អគារ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹង​សាងសង់​ថ្មី​កម្ពស់​៩​ជាន់​

653
ចែករម្លែក
  • 7
    Shares

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ អគារ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កម្ពស់​៩​ជាន់ គ្រោង​នឹង​សាងសង់​នៅក្នុង​ខាងមុខនេះ ដោយ​ស្ថិតនៅ​ទីតាំង​ចាស់​ដដែល ពោលគឺ​មិនមាន​ការផ្លាស់ប្តូរ​ទៅ​ទីតាំង​ថ្មី​នោះទេ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​បញ្ជាក់ប្រាប់​រស្មី​កម្ពុជា​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមករា ថា ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នឹង​សាងសង​ថ្មី ដោយមាន​កំពស់​៩​ជាន់​។ ហើយ​អគារ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី គឺ​នៅ​ទីតាំង​ចាស់​ដដែល អត់​មានការ​ផ្លាស់ប្តូរ​ទៅណា​ទេ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​បញ្ជាក់ថា “​អគារ​ស្នងការ​ថ្មី ដែលមាន​កំពស់​៩​ជាន់ គឺ​ធ្វើ​នៅ​ទីតាំង​ចាស់​ដដែល ចំពោះ​ការចំណាយ​ថវិកា​ប៉ុន្មាន​នៅ​មិនទាន់​ដឹង​ទេ​”​។

​សូមជម្រាបថា កាលពី​ព្រឹក​ថ្ងៃទី​១១ ខែមករា នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ដឹកនាំ​កិច្ចប្រជុំ​ដោយ​ផ្តោតទៅលើ​របៀបវារៈ​សំខាន់ៗ ចំនួន​ពីរ គឺ​ទី​១.​បង្កើត​អនុគណៈកម្មការ​គ្រប់គ្រង​ការសាងសង់​អគារ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី ដែល​នឹងមាន​កម្ពស់​៩​ជាន់ មាន​ការិយាល័យ​ធ្វើការ​សម្រាប់​មន្ត្រីនគរបាល​គ្រប់​ផែន បំពាក់​បច្ចេកវិទ្យា​ទំនើប​តាមដាន​គ្រប់​ហេតុការណ៍​ក្នុង​រាជធានី​ភ្នំពេញ ព្រមទាំង​ចំណត​យានយន្ត​ត្រឹមត្រូវ និង​ទី​២.​ត្រៀម​រៀបចំ​សន្និបាត​ប្រចាំឆ្នាំ​ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៩ ខាងមុខនេះ​៕ ល​