អគ្គលេខា​ផ្តល់​អនុសាសន៍​៦​ចំ​ណុ​ដល់​សិក្ខាសាលា​ផែនការ​យុទ្ធសាស្ត្រ​ពិការភាព ២០១៩-២០២៣

833
ចែករម្លែក

​ដោយៈ មេសា​/ភ្នំពេញៈ ថ្លែ​ទៅកាន់​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្តីពី ការកសាង​សេចក្តីព្រាង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព ២០១៩-២០២៣ រៀបចំ​ដោយ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ នៅឯ​សណ្ឋាគារ​ភ្នំពេញ នា​ថ្ងៃទី ១១ និង ទី​១២ ខែ ធ្នូ ឆ្នាំ ២០១៨ លោក ឯម ច័ន្ទ​មករា អគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ បាន​លើកឡើងថា ដើម្បី​ជាការ​ចូលរួម​បច្ច័យ​គំនិត​ក្នុង​អង្គសិក្ខាសាលា​ដើម្បី​ការរៀបចំ​សេចក្តីព្រាង​ផែនការ​យុទ្ធ​ស្តីពី​ពិការភាព ២០១៩-២០២៣ នាឱកាស​នេះ លោក សូម​ផ្តល់​អនុសាសន៍ ៦ ចំណុច ដូចខាងក្រោម​៖


​ ​១.​គិតគូរ​អំពី​ការជំរុញ​ការចូលរួម​ពី​ស្ថាប័នរដ្ឋ វិស័យ​ឯកជន សង្គម​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍ​នានា សម្រាប់​ការដាក់បញ្ចូល​បញ្ហា​ពិការភាព​ទៅក្នុង​ការងារ​សង្គម ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​ ​២.​ត្រូវ​គិត​ជា​អាទិភាព​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ជ​ន​មាន​ពិការភាព និង​គ្រួសារ​មាន​ភាព​កាន់តែ​ប្រសើរឡើង គោរព​សេចក្តីថ្លៃថ្នូរ​ពី​កំណើត និង ការរស់នៅ​ដោយ​ឯករាជ្យ ព្រមទាំង​សុខុមាលភាព​ពេញលេញ​។​

​ ​៣.​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​លើកកម្ពស់​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ និង​ការទទួលបាន​សេវា​យុត្តិធម៌ ការចាក​ផុតពី​ការធ្វើ​ទារុណកម្ម ការរំលោភបំពាន ការកេងប្រវ័ញ្ច អំពើហិង្សា និង​ដំណោះស្រាយ​គ្រា​មាន​អាសន្ន ព្រមទាំង​លើកស្ទួយ​សមភាព​ស្ត្រី​ពិការ កុមារ​ពិការ និង​ជនពិការ​គ្រប់​ប្រភេទ​។​

​ ​៤.​គិត​អំពី​ការផ្តល់សេវា​គាំពារ​សង្គម អប់រំ បណ្តុះបណ្តាល​វិជ្ជាជីវៈ ការផ្តល់​ការងារ អាជីព និង​សេវាកម្ម​នានា​ជួយ​ជនពិការ​។


​ ​៥.​គិត​អំពី​ការផ្តល់​សិទ្ធិអំណាច តាមរយៈ​ការចូលរួម​ការសម្រេច​ចិត្ត និង​ការធ្វើ​នយោបាយ​របស់​ជនពិកា​រ​ក្នុងសង្គម ។​

៦.​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ជាក់លាក់​ដើម្បី​កែលម្អ​ឱកាស​ប្រើប្រាស់​បរិស្ថាន​រូបវន្ត មធ្យោបាយ​ដឹកជញ្ជូន​បម្រើ​ជា​សាធារណៈ ចំណេះដឹង ព័ត៌មាន និង​ទំនាក់ទំនង​សម្រាប់​ជន​មាន​ពិការភាព​។​

 

​លោក ឯម ច័ន្ទ​មករា ក៏បាន​បន្ថែម​ផងដែរ​ថា ចាប់ពីពេលនេះ​តទៅ នៅ​រាល់​លិខិតបទដ្ឋាន​គតិយុត្ត និង ឯកសារ​ផ្លូវការ​ទាំងឡាយ លែងមានទៀតហើយ​ពាក្យ​ថា  ជនពិការ  ពោលគឺ​ពាក្យ​ថា ជនពិការ នេះ នឹងត្រូវ​បាន​ប្រើ​ជំនួស​ជា​ផ្លូវការ​ដោយ​ពាក្យ​ថា  ជន​មាន​ពិការភាព  វិញ ។

​ពាក្យ​ថា ជនពិការ ជំនួស​ដោយ​ពាក្យ​ថា ជន​មាន​ពិការភាព នេះ មិនមែន​តែ​នៅ​កម្ពុជា​ទេ ប៉ុន្តែ​វា​គឺជា​ចរន្ត​នៅ​ណ្តា​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក ពីព្រោះ​ពាក្យ​ថា ជនពិការ ត្រូវបាន​ចាត់ទុកថា ជា​ពាក្យ​ផ្ទុក​ទៅដោយ​ការរើសអើង និង ការ​បន្ទច់បង្អាក់​ទឹកចិត្ត ចំណែក​ពាក្យ​ថា ជន​មាន​ពិការភាព ត្រូវបាន​ចាត់ទុកថា ផ្ទុក​ទៅដោយ​អត្ថន័យ​មិន​ប្រកាន់​រើសអើង គឺជា​ពាក្យ​លើកទឹកចិត្ត ជា​ពាក្យ​ទន់ភ្លន់ ជា​ពាក្យ​ផ្តល់នូវ​ការគោរព ជាពិសេស​ចំពោះ​ជន​ដែលមាន​ពិការភាព ។​

​ជាការ​កត់សម្គាល់ ពាក្យ​ថា ជនពិការ ត្រូវបាន​ប្រើ​ជំនួស​ដោយ​ពាក្យ​ថា ជន​មាន​ពិការភាព នេះ នៅក្នុង​ប្រទេស​កម្ពុជា ទើបតែ​ត្រូវបាន​ប្រើ​ច្រើន​បំផុត​ចាប់ពី​អំឡុង ឆមាស ទី ២ នៃ ឆ្នាំ ២០១៨ ដែល​ប្រការនេះ​ត្រូវបាន​លោក ឯម ច័ន្ទ​មករា ចាត់ទុកថា​ជា​វឌ្ឍនភាព​គួរឱ្យ​សោមនស្ស​មួយទៀត​សម្រាប់​វិស័យ​ពិការភាព​នៅ​កម្ពុជា ៕ Kh