អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​យក​គ្រឿងចក្រ​រុះរើ​ផ្ទះ​១៣​ខ្នង​ដែល​សង់​រំលោភ​លើដី​ប្រឡាយ​

200
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ផ្ទះ​ប្រជាពលរដ្ឋ​១៣​ខ្នង​ដែល​សាងសង់​រំលោភ​យក​ដី​ប្រឡាយ​ចំនួន​១៣​គ្រួសារ ត្រូវ​អាជ្ញាធរ​សង្កាត់​ខណ្ឌ​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែកុម្ភៈ​ឆ្នាំ​២០២០​ដឹកនាំ​កម្លាំង​ដោយ​លោក​ម៉ាលី​ពិសិដ្ឋ​ចៅសង្កាត់​កា​កាប​ទី​២​។​

លោក​អភិបាលរង​យក​គ្រឿងចក្រ​ចុះទៅ​ធ្វើការ​រុះរើ​ស្ថិតនៅ​ភូមិ​ព្រៃ​សាលាសង្កាត់​កា​កាប​ទី​២​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក្រោយ​អាជ្ញាធរ​បាន​ទប់ស្កាត់​តាំងពី​ពេលដែល​ពលរដ្ឋ​ទាំងនោះ​រៀបចំ​សាងសង់​មកម្ល៉េះ​។​តែ​ពួកគាត់​មិន​ស្ដាប់​តាម​ការណែនាំ​នៅតែ​បំពាន​និង​សាងសង់​បន្ត​។​

​លោក​ម៉ាលី​ពិសិដ្ឋ​ចៅសង្កាត់​កា​កាប​ទី​២​បាន​លើកឡើងថា​ប្រជាពលរដ្ឋ​ទាំងនេះ​ទើប​នាំគ្នា​ទៅ​ចាប់យក​ដី​ប្រឡាយ​សង់ផ្ទះ​តូចៗ​ប្រក់​ស័ង្កសី​ដើម្បី​រស់នៅ​សុទ្ធតែជា​អ្នក​មកពី​តំបន់​បឹងកក់​។​ក្រោយពី​បានទទួល​ដំណឹង​ភ្លាម​លោក​ក៏បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ណែនាំ​មិនឱ្យ​ពួកគាត់​បន្ត​សាងសង់​ដែរ​តែ​រារាំង​យ៉ាងណា​ក៏​ពួកគាត់​មិន​ស្ដាប់​នៅតែ​នាំគ្នា​ធ្វើការ​សាងសង់​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ព្រមទាំង​បាំងជញ្ជាំង​ស័ង្កសី​របៀប​ជា​ផ្ទះ​អនាធិបតេយ្យ​។​

​លោក​ម៉ាលី​ពិសិដ្ឋ​បាន​បន្តថា​ទើប​អាជ្ញាធរ​ប្រើ​វិធានការ​ក្ដៅ​សម្រេច​ដាក់​គ្រឿងចក្រ​ចុះមក​ធ្វើ​ការរុះ​រើចេញ​វិញ​ដោយ​មិន​ទទួលខុសត្រូវ​លើ​ការខូចខាត​អ្វី​ទាំងអស់​ដើម្បី​រំដោះ​យក​ប្រឡាយ​មេ​មកវិញ​ទុក​សម្រាប់​រំដោះ​ទឹក​មិនឱ្យ​មានការ​លិចលង់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​នា​រដូវវស្សា​៕S/​