អង្គការ​សុខភាព​ពិភពលោក​និយាយថា វីរុស​កូរ៉ូណា​កើតចេញ​ពី​ធម្មជាតិ​

170
ចែករម្លែក

​អង្គការ​សុខភាព​ពិភពលោក​(WHO)​កាលពី​ថ្ងៃ​សុក្រ​ទី​០១​ឧសភា បានបញ្ជាក់​អះអាង​សា​ជា​ថ្មី​ថា​កូរ៉ូណា​វីរុស​ថ្មី​ដែល​កំពុង​រាតត្បាត​ពាស​ពេញ​ពិភពលោក​កើតចេញពី​ធម្មជាតិ បន្ទាប់​ពី​ប្រធានាធិបតី ​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ បាន​អះអាង​កាល​ពី​មួយ​ថ្ងៃមុន​នេះ​ថា លោក​បាន​ឃើញ​ភស្តុតាង​ថា វា​«​ចេញពី​កន្លែង​ពិសោធន៍​វីរុស​មួយ​នៅ​ចិន​»​។​

ប្រធាន​គ្រាអាសន្ន​របស់​WHO​លោក ម៉ៃ​ឃើ​ល រ៉ា​យ​អ៊ឹន

​ពួក​អ្នកវិទ្យាសាស្ត្រ ជឿ​ថា​វីរុស​ពិឃាត​នេះ​ឆ្លង​ចេញ​ពី​សត្វ​មក​មនុស្ស និង​ផ្ទុះ​ចេញ​នៅ​ចិន​កាលពី​ចុងឆ្នាំ​មុន អាច​ចេញ​ពី​ផ្សារ​មួយ​នៅ​ក្រុង​វូ​ហាន ដែល​លក់​សត្វ​កម្រៗ​សំរាប់ធ្វើ​ជា​អាហារ​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ត្រាំ​បាន​អះអាងថា លោក​បាន​ឃើញ​ភស្តុ​ង​តាង​ថា វិទ្យាស្ថាន​វីរុស​វិទ្យា​នៅ​វូ​ហាន ពិត​ជា​ប្រភព​នៃ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩ ទោះជា​យ៉ាងណា​លោក​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​។​

​នៅពេល​ត្រូវ​បាន​សាកសួរ​អំពី​ការអះអាង​របស់​ត្រាំ នៅក្នុង​សន្និសីទ​កាសែត​មួយ ប្រធាន​គ្រាអាសន្ន​របស់​WHO​លោក ម៉ៃ​ឃើ​ល រ៉ា​យ​អ៊ឹន បានបញ្ជាក់​ថា​ទីភ្នាក់ងារ​សុខភាព​របស់​អង្គការ​សហប្រជាជាតិ​​បាន​«​ស្តាប់​ម្តង​ហើយ​ម្តងទៀត​សម្តី​របស់​អ្នកវិទ្យាសាស្ត្រ​ជាច្រើន ដែល​សម្លឹង​ទៅ​រក​សំណុំ​ហ្សែ​ន​នៃ​វីរុស​នេះ​។​«​យើង​ធានាថា វីរុស​នេះ​មាន​ប្រភព​ធម្មជាតិ​»​។​

WHO​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​ចង់អោយ​គេ​អញ្ជើញ​ចូលរួម​នៅក្នុង​ការស៊ើបអង្កេតរ​បស់​ចិន ទៅ​លើ​ប្រភព​ផ្ទុះ​ជំងឺ​នេះ​ពី​សត្វ ។​

​លោក​រ៉ា​យ​អ៊ឹន បាន​និយាយថា «​អ្វី​ដែល​សំខាន់​គឺ​យើង​កំណត់​ថា​អ្វី​ជា​ប្រភព​ធម្មជាតិ​នៃ​វីរុស​នេះ​។​គោលបំណង​នៃ​ការយល់ដឹង​នេះ​ដើម្បី​យើង​អាច​ត្រៀម​បង្ការ​និង​ចាត់វិធានការ​សុខភាព​សាធារណៈ​​ចាំបាច់​ដើម្បី​ទប់ស្កាត់​កុំអោយ​ហេតុការណ៍​បែប​នេះ​កើតមាន​ជា​ថ្មី​»​។​

​ក្នុងពេល​ជាមួយគ្នា ប្រធាន​WHO លោក តេ​ដ្រូ​ស អាត​ដា​នូ​ម ហ្គេ​ប្រេ​យេស៊ូ​ស កាលពី​ថ្ងៃ​សុក្រ​បាន​បន្ត​ច្រាន​ចោល​ការរិះគន់​អង្គការ​របស់​លោក ជា​ពី​សេស​សំណាក់​លោក​ត្រាំ ដែល​បាន​បញ្ជា​អោយ​ផ្អាក​​ការផ្តល់​មូលនិធិ​ដល់​អង្គការ​នេះ​ដោយ​លោក​ចោទប្រកាន់ថា លម្អៀង​ទៅខាង​ចិន​និង​មិនបាន​អោយ​ទម្ងន់​លើ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​នៅ​ដំណាក់កាល​ដំបូង​។​

​តេ​ដ្រូ​ស បាន​និយាយថា WHO​បានប្រកាស​ការព្រមាន​កំរិត​ខ្ពស់បំផុត ថាកូ​វីដ​១៩​ជា​«​គ្រោះអាសន្ន​សុខភាព​សាធារណៈ​ដែល​ជា​ការព្រួយបារម្ភ​អន្តរជាតិ​»​កាលពី​ថ្ងៃ​៣០​មករា នៅពេល​មិន​មាន​ការស្លាប់​​និង​មាន​ការឆ្លង​តែ​៨២​ករណី​នៅ​ក្រៅប្រទេស​ចិន ដូច្នេះ «​យើង​មិន​បាន​ចំណាយ​ពេល​ឥត​ប្រយោជន៍​ទេ​។​ពិភពលោក​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​អន្តរាគមន៍​»៕​ប្រែ​សម្រួល​៖​វាសនា​