អាជ្ញាធរ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​គ្រប់​គ្រង់​សំរាម ខណៈ​សំរាម​និង​សំណល់​ផ្សេងៗ​អណ្ដែត​ពាសពេញ​ផ្ទៃសមុទ្រ​

339
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: កាកសំណល់​រឹង រាវ​សព្វសារពើ​បាន​អណ្តែត​មក​ទើ​នៅលើ​ផ្ទៃសមុទ្រ ក្នុង​តំបន់​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ នៅ​រដូវ​ធ្លាក់​ខ្យល់​នេះ ដូច​បណ្តា​ឆ្នាំមុនៗ​ដែរ សំរាម​បាន​ហូរ​រសាត់​ចេញពី​តំបន់​ទំនប់រលក មក​រាយប៉ាយ​នៅ​ចំណុច​កំពង់ផែ​ក្រុងព្រះសីហនុ ដែល​នៅក្បែរ​គ្នា និង​ខ្លះទៀត​បាន​រសាត់​រហូត​ដល់​ឆ្នេរ​ក្បែរ​ស្ពាន​កោះពស់​។

​បាតុភាព​នេះ ផ្តើមចេញពី​ការមិន​រក្សា​ទុកដាក់​សំរាម​ត្រឹមត្រូវ​ពី​ពលរដ្ឋ ឬ​ទូក​នេសាទ​មួយចំនួន​នៅ​តំបន់​ទំនប់រលក ដោយ​បោះ​សំរាម​និង​កាកសំណល់​ផ្សេងៗ​ពីក្នុងផ្ទះ​ដែល​សង់​លើទឹក ចូលទៅក្នុង​ទឹកសមុទ្រ ហើយ​នៅពេល​រដូវ​ខ្យល់​ដូរ​ទិស សំរាម​ទាំងអស់នេះ​បាន​រសាត់​មកកាន់​កំពង់ផែ​មុនគេ និង​ថា​កើត​ឡើងជា​រៀងរាល់ឆ្នាំ ដោយ​អូសបន្លាយ​ច្រើន​ឆ្នាំ​មកហើយ​។

​មន្ត្រី​ផ្នែក​អនាម​យ័​បរិស្ថាន​កំពង់ផែ​ក្រុងព្រះសីហនុ​ឲ្យ​រស្មី​កម្ពុជា ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៩​នេះ​ថា ដល់​រដូវ​នេះ​ជា​រៀងរាល់ថ្ងៃ​ខាង​កំពង់ផែ​បាន​ប្រើ​ឧបករណ៍​ផ្សេងៗ កើប​យក​សំរាម​ទាំងអស់នេះ​ពិសេស​នៅតាម​ឃ្លង​នាវា​ចូល​ចត ប៉ុន្តែ​មិន​ស្អាត​ល្អ​ទេ​ដោយសារ កើប​យក​សំរាម​ចាស់​អស់ សំរាម​ថ្មី​នឹង​មកដល់​ទៀត​។

​មន្ត្រី​ផ្នែក​បរិស្ថាន​ថ្លែងប្រាប់​ដែរ​ថា បញ្ហា​សំរាម​នៅ​ទំនប់រលក​នេះ កន្លងមក​ក៍​ដូចជា​បច្ចុប្បន្ន​អជ្ញាធរ​បានធ្វើ​គ្រប់​សកម្មភាព​ដូចជា​ការអប់រំ ការប្រមូល​កម្លាំង​សម្អាត​ឬ​វិធានការ​រដ្ឋបាល​ខ្លះទៀត​ផងដែរ ប៉ុន្តែ​មិន​ជោគ​ជ​យ័​ទេ បណ្តាលមកពី កង្វះ​ការចូលរួម​ដោយ​មនសិកា​ភ្ញាក់រលឹក​ពី​ពលរដ្ឋ​ឬ​អ្នក​ដែល​និយម​បោះ​សំរាម​អនាធិបតេយ្យ ។

​បញ្ហា​នេះ ប្រសិនបើ​អ្នករស់នៅ​ទំនប់រលក​មួយចំនួន នៅតែ​បោះ​សំរាម​ចូល​សមុទ្រ មិន​ព្រម​វេច​ខ្ចប់​ទុកដាក់​អោយបាន​ត្រឹមត្រូវ បើទោះជា​មន្ត្រី​ឬ​សហគមន៍​ពាក់​ព​ន្ធ័​ធ្វើ​សកម្មភាព​សម្អាត​បែបណា​ក៍​មិន​ឈ្នះ​ដែរ ។

​អាជ្ញាធរខេត្ត​ព្រះសីហនុ​សូម​ធ្វើការ​អំពាវនាវ​ដល់​ដ​ល់​ពលរដ្ឋ​នៅ​តំបន់​ទំនប់រលក​មេត្តា​ចូលរួម​ទាំងអស់គ្នា​ដើម្បី​មានឈ្មោះ​ជា​ពលរដ្ឋ​ល្អ ដើម្បី​បរិស្ថាន​ស្អាត និង​ដើម្បី​ប្រទេសជាតិ​៕ ល​