អាជ្ញាធរខេត្ត​ចំណាយ​ថវិកា​សាងសង់​សាលាសង្កាត់​បឹង​កុក​តាម​ស្តង់ដារ​ក្រសួងមហាផ្ទៃ​

126
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អាជ្ញាធរខេត្ត​កំពង់ចាម​គ្រោង​នឹង​ចំណាយ​ថវិកា​ដើម្បី​ស្ថាបនា​អគារ​ជា​សាលាសង្កាត់​បឹង​កុក​ស្របតាម​ស្តង់ដារ​សាលាឃុំ​សង្កាត់​ទូទាំងប្រទេស​របស់​ក្រសួងមហាផ្ទៃ​នាពេល​ឆាប់ៗ​ខាងមុខ​។​

សាលាសង្កាត់​នេះ​ស្ថិតក្នុង​ភូមិ​បឹង​កុក​ទី​១​សង្កាត់​បឹង​កុក​ក្រុង​កំពង់ចាម​ដោយ​គ្រោង​នឹង​បញ្ចប់​ការស្ថាបនា​សាលាឃុំ​សង្កាត់​ដែល​នៅសល់​ចំនួន​១១​ត្រឹម​ឆ្នាំ​២០២០​នេះ​ក្នុងចំណោម​សាលាឃុំ​សង្កាត់​សរុប​ចំនួន​១០៩​។​
​លោក​ប្រាក់​ទិ​ត្យ​នាយក​ទីចាត់ការ​ផែនការ​និង​វិនិយោគ​រដ្ឋបាល​ខេត្តកំពង់ចាម​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៤​ឧសភា​ថា​តាមពិត​រដ្ឋបាល​ខេត្តកំពង់ចាម​ត្រូវ​ចាប់ផ្តើម​សាលាសង្កាត់​បឹង​កុក​ដែលមាន​ប្រវែង​ទទឹង ១៨ ម៉ែត្រ និង​បណ្តោយ​ប្រវែង​ជាង​១០ ម៉ែត្រ នៅ​ខែឧសភា ឆ្នាំ​២០២០​នេះ​។

​ប៉ុន្តែ​ដោយ​ផ្អែកលើ​ទីតាំង​ត្រូវ​សង់​នោះ​មាន​លក្ខណ​: ជា​ទំនាប​នៅជាប់​បឹង​កុក គឺ​លោក អ៊ុន ចាន់​ដា ជា​អភិបាលខេត្ត​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​ថ្ងៃទី​១៣​ម្សិលមិញ​គឺ​បានសម្រេច​លើក​ពេល​សាងសង់ ដើម្បី​ទុកពេល​ដឹក​ដី​ចាក់​បំពេញ​ឱ្យ​ខ្ពស់​ផុត​ទឹក ធានា​ដល់​ការបម្រើ​សេវាសាធារណ​:​។​

លោកនាយក​ទីចាត់ការ​ផែនការ​និង​វិនិយោគ​បាន​បន្តថា​បច្ចុប្បន្ន​ខេត្តកំពង់ចាម​នៅសល់​ឃុំ​សង្កាត់​ចំនួន ១១​ទៀត​មិនបាន​ស្ថាបនា​ដែលនាំឱ្យ​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​បាន​លើក​ផែនការ​នឹង​សាងសង់​ឱ្យ​ហើយ​រួចរាល់​នូវ​អគារ​ជា​សាលាឃុំ​សង្កាត់​នៅសល់​ជា​ស្តង់ដារ​របស់​ក្រសួងមហាផ្ទៃ ត្រឹម​ឆ្នាំ​២០២០​នេះ ។​ក្នុងចំណោម​សាលាឃុំ​សង្កាត់​សរុប​ចំនួន ១០៩(​សាលាឃុំ​១០៥​និង​សាលាសង្កាត់​បួន​)​នោះ​៕S/​