អនុញ្ញាតឱ្យ​អ្នកភូមិ​ក្នុង​តំបន់​អង្គរ​សាងសង់ និង​ជួសជុល​សំណង់​ស្រាល ចំនួន​១៣៨​គ្រួសារ ក្នុង​ខែឧសភា

1715
ចែករម្លែក

​ដោយ​: អង្គរតូច / សៀមរាប​: ក្នុង​ខែឧសភា​នេះ ក្រុមការងារ​លេខាធិកា​រដ្ឋា​ន​សហគមន៍​ទាំង ៥ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន អនុញ្ញាត​ឲ្យ​អ្នកស្រុក​ក្នុង​តំបន​ន់​អង្គរ សាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់ និង​ជួសជុល​សំណង់​តូចតាច​ចំនួន ១៣៨​ករណី​។​

​មន្ត្រី​អាជ្ញាធរ​អប្សរា បាន​ថ្លែងថា ក្នុងកា​អនុញ្ញាត​នេះ រួមមាន​ស្រុក​ប្រាសាទបាគង អនុញ្ញាត​បាន​ចំនួន​១៦​ករណី ស្រុក​អង្គរធំ ចំនួន​១៣​ករណី ស្រុក​ពួក ចំនួន​៤៧​ករណី ក្រុង​សៀមរាប ចំនួន​៥៣​ករណី និង​ស្រុក​បន្ទាយស្រី ចំនួន​០៩​ករណី​។

​ការអនុញ្ញាត​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមការងារ​សហគមន៍ បាន​ចុះ​ពិនិត្យ​ទៅដល់​ខ្នង​ផ្ទះ​ជាក់ស្តែង និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ជា​មូលដ្ឋាន​បច្ចេកទេស​ក្នុងការ​វាយតម្លៃថា ពួកគាត់​គឺជា​ប្រជា​ពល​ដ្ឋ​ចាស់​រស់នៅក្នុង​តំបន់​អង្គរ​ពិតប្រាកដ និង​មានការ​បញ្ជាក់​យ៉ាងច្បាស់ លាស់​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ​-​សង្កាត់ ហើយ​មាន​តម្រូវការ​ជាក់ស្តែង ក្នុងការ​កែលម្អ​ការរស់នៅ​ឱ្យបាន​ល្អប្រសើរ​។​

​ប្រភព​បន្តថា អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​ឧបត្ថម្ភ​ថវិកា និង​ផ្តល់​ស័ង្កសី សម្រាប់​ប្រក់​ដំបូល​ដល់​ក្មេង​កំព្រា​បីនាក់​បងប្អូន នៅ​ភូមិ​គោក​ស្នូល ឃុំ​ខ្នាត ស្រុក​ពួក​។ ក្រៅពីនោះ ក៏បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ​ដល់​ប្រជាពលរដ្ឋ​ចំនួន​បី​គ្រួសារ ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ រលំ​ផ្ទះ​នៅ​ភូមិ​ភ្លង់ និង​ភូមិ​សំរោង ឃុំ​លាងដៃ ស្រុក​អង្គរធំ និង​មួយ​គ្រួសារ​ទៀត​ស្ថិតនៅ​ភូមិ​ថ្នល់​ត្រង់ ឃុំ​បាគង ស្រុក​ប្រាសាទបាគង​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្កើត​ក្រុមការងារ​សហគមន៍​នេះ​ឡើង គឺ​ដើម្បី​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ​ដែល​គ្របដណ្តប់​លើ​ផ្ទៃដី ៤០១​គីឡូម៉ែត្រ​ការ៉េ ស្ថិតនៅក្នុង​ក្រុង​/​ស្រុក​ចំនួន​៥ ឃុំ​ចំនួន​២១ និង​ភូមិ​ចំនួន​១១២ លើ​ការសាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​និង​ជួសជុល​សំណង់​តូចតាច​។ ការដោះស្រាយ​បញ្ហា​ប្រឈម​នានា ការលើកកម្ពស់​សុខុមាល​ភាព​មាតា​និង​ទារក ការជួយ​សង្គ្រោះ​ពេល​ប្រជាជនមាន​ទុក្ខលំបាក រួមទាំង​ផ្សព្វផ្សាយ​ការយល់ដឹង​អំពី​បេតិកភណ្ឌ​ដល់​ប្រជាជន​គ្រប់ៗ​គ្នា​៕ ល​