អង្គការណាសានិងកងកម្លាំងអវកាសអាម៉េរិកដាក់ចេញផែនការ១០ឆ្នាំដើម្បីដោះស្រាយជាមួយអាចម៍ផ្កាយដែលហោះកៀកផែនដី

420
ចែករម្លែក

ផែនការ១០ឆ្នាំនេះកើតឡើងនៅពេលសហគមន៍វិទ្យាសាស្ត្ររំពឹងថាអាចម៍ផ្កាយ Apophis នឹងចូលមកជិតផែនដីនៅឆ្នាំ ២០២៩ សម្រាប់ក្រុមតារាវិទូសិក្សាពីទំហំរូបរាងទ្រង់ទ្រាយនិងផ្នែកខាងក្នុងរបស់វា ព្រោះវត្ថុហោះកៀកផែនដីខ្លាំងរបៀបនេះគឺជារឿងកម្រមានណាស់។

ប្រធានអង្គការណាសាលោក ជីម ប្រ៊ីដិនស្ទីន និយាយថា ណាសាកំពុងសម្លឹងមើលផែនការនានាដើម្បីដោះស្រាយជាមួយអាចម៍ផ្កាយនេះ ដែលនឹងហោះឆ្លងកាត់ជិតផែនដីប្រមាណ ៣២.១០០ គីឡូម៉ែត្រ។

នៅក្នុងសន្និសីទកាសែតតាមអ៊ីនធឺណេតកាលពីថ្ងៃអង្គារទី៥ឧសភា លោកប្រ៊ីដិនស្ទីននិយាយថា “អាចម៍ផ្កាយ Apophis នឹងខិតជិតមកផែនដីនៅឆ្នាំ ២០២៩។ វានឹងស្ថិតនៅក្រោមផ្កាយរណបរបស់យើងមួយចំនួននៅក្នុងគន្លងផែនដី (ចម្ងាយជាង ៣៥.៤០០ គីឡូម៉ែត្រ)”។

យោងតាមលោកប្រ៊ីដិនស្ទីន ការគំរាមកំហែងរបស់អាចម៍ផ្កាយ Apophis ឬអាចម៍ផ្កាយផ្សេងទៀតដែលចូលមកជិតផែនដី ដែលអាចនឹងបុកជាមួយផែនដី បានត្រូវបានសិក្សាដោយអង្គការណាសាដោយសហការជាមួយកងកម្លាំងអវកាសអាម៉េរិក។

លោកប្រ៊ីដិនស្ទីននិយាយថា “យើងមានកងកម្លាំងអវកាសមួយដែលមានឆន្ទៈធ្វើការជាមួយពួកយើងឥឡូវនេះ។ យើងត្រូវប្រាកដថាយើងបានត្រៀមខ្លួនសម្រាប់ផលប៉ះពាល់នៃអាចម៍ផ្កាយដែលអាចនឹងមានលក្ខណៈបំផ្លិចបំផ្លាញ។ យើងត្រូវធ្វើការលើរបៀបដែលយើងនឹងដោះស្រាយជាមួយអាចម៍ផ្កាយ ដែលនឹងប៉ះពាល់ដល់ផែនដី”។

មេបញ្ជាការទ័ពអវកាសអាម៉េរិកឧត្តមសេនីយ៍ ចាយ រ៉ាយម៉ុន បានសម្តែងការសាទរក្នុងការធ្វើការជាមួយអង្គការណាសាដើម្បី “រក្សាដែនអវកាសឱ្យមានសុវត្ថិភាពសម្រាប់ទាំងអស់គ្នា”៕ ដោយ៖ កញ្ញាដាលីស

អង្គការណាសានិងកងកម្លាំងអវកាសអាម៉េរិកដាក់ចេញផែនការ១០ឆ្នាំសម្រាប់ដោះស្រាយជាមួយអាចម៍ផ្កាយ Apophis ដែលនឹងហោះកៀកផែនដីបំផុតក្នុងឆ្នាំ ២០២៩