អាជ្ញាធរ​វៀតណាម​ស្នើឱ្យ​សមត្ថកិច្ច​កោះកុង​បន្ត​ស្វែងរក​អ​ដិ្ឋ​ធាតុ​កងទ័ព​ពលី​ជីវិត​សម័យ​សង្គ្រាម​

894
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​គណៈប្រតិភូ​អាជ្ញាធរខេត្ត​គៀង​យ៉ាង​ប្រទេស​វៀតណាម​បានស្នើ​ដល់​ភាគី​អាជ្ញាធរ​ខេត្តកោះកុង​បន្ត​ជួយ​រុករក​អដ្ឋិធាតុ​កងទ័ព​ពលី​ជីវិត​របស់ខ្លួន​កាលពី​សម័យ​សង្គ្រាម​នៅ​កម្ពុជា​។​ចំណែក​អាជ្ញាធរ​ខេត្តកោះកុង​វិញ​ក៏​បើក​ជំហ​ស្វាគមន៍​ទទួលភ្ញៀវ​ទេសចរ​ជន​ជាតិ​វៀតណាម​គ្រប់ពេលវេលា ចំពោះ​ការធ្វើដំណើរ​មកលេង​ក​ម្សា​ន្ត​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ផងដែរ​។​

​ត្បិត​កន្លងទៅ​អាជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​បាន​ចូលរួម​សហការ​យ៉ាងសកម្ម​ចំពោះ​ការជួយ​ស្វែងរក​អ​ដិ្ឋ​ធាតុ​កងទ័ព​វៀតណាម​ដែល​ស្លាប់​នៅ​សម័យ​សង្គ្រាម​អំឡុង​ឆ្នាំ​១៩៧០​បាន​ចំនួន​យ៉ាងណាក្តី​ក៏​អាជ្ញាធរខេត្ត​គៀង​យ៉ាង​នៅតែ​ស្នើ​ដល់​ភាគី​អាជ្ញាធរ​កោះកុង​ជួយ​អនុវត្ត​ការងារ​បន្តទៀត​ក្នុងន័យ​មិត្តភាព​និង​សាមគ្គីភាព​។​

​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​រយៈពេល​៥​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១២​ដល់​២០១៧​រវាង​ខេត្តកោះកុង និង​ខេត្ត​គៀង​យ៉ាង លោក ផាម រ៉ូ​ហុង អភិបាលខេត្ត បាន​លើកឡើងថា ការ​សហប្រតិបត្តិការ​រុករក ជីក​គាស់​ធ្វើ​មាតុភូមិនិវត្តន៍​នូវ​អ​ដិ្ឋ​ធាតុ​កងទ័ព​ស្ម័គ្រចិត្ត​និង​អ្នកជំនាញការ​វៀតណាម​ដែល​ពលី​ជីវិត​ក្នុង​ទឹកដី​ខេត្តកោះកុង​សម័យ សង្គ្រាម គឺ​អនុវត្ត​ទៅដោយ​ភាពល្អប្រសើរ​។​

​ប៉ុន្តែ​ទោះយ៉ាងណា លោក ផាម រ៉ូ​ហុង ចង់អោយ​ភាគី​អាជ្ញាធរខេត្ត​កោះកុង​ជួយ​ផ្សព្វផ្សាយ និង​លើកទឹកចិត្ត​ដល់​បណ្តា​អាជីវករ​ដៃគូ​ពាណិជ្ជកម្ម​អ្នកវិនិយោគ​សិប្បកម្ម​កែច្នៃ​កាន់តែច្រើន​បន្ថែមទៀត ខណៈ​បញ្ហា​នៅ​ពុំទាន់​ទទួលបាន​លទ្ធផល​តាម​គោលបំនង​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងពីរ​នៅឡើយ​។

​ទន្ទឹម​នោះ វៀតណាម​បាន​សន្យា​បន្ត​ពង្រឹង និង​ពង្រីក​ចំណង​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី តាមរយៈ​ការផ្សារភ្ជាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ រួមមាន​៖ ពាណិជ្ជកម្ម វប្បធម៌ កីឡា ទេសចរណ៍ អប់រំ កសិកម្ម ជលផល និង​ការងារ​យុវជន​ខេត្ត​ជាប់មាត់​សមុទ្រ​។​

​ឆ្លើយតប​នឹង​ការ​សំណើ​របស់​ភាគី​វៀតណាម លោកស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ក៏​ឯកភាព​អនុវត្ត​ការងារ​ដែល​នៅ​ខ្វះចន្លោះ​និង​បង្កើន​ទស្សនកិច្ច​ផ្លាស់ប្តូរ​បទពិសោធន៍រ​វាង​ប្រជាជាតិ​ទាំងពីរ​អោយ​រឹងមាំ ស្របតាម​កិច្ចព្រមព្រៀង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច និង​សន្តិសុខ​លើ​ផ្ទៃសមុទ្រ​ជាដើម​។​

​រយៈពេល​៥​ឆ្នាំ​មកនេះ​អាជ្ញាធរ​ខេត្តកោះកុង​រុករក​អ​ដិ្ឋ​ធាតុ​កងទ័ព​ស្ម័គ្រចិត្ត​និង​អ្នកជំនាញ​វៀតណាម​លើ​សមរភូមិ​សម័យ​សង្គ្រាម​បាន​ចំនួន​៤​អ​ដិ្ឋ​ធាតុ​ហើយ​និង​បាន​បញ្ចូនទៅ​ខេត្ត​គៀង​យ៉ាង​ធ្វើ​ពិធីបុណ្យ​បញ្ចុះ​រំលឹក​គុណ​។​បើ​គិត​តាំងពី​ឆ្នាំ​២០០១​មកដល់​បច្ចុប្បន្ន​អ​ដិ្ឋ​ធាតុ​ដែល​ស្វែង​រកបាន​ចំនួន​ជិត​២០០​អ​ដិ្ឋ​ធាតុ​។​

​លោកស្រី​អភិបាលខេត្ត​កោះកុង​មាន​ក្តី​រំពឹង​ខ្ពស់​ដែរ​ថា​នៅ​ឆ្នាំ​២០១៩​ខាងមុខ​អ្នកទេសចរ​ជនជាតិ​វៀតណាម​នឹង​បន្តធ្វើ​ដំណើរ​មកលេង​ក​ម្សា​ន្ត​ខេត្តកោះកុង​កាន់តែ​ច្រើនឡើង​នៅតាម​តំបន់​សក្តានុពល​រមណី​យ​ដ្ឋា​ន​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កម្ពុជា​ជាប់​ព្រំដែន​ប្រទេស​ថៃ​។

​គួរ​បញ្ជាក់ថា ខេត្តកោះកុង សំបូរ​ទៅដោយ​តំបន់​ទេសចរណ៍ វប្បធម៌​ធម្មជាតិ​កម្សាន្ត​ច្រើន​កន្លែង ដែល​ត្រៀម​ទទួល​ស្វាគមន៍​អ្នកទេសចរ​គ្រប់​ជាតិ​សាសន៍ ទាំង​កន្លែង​ស្នាក់នៅ​អនាម័យ​បរិស្ថាន​ស្អាត​ល្អ និង​សេវាកម្ម​ហូបចុក​អាចបំពេញ​តម្រូវ​ការចង់​គ្រប់គ្រាន់​។​

​ក្នុង​រយៈពេល​៦​ខែ​ក្នុង​ឆ្នាំ​២០១៨​នេះ ខេត្តកោះកុង​បានទទួល​ភ្ញៀវទេសចរ​សរុប​ចំនួន​២៣​មឺ​ុ​ន​នាក់ កើន​៧១​ម៉ឺន​នាក់​ស្មើនឹង​១១៤​ភាគរយ​បើ​ធៀប​នឹង​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧​។​ក្នុងនោះ​ភ្ញៀវ​ទេស​ជាតិ​មាន​១៧​ម៉ឺន​នាក់​និង​ទេសចរ​អន្តរជាតិ​មាន​ចំនួន​៥​ម៉ឺន​១​ពាន់​នាក់​ដោយ​មិន​គិតពី​ចំនួន​អ្នកទេសចរ​ចេញចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម​នោះទេ​៕S/