អង្គការសុខភាពពិភពលោកជ្រើសរើសម៉ាឡេស៊ីដើម្បីសាកល្បងថ្នាំថ្មីព្យាបាលជំងឺកូវីដ១៩

497
ចែករម្លែក

ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បាននិយាយថា ម៉ាឡេស៊ីត្រូវបានជ្រើសរើសដោយអង្គការសុខភាពពិភពលោក (WHO) ជាប្រទេសមួយក្នុងចំណោមប្រទេសទាំងដទៃទៀតដើម្បីធ្វើការសាកល្បងលើប្រសិទ្ធភាពនៃថ្នាំ Remdesevir ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩។

NSC និយាយថា ប្រទេសម៉ាឡេស៊ីត្រូវបានជ្រើសរើសដោយសារតែក្រសួងសុខាភិបាលមានសមត្ថភាពធ្វើការស្រាវជ្រាវ។

អគ្គនាយកសុខាភិបាលលោក នួ ហ៊ីសាម អាប់ឌុលឡា និយាយថា ក្រសួងសុខាភិបាលនឹងព្យាបាលអ្នកជំងឺកូវីដ១៩ជាមួយថ្នាំថ្មី Remdesevir ហើយនឹងតាមដានរាល់ផលប៉ះពាល់និងប្រសិទ្ធភាពរបស់វា។

នៅក្នុងសារបង្ហោះតាមហ្វេសប៊ុក លោក ហ៊ីសាម បានបកស្រាយថា កាលពីថ្ងៃសុក្រ (២៧ មីនា) អង្គការ WHO បានប្រកាសពីការសាកល្បងព្យាបាលជាសកលដ៏ធំមួយដែលមានឈ្មោះថា “សាមគ្គីភាព” ដើម្បីរកឱ្យឃើញថាតើថ្នាំមួយណាអាចព្យាបាលជំងឺកូវីដ១៩ជាសះស្បើយ។

លោកនិយាយថា “វាជាកិច្ចខិតខំប្រឹងប្រែងមិនធ្លាប់មានពីមុនមក ដែលជាការជំរុញសម្របសម្រួលពេញទំហឹងដើម្បីប្រមូលទិន្នន័យវិទ្យាសាស្ត្ររឹងមាំក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតនេះ។ ការស្រាវជ្រាវដែលអាចរាប់បញ្ចូលអ្នកជំងឺរាប់ពាន់នាក់នៅក្នុងប្រទេសរាប់សិបត្រូវបានរៀបចំឱ្យមានលក្ខណៈសាមញ្ញតាមដែលអាចធ្វើទៅបានដូច្នេះសូម្បីតែមន្ទីរពេទ្យចាល់ដោយអ្នកជំងឺកូវីដ១៩ក៏អាចចូលរួមបានដែរ”។

លោកវេជ្ជបណ្ឌិតហ៊ីសាមនិយាយថា “WHO កំពុងផ្តោតលើអ្វីដែលខ្លួននិយាយថា ការព្យាបាលគួរជាទីរំពឹងបំផុតទាំងបួន គឺ ១.សមាសធាតុប្រឆាំងវីរុសដែលបានពិសោធន៍ គឺថ្នាំ Remdesivir ២.ថ្នាំព្យាបាលជំងឺគ្រុនចាញ់ Chloroquine និង Hydroxychloroquine ៣.ការរួមបញ្ចូលគ្នារវាងថ្នាំហ៊ីវពីរប្រភេទគឺ Lopinavir និង Ritonavir និង ៤.ការរួមបញ្ចូលគ្នារវាងថ្នាំហ៊ីវដដែលបូកជាមួយថ្នាំ Interferon-beta ដែលជាប្រភេទថ្នាំជំរុញប្រព័ន្ធភាពស៊ាំជួយសម្លាប់មេរោគ”៕ ដោយ៖ កញ្ញាដាលីស

បុគ្គលិកអង្គការសុខភាពពិភពលោកធ្វើតេស្តរកអ្នកជំងឺកូវីដ១៩នៅទីក្រុងគូឡាឡាំពួកាលពីថ្ងៃទី២៣មីនា