អាជ្ញាធរ​ថៃ​ដោះលែង​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ឲ្យ​វិល​ត្រលប់មក​ស្រុកកំណើត​វិញ​​បន្ទាប់ពី​ជាប់ពន្ធនាគារ​

785
ចែករម្លែក

ដោយ:​បាយ័ន​/​ឧ​ត្ត​រ​មាន​ជ័​យ ៖ អាជ្ញាធរ​ប្រទេស​ថៃ​បានធ្វើ​ការដោះលែង​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ឲ្យ​វិល​ត្រលប់មក​ស្រុកកំណើត​វិញ បន្ទាប់ពី​ជាប់ពន្ធនាគារ​នៅ​ទីនោះ​អស់​រយៈពេល​៣​ឆ្នាំ ពីបទ​ឆ្លងដែន​កាប់​ចូលទៅ​ឈើ​ក្រញូង​ដោយ​ខុសច្បាប់ ដោយ​ចូល​តាម​ច្រក​ប៉ោយប៉ែត​។​

ពិធី​ប្រគល់​និង​ទទួល​ប្រជាពលរដ្ឋ​កម្ពុជា​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ តាម​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ បាន​និយាយថា ប្រជាពលរដ្ឋ​ខ្មែរ ដែល​ត្រូវបាន​ភាគី​ថៃ​បញ្ជូនមក​ស្រុកកំណើត​មានឈ្មោះ ឃឹម លុន (​ប្រុស) អាយុ២៧ ឆ្នាំ រស់នៅ​ភូមិ ព្រៃ​ពោល ឃុំ​អណ្ដើក​ខែ ស្រុក​រតៈន​មណ្ឌល ខេត្តបាត់ដំបង​។​

សមត្ថកិច្ច​បាន​បន្តថា ជន​ឈ្មោះ ឃឹម លុន ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១៩ ខែមករា ២០១៦​កន្លងទៅនេះ ពីបទ​ឆ្លងដែន​ចូលទៅ​កាប់​ឈើ​ក្រញូង​ដោយ​ខុសច្បាប់ ចូល​តាម​ច្រក​ប៉ោយប៉ែត។ ​ក្រោយពី​ចាប់ខ្លួន​ជន​ឈ្មោះ ឃឹម លុន ត្រូវបាន​ភាគី​ថៃ​យកទៅដាក់​ពន្ធនាគារ​នៅ​ខេត្ត​ណាត​ស្រើ​ន ប្រទេស​ថៃ ចាប់ពីពេលនោះ​មករ​ហូ​តដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩ ទើបត្រូវ​បាន​ភាគី​ថៃ​ដោះលែង​អោយមាន​សេរីភាព​ហើយ​បញ្ជូនមក​ស្រុកកំណើត​វិញ​។​

ក្រោយពី​ទទួល​ពី​ភាគី​ថៃ​ហើយ អាជ្ញាធរ​កម្ពុជា​ដែល​នៅ​ប្រចាំការ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ បានធ្វើ​ការអប់រំ​និង​អោយធ្វើ​កិច្ចសន្យា ឈប់​អោយ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់​បែបនេះ​តទៅទៀត រួច​អោយ​វិល​ត្រលប់​ទៅកាន់​លំនៅដ្ឋាន​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ​វិញ​៕B/