អង្គការ WHO ៖ ពិភពលោកខ្វះគិលានុបដ្ឋាយិកា ៦ លាននាក់

115
ចែករម្លែក

ខណៈកូវីដ១៩ក្លាយជាចំណងជើងធំលើសារព័ត៌មានជាសកល អង្គការសុខភាពពិភពលោក (WHO) បានព្រមាននៅថ្ងៃអង្គារទី ៧ មេសានេះថា ពិភពលោកត្រូវការគិលានុបដ្ឋាយិកាជិត ៦ លាននាក់ទៀត។

ទីភ្នាក់ងារសុខាភិបាលរបស់អង្គការសហប្រជាជាតិមួយនេះរួមជាមួយដៃគូអង្គការ Nursing Now និង ក្រុមប្រឹក្សាគិលានុបដ្ឋាយិកាអន្តរជាតិ (ICN) បានគូសបញ្ជាក់នៅក្នុងរបាយការណ៍មួយស្តីពីតួនាទីសំខាន់របស់គិលានុបដ្ឋាយិកា ដែលមានចំនួនជាងពាក់កណ្តាលនៃបុគ្គលិកសុខាភិបាលទូទាំងពិភពលោក។

ប្រធានអង្គការសុខភាពពិភពលោកលោក ថេដ្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “គិលានុបដ្ឋាយិកាគឺជាឆ្អឹងខ្នងនៃប្រព័ន្ធសុខាភិបាលទាំងអស់”។

លោកបានកត់សម្គាល់ថា “សព្វថ្ងៃនេះគិលានុបដ្ឋាយិកាជាច្រើនមើលឃើញខ្លួនឯងនៅជួរមុខប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ វាចាំបាច់ណាស់ដែលពួកគេទទួលបានការគាំទ្រដែលពួកគេត្រូវការដើម្បីថែរក្សាសុខភាពពិភពលោក”។

របាយការណ៍និយាយថាមានគិលានុបដ្ឋាយិកាត្រឹមតែ ២៨ លាននាក់ប៉ុណ្ណោះនៅលើភពផែនដី។ ក្នុងរយៈពេល ៥ ឆ្នាំរហូតដល់ឆ្នាំ ២០១៨ ចំនួនគិលានុបដ្ឋាយិកាបានកើនឡើង ៤,៧ លាននាក់។

ចង្អុលបង្ហាញពីគម្លាតធំធេងបំផុតនៅក្នុងប្រទេសក្រីក្រនៅទ្វីបអាហ្វ្រិក អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា និង ផ្នែកខ្លះនៃទ្វីបអាម៉េរិកខាងត្បូង អង្គការ WHO និយាយថា “ប៉ុន្តែពិភពលោកនៅតែខ្វះគិលានុបដ្ឋាយិកា ៥,៩ លាននាក់”។

របាយការណ៍បានជំរុញឱ្យប្រទេសនានាកំណត់គម្លាតនៃកម្លាំងពលកម្មគិលានុបដ្ឋាករបស់ពួកគេនិងវិនិយោគលើការអប់រំគិលានុបដ្ឋាក ការងារ និង ភាពជាអ្នកដឹកនាំ៕ ដោយ៖ កញ្ញាដាលីស

ពិភពលោកខ្វះគិលានុបដ្ឋាកា ៥,៩ លាននាក់