អាជ្ញាធរជាតិអប្សរាជួសជុលសំណង់ទ្វារទឹកទំនប់បារាំង ដើម្បីស្តុកទឹក​នារដូវប្រាំងមិនឲ្យខ្វះខាតក្នុងតំបន់រមណីយដ្ឋានអង្គរ

102
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ អាជ្ញាធរជាតិអប្សរាកំពុងមមាញឹកបញ្ចប់គម្រោងជួសជុលសំណង់ទ្វារទឹកទំនប់បារាំង ដែលស្ថិតនៅដងស្ទឹងសៀមរាប ខាងជើងប្រាសាទតានៃ ឱ្យបានរួចរាល់ជាស្ថាពរមុនចូលឆ្នាំថ្មីមកដល់។ នេះគឺជាការបញ្ជាក់អោយដឹងពី លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២០។

លោក ភឿន សុឃីម អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា បាននិយាយថា សំណង់ទ្វារទឹកទំនប់បារាំង ជាកន្លែងស្តុកទឹកដ៏សំខាន់នៅក្នុងរមណីយដ្ឋានអង្គរដើម្បីទុកទឹកប្រើប្រាស់នារដូវប្រាំងមិនឱ្យខ្វះខាត ដោយការប្រមូលប្រភពទឹកមកពីភ្នំគូលែន និងបន្តចែកចាយទៅកាន់ស្ទឹងសៀមរាប បារាយណ៍ កសិន្ធុក្នុងតំបន់អង្គរ និងប្រព័ន្ធស្រោចស្រពនៅក្រោមបារាណ៍ទាំងអស់។ ពិសេស ជារបាំងទប់ទឹក កុំឱ្យមានទឹកជំនន់លិចក្រុងសៀមរាបនារដូវវស្សាផងដែរ។

លោកបានបន្តថា បច្ចុប្បន្ន ប្រព័ន្ធស្តុកទឹកនេះបានរងនូវការខូចខាត ចាស់ទ្រុឌទ្រោមផ្នែកក្រោមជាខ្លាំងដោយសារអាយុកាល អាកាសធាតុ ធ្វើឱ្យវត្ថុធាតុដើមនៃសំណង់ និងគ្រឹះសំណង់បាក់ ពុកផុយ បាត់បង់គុណភាព បណ្តាលឱ្យទឹកហូរច្រោះ មិនអាចរក្សាទឹកបានច្រើននៅរដូវប្រាំង។ ដូច្នេះហើយ កាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រុមការងារក៏បានជួសជុលគ្រឹះក្រោមជាថ្មី ដោយការចាក់បេតុងដើម្បីបង្កើនភាពរឹងមាំ និងជួសជុលទ្វារទឹក ការពារទឹកច្រោះនៅរដូវប្រាំង ដើម្បីសន្សំទឹក។ គម្រោងនេះនឹងបញ្ចប់ជាស្ថាពរនៅបំណាច់ខែមិនា ឆ្នាំ២០២០ខាងមុខនេះ។

ចំពោះប្រវត្តិនៃសំណង់វិញ អ្នកជំនាញរូបនេះ ក៏បានឱ្យដឹងថា តាមការសាកសួរពីកម្មករចំណាស់ម្នាក់ដែលឪពុកក្មេកធ្លាប់ធ្វើជាកម្មករនៅក្នុងការដ្ឋានសំណង់នេះ បានប្រាប់ថា ទ្វារទឹកទំនប់បារាំង បានកសាងឡើងក្នុងសម័យអាណានិគមបារាំង ចន្លោះឆ្នាំ១៩៣០។ ដំណាក់កាលដំបូងនេះបារាំងបានចាក់បេតុងធ្វើជាទ្វារទឹក បន្ទាប់មកក្នុងទសវត្សរ៍ទី៦០ អាមេរិកកាំងបានដាក់ទ្វារដែកសម្រាប់បិទបើកតាមកម្លាំងទឹក ដោយស្វ័យប្រវត្តិនិងសម្រាប់បង្វែរមុខទឹកបញ្ចូលទៅបារាយណ៍ខាងលិចតាមរយៈប្រឡាយទឹកដែលជីកដោយអាមេរិកកាំង (កាណាល់A)។

នៅឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរាក៏បានជួសជុលគ្រឹះដោយបេតុងថ្មីជំនួសគ្រឹះដែលសាងសង់ឡើងតាំងពីសម័យបារាំងដើម្បីលើកតម្លៃនិងពង្រឹងគុណភាពសំណង់ឱ្យប្រសើរឡើងវិញ៕/B