អតីត​មេបញ្ជាការ​កង​អង្គរក្ស​សម្តេច ជា ស៊ីម ត្រូវបាន​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែងទោស​

791
ចែករម្លែក
  • 1.5K
    Shares

ដោយ:មុនី​រ័ត្ន​/ភ្នំពេញ ៖ លោក ឈឿន ចាន់ថន ហៅ​ម៉ៅ អតីត​មេបញ្ជាការ​កង​អង្គរក្ស​សម្តេច​ពោធិ​សាល ជា ស៊ីម ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​ព្រះរាជទាន​លើកលែង​ទោស​។ ព្រះរាជក្រឹត្យ​នេះ ត្រូវបាន​ឡាយព្រះហស្ថលេខា​កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដែល​ទើបតែ​ធ្លាក់​ដល់ដៃ​អ្នកកាសែត​។​

យោងតាម​ព្រះរាជក្រឹត្យ​នេះ​មាន​ខ្លឹមសារ​ថា ​៖ មាត្រា​១.ត្រូវបាន​លើកលែងទោស​ឱ្យ​ទណ្ឌិត​ឈ្មោះ ឈឿន ចាន់ថន ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ពីបទ​រំលោភ​លើ​ទំនុក​ចិត្ត បំផ្លិចបំផ្លាញ​ដោយ​ចេតនា និង​កៃ​បំបាត់​ដោយ​ទុច្ចរិត លក់ដូរ និង​ចែកចាយ​អាវុធ បំផ្លិចបំផ្លាញ​សម្ភារៈ​យោធា​សម្រាប់​បម្រើការ​ប្រយុទ្ធ និង​ខ្វះ​ការទទួលខុសត្រូវ ក្នុង​ការដឹកនាំ​គ្រប់គ្រង​អង្គភាព តាម​អំណាច​សាលដីកា​លេខ ៣២៣ ចុះ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៧ របស់​តុលាការ​កំពូល ដែល​កំណត់​ផ្តន្ទាទោស​តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ ៦៥​ក្រ IV អ​/១២ ខែសីហា ឆ្នាំ​២០១៤ របស់​សាលាឧទ្ធរណ៍​។​

​សូម​រំលឹកថា លោក ឈឿន ចាន់ថន អតីត​មេបញ្ជាការ​កងឯកភាព​អង្គរក្ស​សម្តេច ជា ស៊ីម ត្រូវបាន​មន្ត្រី​កងរាជអាវុធហត្ថ ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១១ នៅ​ក្នុង​ភូមិគ្រឹះ​តម្លៃ​ជិត​១​លាន​ដុល្លារ លេខ​៦៥ ផ្លូវ​លេខ​៩៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។ ការចាប់ខ្លួន​នេះ គឺ​បន្ទាប់ពី​មាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ដកហូត​ឋានន្តរស័ក្តិ និង​ដក​តួនាទី កាលពី​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១១​។ ហើយ​តុលាការ​​បានសម្រេច​ផ្តន្ទាទោស​លោក​ឈឿន ចាន់ថន ដាក់ពន្ធនាគារ​រយៈពេល​១៦​ឆ្នាំ និង​ចោទប្រកាន់​ចំនួន​៤ ករណី​គឺ​៖ ទី​១- កាន់កាប់​អាវុធ​គ្មាន​ការអនុញ្ញាត​។ -​ទី​២.​ចេញ​ប័ណ្ណ​អាវុធ​ដោយ​ខ្លួនឯង​មិនមែនជា​សមត្ថកិច្ច​(​តាម​មាត្រា ២០ និង ២២ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធជាតិផ្ទុះ​និង​គ្រាប់រំសេវ​)​។ -​ទី​៣ ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ទី​៤ ប្រើប្រាស់​និង​ក្លែង​ឯកសារ​សាធារណៈ​(​មាត្រា​៦២៩ និង​៦៣០​នៃ​ក្រមព្រហ្មទណ្ឌ​)៕​B/

លោក ឈឿន ចាន់ថន ហៅម៉ៅ អតីតមេបញ្ជាការកងអង្គរក្សសម្តេច ជា ស៊ីម (រូបថតៈឯកសារ)