អង្គការ OECD និយាយថា សេដ្ឋកិច្ចសកលលោកនឹងរងគ្រោះរាប់ឆ្នាំ

204
ចែករម្លែក

អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានព្រមានថា ពិភពលោកនឹងចំណាយពេលច្រើនឆ្នាំដើម្បីស្តារឡើងវិញពីជំងឺរាតត្បាតកូរ៉ូណា។

អគ្គលេខាធិការអង្គការ OECD លោក អ៊ែនជែល ហ្គួរ៉ា (Angel Gurría) និយាយថា វិបត្ដិសេដ្ឋកិច្ចមានទំហំធំជាងវិបត្តិហិរញ្ញវត្ថុរួចទៅហើយ។

លោកបានប្រាប់ BBC ថាវាជា “ការគិតប្រកបដោយក្តីសង្ឃឹម” ដើម្បីជឿថា ប្រទេសនានានឹងវិលត្រឡប់មកសភាពដើមវិញបានឆាប់រហ័ស។

អង្គការ OECD បានអំពាវនាវដល់រដ្ឋាភិបាលនានាឱ្យដកចេញនូវវិធានស្តីពីការចំណាយ ដើម្បីធានាបានថា ការធ្វើតេស្តនិងការព្យាបាលជំងឺកូវីដ១៩ មានល្បឿនលឿន។

លោកហ្គួរ៉ានិយាយថា ការព្រមាននាពេលថ្មីៗនេះថាការផ្ទុះឡើងធ្ងន់ធ្ងរនៃជំងឺនេះអាចបន្ថយកំណើនសេដ្ឋកិច្ចពិភពលោក ១,៥ ភាគរយ ហាក់ដូចជាមានសុទិដ្ឋិនិយមពេកហើយ។

ខណៈចំនួននៃការបាត់បង់ការងារនិងការដួលរលំក្រុមហ៊ុននានានៅតែមិនទាន់ដឹងប្រាកដ លោកហ្គួរ៉ានិយាយថាបណ្តាប្រទេសនានានឹងត្រូវដោះស្រាយជាមួយនឹងការធ្លាក់ចុះសេដ្ឋកិច្ច “ច្រើនឆ្នាំទៅមុខ”។

លោកបាននិយាយថា ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោកនឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចក្នុងប៉ុន្មានខែខាងមុខ ដែលនេះមានន័យថាជាការធ្លាក់ចុះនៃសេដ្ឋកិច្ចរយៈពេល ២ ត្រីមាសជាប់ៗគ្នា។

លោកបានបន្ថែមថា “ទោះបីអ្នកមិនមានវិបត្តិសេដ្ឋកិច្ចទូទាំងពិភពលោកក៏ដោយ ក៏អ្នកនឹងមិនមានកំណើនឬមានកំណើនអវិជ្ជមាននៅក្នុងសេដ្ឋកិច្ចជាច្រើនក្នុងពិភពលោក រួមទាំងប្រទេសធំៗមួយចំនួន ហើយដូច្នេះអ្នកនឹងមិនត្រឹមតែ មានកំណើនទាបនៅឆ្នាំនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវចំណាយពេលយូរដើម្បីងើបឡើងវិញនាពេលអនាគតទៀតផង”៕ ដោយ៖ កញ្ញាដាលីស

អគ្គលេខាធិការអង្គការ OECD លោក អ៊ែនជែល ហ្គួរ៉ា និយាយថា វិបត្ដិសេដ្ឋកិច្ចមានទំហំធំជាងវិបត្តិហិរញ្ញវត្ថុរួចទៅហើយ