អគ្គស្នងការ​នគ​បាល​ជាតិៈ​យើង​សន្សំ​កុំ​ឲ្យ​មាន​របួស​,​កុំ​ឲ្យ​បាត់បង់​ជីវិត​…

219
ចែករម្លែក
នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ(រូបឯកសារ)

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ទាក់ទង​នឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​ពីរ​ថ្ងៃ​មកនេះ នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​កាលពី​យប់​ថ្ងៃទី​២ ខែឧសភា ថា សូម​កោតសរសើរ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនធំ ដែល​បាន​គោរព​ច្បាប់ ហើយ​នៅសល់​បងប្អូន​មួយចំនួន​មិនទាន់​គោរព​។ លោក​សង្ឃឹមថា បងប្អូន​អ្នកធ្វើដំណើរ​តាមផ្លូវ​ទាំងអស់​នឹង​ចាប់ផ្តើម​គោរព​ច្បាប់​ពីថ្ងៃ​នេះ​ត​ទៅមុខទៀត​។

​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បន្តថា​“​យើង​សង្ឃឹមថា យើង​រួមគ្នា​ដើម្បី​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ជួយ​សន្សំ​ប្រាក់​កាក់​របស់​យើង​កុំ​ឲ្យ​បាត់បង់​។ យើង​សន្សំ​កុំ​ឲ្យ​របួសស្នាម​។ កុំ​ឲ្យ​បាត់បង់​អាយុជីវិត ដោយសារ​ចរាចរណ៍ ។​បើ​យើង​បាន​គោរព​ច្បាប់​ទាំងអស់គ្នា វា​ទៅជា​ការធ្វើដំណើរ​លើផ្លូវ​សាធារណៈ ទាំង​ធ្វើការ ទាំង​ប្រកប​របប​អាជីវកម្ម ក៏ដូចជា​ការ​មាន​សុជីវធម៌​មួយ មាន​សណ្តាប់ធ្នាប់​ថ្លៃថ្នូរ​ប្រទេសជាតិ​យើង ហើយ​សង្ឃឹម​អ៊ីចឹងទៅ​ថ្ងៃក្រោយ ។​យើង​នឹង​រឹតបន្តឹង​។ លោក​បន្តថា​បងប្អូន​ន​គ​របាល​ខំ​ធ្វើ​ទាំង​ថ្ងៃ​សៅរ៍ ថ្ងៃអាទិត្យ​។​ខ្ញុំ​អត់​ឲ្យ​ឈប់​ទេ​។ ប្រឹងប្រែង​ធ្វើ ព្រោះ​យើង​ចាប់ផ្តើម​ធ្វើ​ដំបូង​ត្រូវ​ប្រឹងប្រែង​ធ្វើ​។ ចាប់បង្ខំ​ធ្វើ​ឲ្យ​បាន ដូច​នៅ​ស្រុក​គេ ។​កាលណា​គេ​បាន​ច្បាប់​ទូទៅ ពង្រឹង​ទូទៅ វា​គោរព​ទៅជា​ផ្នត់​មួយ​ហើយ​។ អ៊ីចឹង​ពីដំបូង​ដៃ​ហាក់ដូចជា​តឹងតែង​បន្តិច លំបាក​បន្តិច ក៏ប៉ុន្តែ​ដល់​យើង​ធ្វើទៅ ប្រជាពលរដ្ឋ​កាន់តែ​យល់​ទៅ យើង​គោរព​ទាំងអស់គ្នា​ហើយ យើង​ប្រឹងប្រែង​ធ្វើ​ត​ទៅមុខទៀត​”​។​

​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ

​ចំណែក​លោក​​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​២ ខែឧសភា ថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ទូទាំងប្រទេស កាលពី​ថ្ងៃទី​២ ខែឧសភា សមត្ថកិច្ច​បាន​ត្រួតពិនិត្យ និង​ចាប់​ផាកពិន័យ​យានយន្ត​សរុប​ចំនួន ៣.០៨៦​គ្រឿង ក្នុងនោះ​ម៉ូតូ​ចំនួន ២.៣៤៦​គ្រឿង និង​រថយន្ត (​តូច ធំ​) ចំនួន ៧៤០​គ្រឿង​។
​លោក​បន្តថា​បទល្មើស​ភា​គ​ច្រើន​សម្រាប់​ម៉ូតូ គឺ​មិន​ពាក់មួក​សុវត្ថិភាព អត់​ផ្លាកលេខ អត់​កញ្ចក់ និង​បទល្មើស​ផ្សេងៗ​ទៀត​មាន​ចំនួន​តិចតួច​។ ចំណែក​បទល្មើស​សម្រាប់​រថយន្ត គឺ​ភាគច្រើន​មិន​ពាក់​ខ្សែក្រវាត់ បើក​លើស​ល្បឿន និង​ដឹក​លើស​ចំណុះ​។​
​លោក​បាន​បន្តថា​“​ចំពោះ​ស្ថានភាព​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​រយៈពេល​ពីរ​ថ្ងៃ ជារួម​បងប្អូន​កម្លាំង​នគរបាល​ចរាចរណ៍​ខិតខំ​ប្រឹងប្រែង​អនុវត្ត​ការងារ​ប្រកបដោយ​ការយកចិត្តទុកដាក់​តា​ម​គោលការណ៍​ណែនាំ​របស់​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក៏ដូចជា​អនុវត្ត​ទៅតាម​អនុក្រឹត្យ​លេខ​៣៩ ដែល​បានកំណត់​។ ដោយឡែក​សភាព​ការ​ប្រឈម​នានា​ពុំមាន​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ទេ បានន័យថា ប្រជាពលរដ្ឋ​ភាគច្រើន​គាត់​យល់ដឹង គាត់​គោរព​ច្បាប់​។ ពាក់ព័ន្ធ​ការលើកឡើង​ខ្លះៗ របស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សមត្ថកិច្ច​ក៏​កំពុងតែ​យកចិត្តទុកដាក់​តាមដាន​មើល​ព័​ត៍​មាន​ទាំងនោះ​ថា ពិត ឬក៏​មិន​ពិត ហើយ​ដើម្បី​ធ្វើការ​ដោះស្រាយ​បំភ្លឺ និង​ស្វែងរក​ផ​ហង​ដែ​ថា តើ​គាត់​បង្ហោះ​នឹងមាន​ចេតនា​អ្វី​?”៕​សរន​