អតីត​អ្នកកាសែត​ជាប់គុក​៧​ឆ្នាំ​ពីបទ​”​និយាយ​ប្រមាថ​និង​រំលោភបំពាន​”​លើ លោកស្រី អ៊ុង សាន ស៊ូ​ជី

2925
ចែករម្លែក

មន្ត្រីតុលាការម្នាក់បាននិយាយកាលពីថ្ងៃពុធទី១៩កញ្ញាថា អតីតអ្នកកាសែតម្នាក់ដែលធ្វើការសម្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋត្រូវបានដាក់គុក៧ឆ្នាំពីបទចុះផ្សាយ”ការនិយាយប្រមាថនិងរំលោភបំពាន”លើ លោកស្រី អ៊ុង សាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា នៅលើហ្វេសប៊ុក ​។ នេះជាករណីចុងក្រោយបំផុតដែលគំរាមកំហែងសេរីភាពបញ្ចេញមតិនៅប្រទេសនេះ។

លោក តាយ អ៊ុង អ្នកនាំពាក្យតុលាការក្រុងយ៉ាងហ្គោន បាននិយាយប្រាប់សារព័ត៌មានAFPថា លោក ង៉ា មីន ស្វេ អតីតអ្នកកាសែតនេះ ត្រូវបានកាត់ទោសពីបទនិយាយនាំបះបោរប្រឆាំង កាលពីថ្ងៃអង្គារ។

លោក តាយ អ៊ុង បាននិយាយថា ” លោក ង៉ា មីន ស្វេ ត្រូវបានកាត់ទោសឱ្យជាប់ទោសពីបទសរសេរបង្ហោះប្រមាថនិងរំលោភបំពានលើលោកស្រី អ៊ុង សាន ស៊ូជី ទីប្រឹក្សារដ្ឋរូបនេះ ដែលធ្វើឱ្យមនុស្សមានការយល់ខុសលើលោកស្រី “។

ប្រទេសមីយ៉ាន់ម៉ា បានប្រឈមមុខនឹងការថ្កោលទោសយ៉ាងខ្លាំងចំពោះការរំលោភបំពានទៅលើសេរីភាពនៃការបញ្ចេញមតិ បន្ទាប់ពី បានដាក់គុកអ្នកកាសែតរ៉យទ័រ២នាក់កាលពីដើមខែនេះ ដោយសារតែការធ្វើព័ត៌មានរបស់ពួកគេអំពីការបង្រ្កាបរបស់យោធាមីយ៉ាន់ម៉ាលើជនជាតិរ៉ូហ៊ីងយ៉ា៕ដោយ៖សុខា/SN

លោកស្រី អ៊ុង សាន ស៊ូជី ទីប្រឹក្សារដ្ឋនិបជាប្រមុខបក្សកាន់អំណាចមីយ៉ាន់ម៉ា