធ្វើជាពិធីករកម្មវិធីនេះ។

កម្មវិធី One World: Together at Home នឹងចាក់ផ្សាយនៅថ្ងៃសៅរ៍ទី ១៨ មេសាវេលាម៉ោង ៨ យប់ ហើយកំពុងត្រូវបានផលិត សហការជាមួយអង្គការ Global Citizen និងអង្គការសុខភាពពិភពលោក។

កម្មវិធីទូរទស្សន៍ពិសេសនេះនឹងអបអរដល់បុគ្គលិកថែទាំសុខភាពសហគមន៍និងគាំទ្រដល់ការប្រយុទ្ធជាសកលរបស់អង្គការសុខភាពពិភពលោកដើម្បីបញ្ចប់ជំងឺកូវីដ១៩។

កម្មវិធីផ្សាយពិសេសនេះក៏នឹងរួមបញ្ចូលទាំងអង្គការសម្បុរសធម៌ក្នុងស្រុក ដែលផ្តល់ស្បៀងអាហារ ទីជម្រក និង ការថែទាំសុខភាពដល់អ្នកដែលត្រូវការជំនួយបំផុតក្នុងអំឡុងពេលនេះផងដែរ៕ ដោយ៖ កញ្ញាដាលីស

នាងហ្គាហ្គានិងពិធីករបីនាក់ទៀតនឹងផ្សាយផ្ទាល់កម្មវិធី One World: Together at Home