អតីតមន្ត្រី​សាលា​រាជធានី​ភ្នំពេញ​២​រូប​ត្រូវ​តុលាការ​ប្រកាស​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​២​ឆ្នាំ​

1224
ចែករម្លែក
មន្ត្រី​ទាំង​២​រូប​ឈ្មោះ រ័ត្ន បុរី អាយុ​៣៤​ឆ្នាំ មុខងារ​ប្រធានការិយាល័យ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ និង​ឈ្មោះ ម៉ៃ វ៉ាន់​ណា​រុំ អាយុ​៣៣​ឆ្នាំ មុខងារ​បុគ្គលិក​ការិយាល័យ វិនិយោគ​សាលា​រាជធានី​ភ្នំពេញ​

(​ភ្នំពេញ​)៖ អតីតមន្ត្រី​សាលា​រាជធានី​ភ្នំពេញ​២​រូប ជាប់ចោទ​បទ «​វិ​តិ​ក្រម​» គឺ​ជំរិត​ទារប្រាក់​ពី​ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​លើស​ច្បាប់​កំណត់ ត្រូវបាន ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រកាស​សាលក្រម​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​រៀល នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៧​នេះ​។​

​ទោះជា​យ៉ាងណា​ចៅក្រម​ដដែល​ប្រកាសថា​«​ទោស​នេះ គឺ​គិត​ចាប់​ពីថ្ងៃ​ឃុំខ្លួន ដល់​ថ្ងៃ​ប្រកាស​សាលក្រម សល់​ប៉ុន្មាន​ព្យួរទោស​ធម្មតា​»​។​

​បើ​អ្នកច្បាប់​មួយរូប​បាន​អះអាងថា ការសម្រេច​នេះ​មានន័យថា ជនជាប់ចោទ​ទាំងពីរ​នាក់ នឹងត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ ប្រសិនបើ​គ្មាន​សំណុំរឿង​ផ្សេងទៀត ហើយ​គ្មាន​បណ្តឹងឧទ្ធរណ៍​ពី​ព្រះរាជអាជ្ញា ឬ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​ទេនោះ​។​

​ការសម្រេច​របស់លោក​ចៅក្រម រស់ ពិសិដ្ឋ ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន មើលឃើញថា គឺ​ផ្តន្ទាទោស​ក្នុង​កម្រិត​អប្បបរមា​ទាប​បំផុត​ដោយ​​សារ​បទល្មើស «​វិ​តិ​ក្រម​» តាម​មាត្រា​៥៩២ និង​មាត្រា​៥៩៣ នៃ​ក្រមព្រហ្មទណ្ឌ កំណត់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល​។

​មន្ត្រី​ទាំង​២​រូប​ឈ្មោះ រ័ត្ន បុរី អាយុ​៣៤​ឆ្នាំ មុខងារ​ប្រធានការិយាល័យ​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ និង​ឈ្មោះ ម៉ៃ វ៉ាន់​ណា​រុំ អាយុ​៣៣​ឆ្នាំ មុខងារ​បុគ្គលិក​ការិយាល័យ វិនិយោគ​សាលា​រាជធានី​ភ្នំពេញ​៕​ដោយ​៖​វាសនា​