អង្គការ​អា​ដ្រា​កម្ពុជា​ឧបត្ថម​សម្ភារ​ការពារ​និង​សម្ភារ​ផ្សព្វផ្សាយ​ការពារ​នៃ​ជំងឺ​កូ​វីដ​១៩​ជា​ទឹកប្រាក់​ប្រមាណ​១​ម៉ឺន​៥​ពាន់​ដុល្លារ

155
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​រសៀល​ថ្ងៃទី​៣​ខែមេសា​ឆ្នាំ​២០២០​អង្គការ​អា​ដ្រា​កម្ពុជា​នាំយក​នូវ​សម្ភារ​ការពារ​និង​សម្ភារ​ផ្សព្វផ្សាយ​ទប់ស្កាត់​និង​ការពារ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ជា​ទឹកប្រាក់​ប្រមាណ​ជា​១​ម៉ឺន​៥​ពាន់​ដុល្លារ​អាមេរិក​ផ្ដល់ជូន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​។​ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​អាជ្ញាធរខេត្ត​ព្រះវិហារ​ទៅនឹង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​។

​លោក​រ័ត្នរ​មនា​ប្រធាន​គម្រោង​អោប​អង្គការ​អា​ដ្រា​កម្ពុជា​ប្រចាំខេត្ត​ព្រះវិហារ​បាន​បញ្ជាក់ថា​ក្នុង​ស្មារតី​ចូលរួម​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​ក៏ដូចជា​ក្នុងភូមិ​សាស្ដ្រ​ខេត្តព្រះវិហារ​ទាំងមូល​ផង​នោះ​ជំហាន​ដំបូង​អង្គការ​អា​ដ្រា​បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​។​ដើម្បី​បោះពុម្ព​នូវ​ផ្ទាំង​បដារ​ផ្សព្វផ្សាយ​ផ្ទាំង​ប៉ូ​ស្ទ័​រ​និង​ខិតប័ណ្ណ​ផ្សព្វផ្សាយ​អំពី​នូវ​សារ​អប់រំ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​ចែកចាយ​នា​ដើមខែ​មីនា​កន្លងទៅនេះ​រួចមកហើយ​។

​ដោយឡែក​ក្នុង​ជំហាន​បន្ដ​នេះ​គឺ​អង្គការ​អា​ដ្រា​កម្ពុជា​បាន​បន្ដ​នាំយក​នូវ​សម្ភារ​ការពារ​និង​សម្ភារ​ផ្សព្វផ្សាយ​មួយចំនួន​ដែល​សរុប​ជា​ថវិកា​សរុប​ប្រមាណ​១៥.០០០​ដុល្លារ​អាមេរិក​ផ្ដល់ជូន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​បន្ថែមទៀត​ក្នុង​គោលបំណង​ដើម្បី​បំពេញតម្រូវការ​ផ្គត់ផ្គង់​សម្ភារ​ការពារ​និង​ផ្សព្វផ្សាយ​នៅ​គ្រប់​មន្ទីរពេទ្យបង្អែករ​ហូត​ដល់​គ្រប់​មណ្ឌល​សុខភាព និង​ប៉ុស្ដិ៍​សុខភាព​ក្នុងភូមិ​សាស្ដ្រ​ខេត្ត​។​

​ចំពោះ​សម្ភារ​ទាំងនេះ រួមមាន​ឧបករណ៍​វាស់​កម្ដៅ​ចំនួន​៤៨​គ្រឿង​,​ម៉ាស់​ចំនួន​៧.៩៧៥​ម៉ាស់​,​ស្រោមដៃ ៧.៩៧៥​គូរ​, អាល់កុល ១.៣២០​លីត្រ​, ធុង​សម្រាប់​បាញ់សម្លាប់​មេរោគ​ចំណុះ​២០​លីត្រ ចំនួន​៤ និង​សម្ភារ​ផ្សព្វផ្សាយ​ជា​សារ​អប់រំ​ការពារ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​មួយចំនួនទៀត​។​

​ក្នុងឱកាស​នេះដែរ​លោក​វេជ្ជបណ្ឌិត​គួ​ង​ឡូ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​បាន​កោតសរសើ​រ​និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កាយវិការ​សប្បុរសធម៌​ដ៏​ប្រពៃ​របស់​អង្គការ​អា​ដ្រា​កម្ពុជា ដែល​បាន​ចូលរួមចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការរីក​រាលដាល នៃ​វីរុស​កូ​រ៉ូ​ណា (​កូ​វីដ​-១៩) ។​ដោយបាន​ជួយឧបត្ថម្ភ​ក្នុងការ​ផ្ដល់​ជា​សម្ភារ​ការពារ​និង​សម្ភារ​ផ្សព្វផ្សាយ​ជាច្រើន​ស្របតាម​តម្រូវការ​នាពេល​បច្ចុប្បន្ន​នេះ​ដល់​មន្ទីរ​សុខាភិបាល​ខេត្ត​។​

​លោក​បាន​បន្តថា​សម្ភារ​ការពារ​ទាំងអស់នេះ​នឹង​នាំយកទៅ​ផ្ដល់​គ្រប់​មន្ទីរពេទ្យបង្អែករ​ហូត​ដល់​មណ្ឌល​សុខភាព​និង​ប៉ុស្ដិ៍​សុខភាព​និង​ដោយឡែក​សម្ភារ​សម្រាប់​ផ្សព្វផ្សាយ​នូវ​សារ​អប់រំ​នឹង​បាន​ដល់​ប្រជាជន​នៅក្នុង​តំបន់ ដែល​គ្រប់​ដណ្ដប់​ដោយ​មណ្ឌល​សុខភាព​ទាំងអស់ ក្នុងភូមិ​សាស្ដ្រ​ខេត្តព្រះវិហារ​៕S/​