អតីត​មេ​ប៉ូលិស​អន្តរជាតិ​សារភាព​ទោសកំហុស​នៅ​តុលាការ​ចិន​

778
ចែករម្លែក

​បណ្តាញ​សារព័ត៌មានរ​ដ្ឋ​រប​ស់​ចិន បាន​និយាយថា លោក ម៉េង ហុង​វ៉េ (Meng Hongwei) អតីត​មេ​ប៉ូលិស​អន្តរជាតិ​បាន​សារភាព​ទោស​កំហុស​របស់​លោក​នៅ​ក្នុង​សវនាការ​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​មិថុនា បន្ទាប់​ពី​រដ្ឋ​អាជ្ញា​បាន​ចោទប្រកាន់​លោក​ថា​បាន​ទទួល​ប្រាក់​សំណូក​ចំនួន​១៤,៥​លាន​យ័ន (​ជាង​២​លាន​ដុល្លារ​) ។​

​ប៉ូលិស​អន្តរជាតិ ដែល​ជា​ភ្នាក់ងារ​សម្របសម្រួល​ប៉ូលិស​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​បារាំង​នេះ បាន​និយាយ​កាលពី​ខែ​តុលា​ឆ្នាំមុន ថា លោក ម៉េង ហុង​វ៉េ​បាន​លាលែង​ពី​​តំណែង​ជា​ប្រធាន​របស់​ខ្លួន​គឺ​ពីរ​បី​ថ្ងៃ​បន្ទាប់ពី​ភរិយា​របស់​លោក បាន​រាយការណ៍​ថា​លោក​បាន​បាត់​ខ្លួន​នៅ​ពេល​លោក​បាន​ធ្វើដំណើរ​ត្រឡប់​ទៅ​ប្រទេស​ចិន​ដែល​ជា​ប្រទេស​​កំណើត​របស់​លោក​។​

​កាលពី​ខែ​មីនា បក្សកុម្មុយនិស្ត​ចិន​ដែល​កំពុងកាន់​អំណាច​នេះ បាន​និយាយថា​ការស៊ើបអង្កេត​របស់​ខ្លួន​លើ​លោក​ម៉េង ហុង​វ៉េ បាន​រកឃើញថា លោក​បាន​ចំណាយ​ថវិការ​រដ្ឋ​​ច្រើន​ពេក​និង រំលោភ​អំណាច​របស់​ខ្លួន ហើយ​បាន​បដិសេធ​មិន​ធ្វើ​តាម​ការសម្រេច​របស់​បក្ស​។​

​លោក ម៉េង ហុង​វ៉េ បាន​ធ្វើ​សេចក្តីបញ្ជាក់​ជា​ចុងក្រោយ និង​បាន​សារភាព​ទោសកំហុស​នេះ នៅ​តុលាការ​។ នេះ​បើ​យោង​តាម​កាសែត​ប្រជាជន​People’s Daily ។​

​កាសែត​នេះ បាន​និយាយថា អំពើ​ឧក្រិដ្ឋ​របស់​លោក ម៉េង ហុង​វ៉េ គឺ​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​មុខតំណែង​មុនៗ​របស់​លោក​ផង​ដែរ ដោយ​រួមទាំង នៅ​ពេល​លោក​បាន​ធ្វើ​​ជា​អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​សន្តិសុខ​សារ​ធា​រណៈ​និង​ជា​មេដឹកនាំ​នៃ​កង​ឆ្មាំ​សមុទ្រ​របស់​ចិន កាលពី​ឆ្នាំ​២០០៥​។​

​ភរិយា​របស់​លោក ម៉េង ហុង​វ៉េ ដែល​បាន​សុំ​សិទ្ធ​ជ្រកកោណ​នៅ​ប្រទេស​បារាំង​នោះ​បាន​និយាយថា ការចោទប្រកាន់​ទាំងនេះ​ប្រឆាំង​លោក គឺជា​ហេតុផល​នយោបាយ​។​

​លោក ម៉េង ហុង​វ៉េ បាន​ធ្វើ​ជា​ប្រធាន​ប៉ូលិស​អន្តរជាតិ​កាលពី​ចុងឆ្នាំ​២០១៦៕​ដោយ​៖​សុខា​

លោក ម៉េង ហុង​វ៉េ ត្រូវបាន​ចោទប្រកាន់​ថា​បាន​ទទួល​ប្រាក់​សំណូក​ចំនួន​១៤,៥​លាន​យ័ន (​ជាង​២​លាន​ដុល្លារ​)