អាជ្ញាធរខេត្ត​ជំរុញ​ដល់​គ្រប់​កងកម្លាំង​លុបបំបាត់​បាតុភាព​អសកម្ម​ផ្តល់​ការទុកចិត្ត​ដល់​ពលរដ្ឋ​

104
ចែករម្លែក

ដោយ​:​ភ្នំ​ខៀវ​/​ប៉ៃលិន​:​អាជ្ញាធរខេត្ត​ប៉ៃលិន​អំពាវនាវ​ដល់​គ្រប់​កងកម្លាំង​ទាំងអស់​ខិតខំ​ព្យាយាម​លុបបំបាត់​បា​តុ​ភាព​អសកម្ម​នានា​ដើម្បី​បន្ត​ផ្តល់​ជំនឿ​ទុកចិត្ត​និង​សន្តិសុខ​ជូន​ដល់​ប្រជាពលរដ្ឋ​។​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​មន្ត្រីនគរបាល​ខេត្ត​ប៉ៃលិន​កាលពី​រសៀល​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០២០​លោក​ផាន់​ចាន់​ធុល​អភិបាលខេត្ដ​ប៉ៃលិន​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត​បាន​ថ្លែង​ជំរុញ​ដល់​កងកម្លាំង​សមត្ថកិច្ច​អនុវត្តន៍​ច្បាប់​ទាំងអស់​។​

​ជាពិសេស​មន្ត្រីនគរបាល​ចរាចរណ៍​ដែលមាន​ភារកិច្ច​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ត្រូវ​ព្យាយាម​លុបបំបាត់​ឱ្យអស់​នូវ​រាល់​បាតុភាព​អសកម្ម​នានា​ដោយ​ត្រូវប្រកាន់យក​នូវ​ចរិត​សុភាពរាបសារ​ម៉ឺង​មាត់​ត្រឹមត្រូវ​ច្បាស់លាស់​និង​រឹតតែ​សំខាន់​ចំពោះ​ការអនុវត្ត​ច្បាប់​ត្រូវតែមាន​តម្លាភាព​ប្រសិទ្ធភាព​ដើម្បី​ធានា​ឱ្យបាន​សេចក្តីសុខ សុវត្ថិភាព ក៏ដូចជា​សណ្តាប់ធ្នាប់​សាធារណ​:​គ្រប់​ទី​តំបន់​ជូន​ប្រជាពលរដ្ឋ​ជា​ចម្បង​។​

​លោក​អភិបាលខេត្ត​បានបញ្ជាក់​បន្តថា​ក្នុងតួនាទី​ជាម​ន្ត្រី​អនុវត្ត​ច្បាប់​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ភាពម៉ឺងម៉ាត់ គោរព​វិន័យ​របស់​កងកម្លាំង​ដើម្បី​ជាម​ន្ត្រី​គំរូ​ល្អ​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា​ចំពោះ​គ្រប់​សំណូមពរ​ការងារ​ផ្សេងៗ​ក្រៅពីនេះ​ការងារ​ផ្ទៃក្នុង​។​គប្បី​ប្រឹងប្រែង​ពង្រឹង​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​ដោយ​យក​ច្បាប់​ជា​មូលដ្ឋាន​ហើយ​ត្រូវមាន​ភាពយុត្តិធម៌​មិន​លំអៀង​ចំពោះ​ជួរ​កងកម្លាំង​ឬ​ជាមួយ​ប្រជាពលរដ្ឋ​។​


​គួរ​បញ្ជាក់ថា​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ដែល​ត្រូវ​បានផ្តល់​ការទុកចិត្ត​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​ថ្មី​ខាងលើ​សរុប​ទាំងអស់​ចំនួន​១៥​រូប​។​ក្នុងនោះ​ដំឡើង​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី ១​រូប ថ្នាក់​វរសេនីយ៍ឯក​ចំនួន ៣​រូប ថ្នាក់​វរសេនីយ៍ទោ ៧​រូប និង​ថ្នាក់​វរសេនីយ៍ត្រី ចំនួន ៤​រូប​៕S/

រូបថត​: ប្រធាន​គណៈបញ្ជាការ​ក​ង​ឯកភាព​ខេត្ត​ក្រើនរំលឹក​ដល់​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ថ្មី ( រូប​: ភ្នំ​ខៀវ )​