អភិបាលខេត្ត​ស្វាយរៀង​ជួប​សួរសុខទុក្ខ​កុមារកំព្រា​មកពី​បណ្ដា​មណ្ឌល​នានា​ទូទាំង​ខេត្ត​

748
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: លោក​ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​លើកឡើងថា ការពិត​ក្មួយៗ កំព្រា​ឪពុកម្តាយ​មែន តែ​ចិត្ត​ក្មួយៗ​មិន​កំព្រា​ទេ ព្រោះ​ក្មួយៗ​មាន​សម្ដេច​ទាំងពីរ ព្រមទាំង ជា​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តស្វាយរៀង តែងតែ​នៅក្បែរ​ក្មួយៗ​ជានិច្ច ដើម្បី​ដោះស្រាយ​ការលំបាក និង​ក្តីកង្វល់​នានា​របស់​ក្មួយៗ ដូចជា​កម្មវិធី​នៅថ្ងៃនេះ ជាក់ស្ដែង​គឺ​ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ហើយនឹង​នៅតែ​បន្ត​ប្រារព្ធ​ជូន​ក្មួយៗ​នា​ឆ្នាំក្រោយៗ​ទៀត​។​

​ការ​ថ្លែង​បែបនេះ​នៅ ក្នុង​ពិធី​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ ព្រមទាំង​រៀបចំ​អាហារ​សាមគ្គី​ជូន​ក្មួយៗ​កុមារកំព្រា ដែល​កំពុងស្នាក់នៅ​មណ្ឌល​នានា ក្នុង​ខេត្ត​ចំនួន ១៣០​នាក់ ដែល​ធ្វើឡើង​នៅ​សាលប្រជុំ​ធំសាលា​ខេត្តស្វាយរៀង​នា​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨​នេះ ដែលមាន​ការចូលរួម​ពី​លោកស្រី ឌី សុ​ខី​ទីឃាយុ​កោ ជា​ភរិយា​របស់លោក​ហ៊ុន ម៉ានិត និង​កញ្ញា ឌី សុ​ភ័​ក្រប​ញ្ញា ព្រមទាំង​ក្រុមការងារ​ផងដែរ​។​

​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​សម្ដេច​គតិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្ដេច តែងតែ​គិតគូរ​ពី​សុខទុក្ខ ផ្ដល់នូវ​ភាពកក់ក្ដៅ តាមរយៈ​ការជួយឧបត្ថម្ភ​ទាំង​សម្ភារ ថវិកា គាំទ្រ និង​លើក​ទឹក​ដល់​ក្មួយៗ​កុមារកំព្រា​ទាំងអស់​នៅ​ទូទាំងប្រទេស ក៏ដូចជា​នៅ​ខេត្តស្វាយរៀង​។​

​ទន្ទឹមនេះ​លោក​អភិបាលខេត្ត ក៏បាន​ផ្តាំផ្ញើ​ដល់​ក្មួយ​ទាំងអស់ ត្រូវខិតខំ​រៀនសូត្រ គោរព​តាម​ការណែនាំ​របស់​ប្រធាន​មជ្ឈមណ្ឌល លោកគ្រូ អ្នកគ្រូ និង​ត្រូវមាន សីលធម៌ សុជីវធម៌ គុណធម៌ ដើម្បី​ឲ្យ​ក្លាយជា​ពលរដ្ឋ​គំរូ ជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​ធនធាន​សម្រាប់​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។​

​នៅក្នុង​ឱកាស​នេះ​ផងដែរ លោកស្រី​ឌី សុ​ខី​ទីឃាយុ​កោ​និង​ក្រុមការងារ ក៏បាន​ចែកជូន​នូវ​សម្ភារៈ​សិក្សា និង​ថវិកា​ដល់​ក្មួយៗ​កុមារកំព្រា​ចំនួន​១០៦​នាក់ ក្នុង ១​នាក់ ទទួលបាន​សម្ភា​រះ​សិក្សា និង​ឃី​ត ១​កញ្ចប់ ព្រមទាំង​ថវិកា ៥​ម៉ឺន​រៀល ចំណែក​អ្នកគ្រប់គ្រង​មណ្ឌល ម៉ែ​ដោះ និង​អ្នកបើកបរ ក្នុង​ម្នាក់ៗ ទទួលបាន​ឃី​ត ១​កញ្ចប់ និង​ថវិកា ៥​ម៉ឺន​រៀល​ផងដែរ​៕