អង្គការ ILO និយាយថា មនុស្ស ១៩៥ លាននាក់នឹងបាត់បង់ការងារធ្វើពីខែមេសាដល់ខែមិថុនា

152
ចែករម្លែក

អង្គការពលកម្មអន្តរជាតិ (ILO) បាននិយាយកាលពីថ្ងៃអង្គារ ទី៧ មេសាថា ជំងឺកូវីដ១៩នឹងលុបបំបាត់ការងារជាច្រើន ដែលស្មើនឹងកម្មករធ្វើការពេញម៉ោងចំនួន ១៩៥ លាននាក់នៅជុំវិញពិភពលោកចាប់ពីខែមេសាដល់ខែមិថុនា ដោយអង្គការអំពាវនាវឱ្យមានចំណាត់ការគោលនយោបាយរហ័សនិងរបបពាណិជ្ជកម្មបើកទូលាយដើម្បីគាំទ្រដល់ការងារ។

ទន្ទឹមនឹងនេះ អ្នកដែលបន្តធ្វើការងារនៅទីសាធារណៈប្រឈមនឹងហានិភ័យខ្ពស់ផ្នែកសុខភាពនិងសេដ្ឋកិច្ច។ ស្ត្រីក្នុងចំនួនច្រើនជាងបុរសយ៉ាងឆ្ងាយគឺប្រឈមនឹងហានិភ័យបែបនេះនៅក្នុងវិស័យសុខាភិបាល។

លោក ហ្គាយ រ៉ាយឌ័រ អគ្គនាយកអង្គការ ILO បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “កម្មករនិយោជិតនិងអាជីវកម្មជាច្រើនកំពុងប្រឈមមុខនឹងគ្រោះមហន្តរាយទាំងនៅក្នុងបណ្តាប្រទេសសេដ្ឋកិច្ចកំពុងអភិវឌ្ឍនិងអភិវឌ្ឍ។ យើងត្រូវតែធ្វើដំណើរទៅមុខឱ្យលឿន កុំរួញរា ​និង រួបរួមគ្នា។ វិធានការបន្ទាន់ត្រឹមត្រូវអាចធ្វើឱ្យមានភាពខុសគ្នារវាងការរស់រាននិងការដួលរលំ”។

នៅក្នុងការវាយតម្លៃចុងក្រោយរបស់ខ្លួនស្តីពីជំងឺឆ្លងនិងការរាលដាលយ៉ាងឆាប់រហ័សនៃការបិទប្រទេសនីមួយៗ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិមួយនេះបានប៉ាន់ប្រមាណថា ម៉ោងធ្វើការនៅអាស៊ីនិងតំបន់ប៉ាស៊ីហ្វិកនឹងថយចុះ ៧,២ ភាគរយចាប់ពីខែមេសាដល់ខែមិថុនា ដែលស្មើនឹងចំនួនកម្មករ ១២៥ លាននាក់ ដែលធ្វើការ ៤៨ ម៉ោងក្នុងមួយសប្តាហ៍។

កាលពីពាក់កណ្តាលខែមីនា អង្គការ ILO បានព្យាករថា ជំងឺរាតត្បាតនេះអាចនឹងធ្វើឱ្យពិភពលោកបាត់បង់ការងារចំនួន ២៥ លានការងារនៅឆ្នាំនេះពីការងារសរុបចំនួន ៣,៣ ពាន់លានការងារ។

អង្គការនេះបាននិយាយកាលពីថ្ងៃអង្គារថា “មានហានិភ័យខ្ពស់ដែលថាកំណើននៃចំនួនអ្នកគ្មានការងារធ្វើជាសកលនៅចុងឆ្នាំ ២០២០ នឹងមានខ្ពស់ជាងការព្យាករណ៍ពីដំបូង” ដោយហៅព្រឹត្តិការណ៍នេះថាជាវិបត្តិសកលដ៏អាក្រក់បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២។ ការខាតបង់ផលិតកម្មសម្រាប់សហគ្រាសជាច្រើនក៏ទំនងហិនហោចខ្លាំងនិងខូចខាតយូរអង្វែងផងដែរជាពិសេសនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ កន្លែងដែលខ្ទង់ថវិកាសម្រាប់ជំរុញសេដ្ឋកិច្ចមានកម្រិតតិចតួច។

អង្គការនិយាយថា ការងារជាច្រើនគឺពឹងអាស្រ័យទៅលើថាតើសេដ្ឋកិច្ចនឹងស្ទុះងើបឡើងវិញឆាប់រហ័សកម្រិតណានៅក្នុងឆមាសទី ២ នៃឆ្នាំនេះ ហើយថាតើវិធានការគោលនយោបាយជំរុញតម្រូវការការងារមានប្រសិទ្ធភាពកម្រិតណា៕ ដោយ៖ កញ្ញាដាលីស

កម្មករពាក់ឈុតការពារបាញ់សម្លាប់មេរោគនៅផ្សារប្រពៃណីមួយក្នុងប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី២៥មីនា