អាជីវករ​ជាង​៥០០​នាក់​តាមរយៈ​សមាគម​ផ្គត់ផ្គង់​ជ្រូក​កម្ពុជា​ស្នើសុំ​ក្រសួងកសិកម្ម ចាត់វិធានការ​ទប់ស្កាត់​ការផ្ទេរសិទ្ធិ​នាំ​សត្វ​ជ្រូក​រស់​ពី​ថៃ​…

112
ចែករម្លែក

ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​ប្រភពព័ត៌មាន​បានបញ្ជាក់​ថា​ក្រុមអាជីវករ តាម​រាជធានី​ខេត្ត​មួយចំនួន បាន​រួមគ្នា​ផ្តិតមេដៃ​បាន​ចំនួន​៥៦៥​នាក់ តាមរយៈ​សមាគម​ផ្គត់ផ្គង់​ជ្រូក​កម្ពុជា បានស្នើ​សុំ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចាត់វិធានការ​ទប់ស្កាត់​ការផ្ទេរសិទ្ធិ​នាំ​សត្វ​ជ្រូក​រស់​ពី​ថៃ និង ប​ន្ថូ​រ​បន្ថយ​ថ្លៃដើម ក្នុង​គោលដៅ​ផ្តាច់មុខ ។​


​តាម​ប្រភពព័ត៌មាន​ពី​ក្រុមអាជីវករ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​ប្រាំពីរ ដែល​បានទទួល​ការអនុញ្ញាត​ពី​ក្រសួងកសិកម្ម​តែ​ត្រូវបាន​លោក​ឧកញ៉ា​ម្នាក់​កាន់កាប់​ផ្តាច់មុខ​ចំនួន​ប្រាំមួយ​ក្រុមហ៊ុន ទៅហើយ ។​
​យោងតាម​លិខិត​មួយច្បាប់ កាលពី​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២០ ដែល​បានដាក់​ចូលដល់​ក្រសួងកសិកម្ម នៅ​ថ្ងៃទី​២៣ ខែមេសា សមាគម​ផ្គង់​ផ្គត់​ជ្រូក​កម្ពុជា បាន​ជម្រាបជូន​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថា បន្ទាប់ពី​ក្រុមហ៊ុន​មួយចំនួន​បានទទួល​លិខិតអនុញ្ញាត​ពី​ក្រសួងកសិកម្ម ដើម្បី​នាំចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ សមាគម សង្កេតឃើញថា ក្រុមហ៊ុន​មួយចំនួន​បាន​ផ្ទេរសិទ្ធិ​នាំចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ​ទៅ​ឲ្យ​អាជីវករ​ម្នាក់ទៀត (​ឧកញ៉ា លឹម សុផល​) ដែល​ដើរ​ប្រមូលយក​សិទ្ធិ​នាំចូល ដើម្បី​គ្រប់គ្រង​ការនាំ​ចូល​សត្វ​ជ្រូក​រស់​តែម្នាក់ឯង ដែល​ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង ដែល​ធ្លាប់បាន​ណែនាំ​កន្លងមក ។​


​សមាគម​ផ្គង់​ផ្គត់​ជ្រូក​កម្ពុជា​ជម្រាប​លោក​រដ្ឋមន្ត្រីក្រសួង​កសិកម្ម ទៀតថា សមាគម​ពិនិត្យឃើញថា​ក្រសួង​មិនបាន​បន្ត​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​មួយចំនួន​ដែល​ធ្លាប់​នាំ​សត្វ​ជ្រូក​ពី​ប្រទេស​ថៃ​កន្លងមក​តែ​បែរជា​បន្ត​ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ថ្មីៗ​ទៅវិញ​។​ករណីនេះ​ធ្វើ​ឲ្យ​ទីផ្សារ​សត្វ​ជ្រូក​មិនមាន​ស្ថិរ​ភាពល្អ ហើយ​អាចធ្វើ​ឲ្យ​បុគ្គល​មួយចំនួន​ក្តោប​ក្តាប់​ទីផ្សារ​សត្វ​ជ្រូក​ផ្តាច់មុខ​តែម្នាក់ឯង​ក្នុងប្រទេស​កម្ពុជា​ហើយ​បណ្តាល​ឲ្យ​សត្វ​ជ្រូក​ឡើងថ្លៃ​ខុស​ប្រក្រតី​នៅលើ​ទីផ្សារ និង ធ្វើ​ឲ្យ​បាត់បង់​ឱកាស​នៃ​ការប្រកួតប្រជែង​តម្លៃ​នៅក្នុង​ទីផ្សារសេរី ដែល​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​មួយចំណែក​ធំ​ដល់​ប្រជាជន​កម្ពុជា ។​
​ជាមួយគ្នានេះ សមាគម​ផ្គង់​ផ្គត់​ជ្រូក​កម្ពុជា ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មេត្តា​ទប់ស្កាត់​នូវ​ការផ្ទេរសិទ្ធិ​នាំចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ​តាម​គ្រប់​រូបភាព​និង​ស្នើសុំ​ឲ្យ​ក្រសួង​មិន​ទទួលស្គាល់​គ្រប់​ទម្រង់​នៃ​ការផ្ទេរ​នូវ​សិទ្ធិ​លិខិតអនុញ្ញាត ឬ អាជ្ញាប័ណ្ណ​នៃ​ការ​នាំចូល​ណាមួយ​ឡើយ ដើម្បី​ធានាបាន​នូវ​និរន្តរភាព​នៃ​ការប្រកួតប្រជែង​តម្លៃ ដោយ​ស្មើភាព​និង​ស្មោះត្រង់ និង ជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ។​
​បញ្ហា​នេះ កាលពី​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ លោក ស្រី វុ​ឌ្ឍី អគ្គលេខាធិការ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​ឆ្លើយតប​លិខិត​របស់​សមាគម​ផ្គង់​ផ្គត់​ជ្រូក​កម្ពុជា រួចរាល់​ហើយ​ដែរ (សូមអានលិខិត)។​


​ទន្ទឹមនេះ តាម​ប្រភពព័ត៌មាន​ពី​ក្រុមអាជីវករ គឺ ក្រុម​ទាំង​៧​រួមមាន ៖ លឹម ស៊ីវ​ម៊ី , អិ​ម​អី​ម អេ​ហ្គ្រី​ខ​ល​ឈ័​រ , ហ្វា​ញ ខេ​ម​បូ​ឌា , ចាន់ធូ មានជ័យ អ៊ី​ម​ផត​អិ​ច​ផត , អង្គរ សុខ សែន ជ័យ និង ៣ ធី​អេ​ច ។ ទាំង​៦​ក្រុមហ៊ុន​នេះ មាន​ម្ចាស់​តែមួយ​ប៉ុណ្ណោះ គឺ ឧកញ៉ា លឹម សុផល ។ ដោយឡែក ក្រុមហ៊ុន​ទី​៧ មានឈ្មោះ ដា​នី ដេ​ង​អ៊ី​ម ផត​អិ​ច​ផត ៕សរន