អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូន​ខ្លួន​អតីត​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ទៅ​តុលាការ​

168
ចែករម្លែក
អង្គភាព​ប្រឆាំង​អំពើពុករលួយ​បញ្ជូន​ខ្លួន​អតីត​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ទៅ​តុលាការ​

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជូន​ខ្លួន​លោក​ម៉ៃ តុលា អតីត​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០២០​។ ការ​បញ្ជូនទៅ​តុលាការ​នេះ គឺ​បន្ទាប់ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ស្តាប់​ចម្លើយ​លោក​ម៉ៃ តុលា ចប់សព្វគ្រប់​ពាក់​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ថវិកា​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​
លោក​គុជ គឹម​ឡុង អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់អ្នកកាសែត​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជូន​ខ្លួន​ល​លោក​ម៉ៃ តុលា មក​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​៨ ខែឧសភា នេះ ហើយ​ព្រះរាជអាជ្ញា​កំពុងតែធ្វើការ​សាកសួរ​។​


​លោក​ម៉ៃ តុលា អតីត​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រូវបាន​កម្លាំង​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២០​។ បន្ទាប់ពី​សាកសួរ​យក​ចម្លើយ​រួច ប៉េអឹម​បាន​បញ្ជូន​ខ្លួន​លោក​ម៉ៃ តុលា ទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​។​
ការចាប់ខ្លួន​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ប៉េអឹម​លើ​ផ្ទៃ​ប្រទេស​បានទទួល​ពាក្យបណ្តឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ជុំវិញ​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​របស់គាត់​ជា​ប្រធាន​បច្ចេកទេស និង​ជា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

លោក ម៉ៃ តុលា


​ទាក់ទង​ករណីនេះ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​បាត់​ទាត់​កម្ពុជា បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃទី​៧ ខែឧសភា ថា អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺជា​នគរបាល​យុត្តិធម៌ ក្រោយពី​មាន​បណ្តឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ជុំវិញ​ភាពមិនប្រក្រតី​ក្នុងការ​អនុវត្ត​តួនាទី​នៅពេលដែល​គាត់​ក្នុង​តំណែង​ជា​ប្រធាន​បច្ចេកទេស និង​ជា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​អគ្គលេខាធិការ​ស្តីទី​) អាវុធហត្ថ​បាន​ចាត់វិធានការ​ធ្វើការ​ស្រាវជ្រាវ​និង​បាន​រកឃើញថា គាត់​បាន​ប្រព្រឹត្ត​បទល្មើស​មែន ហើយ​គាត់​ក៏បាន​សារភាព​។


នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បញ្ជាក់ថា “​បទល្មើស​ដែល​លោក​ម៉ៃ តុលា បាន​ប្រព្រឹត្ត​គឺពាក់ព័ន្ធ​ទៅ​និង​អំពើពុករលួយ ហើយ​អំពើពុករលួយ​នេះ ច្បាប់​បានចែង​ហើយ គឺ​មានតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ ទើប​មាន​នីតិសម្បទា​ជា​មន្ត្រីនគរបាល​យុត្តិធម៌​ក្នុងការ​មាន​ចំណាត់​ការប្រឆាំង​អំពើពុករលួយ​នេះ តាមផ្លូវ​ច្បាប់​។ អីចឹង​អាវុធហត្ថ​បាន​ឃាត់ អាវុធហត្ថ​បាន​សួរ អាវុធហត្ថ​បាន​ប្រមូល​សំណុំរឿង ហើយ​ក៏បាន​បញ្ជូនទៅ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដើម្បី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​”​។​


បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ថ្ងៃទី​៦​ខែឧសភា ឆ្នាំ​២០២០ បាន​បញ្ជាក់ថា អតីត និង​មន្ត្រី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មួយចំនួន​ដែល​បាន​ប្រព្រឹត្ត​កំហុស​ខុសឆ្គង​ធ្ងន់ធ្ងរ ផ្ទុយ​និង​ក្រមសីលធម៌ ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុ​ជាមាន​ដូចជា លោក ម៉ៃ តុលា លោក ទុយ វិច្ឆិកា លោក ឆាំង ពិសិដ្ឋ និង​លោក​គល់ សុភា​រម្យ ត្រូវបាន​ព្យួរ​គ្រប់​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយជីវិត​។

លោក ម៉ៃ តុលា


​ចំណែក​លោក ម៉ៃ តុលា អតីត​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ត្រូវបញ្ជូន​សំណុំរឿង​ប្រព្រឹត្ត​អំពើពុករលួយ​ទៅ​តុលាការ​មាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​
​ទាក់ទង​ករណីនេះ លោក កែវ សារ៉េត ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC) បាន​ថ្លែងកាលពីថ្ងៃទី៦ខែឧសភាថា អំឡុង​ការសហការ​រវាង មន្ត្រី​សហព័ន្ធ និង​ក្រុមហ៊ុនស្រា​បៀរ Tiger រៀបចំ​ការប្រកួត​រប​ស់ Tiger Street football តាំងពី​ឆ្នាំ ២០១៣ មកដល់​ឆ្នាំ ២០១៩ រកឃើញថា មន្ត្រី​សហព័ន្ធ ទាំង​៤​រូបនោះ​មានការ​កិប​កេង​ប្រា​ក់ជាង ៣០ភាគរយ ដោយ​គ្មាន​មូលហេតុ​មិនបាន​ចូលមក​សហព័ន្ធ​សោះ​។ ក្រោយ​ការបង្កើត​គណៈកម្មការ​វិន័យ សហព័ន្ធ បាន​រកឃើញ​បន្ថែមថា ត្រឹម​អំឡុង​ឆ្នាំ ២០១៥ ដល់ ២០១៩ មានការ​កិបកេង​ប្រា​ក់ជាង ៥៩.៧៣៦ ដុល្លារ​ដុល្លារ​។ អំពើ​នេះហើយ ទើបបានជា​សហព័ន្ធ​បាល់ទាត់​កម្ពុជា បាន​ប្រជុំគ្នា​ជាច្រើនលើក រហូតដល់​ឈានដល់​ការពិន័យ​ព្យួរ​សកម្មភាព​បាល់ទាត់​ពួកគេ​ទាំង ៤​នាក់​រហូត​មួយជីវិត​តែម្ដង​។ ខណៈដែល​សាមីខ្លួន​ទាំង​៤ ក៏បាន​សារភាព​ចំពោះ​កំហុស​នេះដែរ​៕សរន