អនុប្រធាន​សហព័ន្ធ​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា​អួត​ជ្រុល ឯ​លទ្ធ​ផលហៅ​លែង​ឮ​តែម្ដង​

1317
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា / ភ្នំពេញ​: កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​បរាជ័យ​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូនេស៊ី ហើយ​ដែល​នេះ​ជាការ​បរាជ័យ​ហៅ​លែង​ឮ​តែម្ដង​។​

ថ្ងៃ​ចេញដំណើរ​ទៅ​ប្រកួត​កីឡា​អាស៊ី​របស់​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ (រូបឯកសារ)

​តាមពិត​សម្រាប់​កីឡា​ការ​ចាញ់​-​ឈ្នះ គឺជា​រឿង​ធម្មតា ព្រោះ​ជ័យជំនះ​តែងតែ​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​អ្នកខ្លាំង ឯ​បរាជ័យ​ឯណោះ​ទេ​តែង​នៅ​នែបនិត្យ​ជាមួយ​អ្នកខ្សោយ​។​

​មុន​ចេញដំណើរ​ទៅ​ចូលរួម​ប្រកួត​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ដែលជា​អនុប្រធាន​ទី​១ សហព័ន្ធ​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បាន​ក្អេងក្អាង​ថា ការប្រកួត​នេះ លោក​មានសង្ឃឹម​៥០​ភាគរយ​ថា នឹង​ដណ្ដើមបាន​មេដាយ​។ ជាមួយគ្នានេះ លោក​នឹង​បង្ហាញ​ឲ្យ​បណ្ដា​ប្រទេស​ក្នុង​ទ្វីបអាស៊ី​ថា សម្រាប់​ប្រភេទ​កីឡា​សូ​ហ្វ​តិ​ន្នី​ស កម្ពុជា​គឺជា​ប្រទេស​ខ្លាំង​មួយ​ក្នុងចំណោម​មហាអំណាច​សូ​ហ្វ​តិ​ន្នី​ស ទាំង​១០​នៅ​អាស៊ី​។ លោក​អួត​ទៀតថា កម្ពុជា​ពេលនេះ កំពុងតែ​ឈរ​នៅក្នុង​ចំណាត់ថ្នាក់​លេខ​៩ ក្នុង​ពិភពលោក​។​

​លោក​បន្តថា ហើយ​ក្នុង​តំបន់​អាស៊ី​ប្រទេស​ដែលមាន​សមត្ថភាព​ខ្ពស់ជាង​កម្ពុ​ជាមាន​៧​ប្រទេស ដូចជា ជប៉ុន ឥណ្ឌូនេស៊ី ម៉ុង​ហ្គោ​លី ថៃ ហ្វីលីពីន កូរ៉េ និង​ចិនតៃវ៉ាន់​។ ក្រៅពីនោះ គ្មាន​ប្រទេស​ណា​លោត​ជាមួយ​កម្ពុជា​បានឡើយ​។​

​ពេលនេះ​ទាំង​វិញ្ញាសា​ឯកត្តជន និង​វិញ្ញាសា​ក្រុម គឺ​សុទ្ធតែ​ចាញ់​អស់ហើយ​។ វិញ្ញាសា​ចុងក្រោយ​ដែល​នៅសល់ គឺ​វិញ្ញាសា​ជិះ​យន្តហោះ​ត្រឡប់មកវិញ​តែប៉ុណ្ណោះ​។​

​ជា​មេដឹកនាំ​កីឡា​ត្រូវតែ​ដឹងថា ជ័យជំនះ​ក្នុងការ​ប្រកួត​ជើងឯក​នានា ឬ​ការប្រកួត​បើកទូលាយ (Open) វា​គ្រាន់តែ​ជា​ព្រឹត្តិការណ៍​បង្កើតឡើង សម្រាប់​ឲ្យ​មានការ​ចូលរួម​ប៉ុណ្ណោះ​។ ក្រៅពី​ស្រុក​ខ្មែរ​អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​បែបនេះ គេ​មិនដែល​បញ្ជូន​អត្ត​ព​លិ​ក​កម្រិត​កមពូល​ចូលរួម​ឡើយ មានតែ​កម្ពុជា​ខំ​បញ្ជូន​កីឡា​កម្រិត​ខ្ពស់​ទៅ​ចូលរួម ដើម្បី​ប្រមូល​មេដាយ ហើយ​ទះ​ទ្រូង​ថា​ខ្លួន​ខ្លាំង​នោះ​៕