អាមេរិក​បញ្ជូន​B-52​ពីរ​គ្រឿង​មក​សមុទ្រ​ចិន​ខាងត្បូង តែ​ចិន​ថា​អត់​ខ្លាច​

3558
ចែករម្លែក

​គ្មាន​នាវា​ឬ​យន្ត​ហោះណា​អាចធ្វើអោយ​ចិន​ខ្លបខ្លាច​ចេញពី​ការការពារ​ទឹកដី​របស់ខ្លួន​ទេ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃ​ពុធ​ទី​៦​មិថុនា បន្ទាប់​​ពី​យន្តហោះ​ទម្លាក់​គ្រាប់​ធុន​ធ្ងន់​B-52​ចំនួន​២​របស់​កងទ័ពអាកាស​អាមេរិក​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ហោះ​លើ​សមុទ្រ​ចិន​ខាងត្បូង​ជិត​កោះមាន​ជម្លោះ​។​

​សារព័ត៌មាន​CNN បាន​រាយការណ៍​ថា យន្តហោះ​ទាំងពីរ​បាន​ហោះ​ក្នុង​ចម្ងាយ​ដែល​អាច​មើលឃើញ​កោះ​ស្ព្រា​ត​លី កន្លែង​ដែល​ចិន​អះអាង​កាន់កាប់​និង​សាងសង់​ផ្លូវ​ចុះ​​ឡើង​របស់​យន្តហោះ​ព្រមទាំង​សំណង់​ផ្សេងៗ​នៅលើ​កូន​កោះ​និង​ថ្ម​ប៉ប្រះ​ទឹក​ដែលមាន​ជម្លោះ​នេះ​។​

​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​បាន​និយាយថា អាមេរិក​ចង់​ធ្វើការ​ជាមួយ​ចិន​អំពី​ទំនាក់ទំនង​ផ្តល់​ផល​ល្អ តែ​អំពើ​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាង​​ត្បូង​មាន​លក្ខណៈ​បង្ខិតបង្ខំ ហើយ​ក្រសួងការពារជាតិ​អាមេរិក​នឹង​ប្រជែង​យ៉ាង​ស្វាហាប់​បើ​ចាំបាច់​។​

​ថ្លែង​ក្នុង​សន្និសីទកាសែត​ប្រចាំថ្ងៃ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហួ ជុន​យី​ង បាន​និយាយថា លោកស្រី​សង្ឃឹមថា​អាមេរិក​អាច​បញ្ជាក់ថា​តើ​ខ្លួន​គិត​​ថា​ការបញ្ជូន​សព្វាវុធ​ប្រភេទ​នេះ​មក​សមុទ្រ​ចិន​ខាងត្បូង ត្រូវបាន​ចាត់ទុកថា​ជា​យោ​ធូប​នីយកម្ម​ដែរឬទេ​។​”​អាមេរិក​គួរ​បញ្ឈប់​បំប៉ោង​បញ្ហា​យោ​ធូប​នីយកម្ម​នេះ​និង​ការបង្ក​​រឿង​។​ការប្រព្រឹត្តិ​បែប​មនុ​ស្សព្រៃ​គ្រោះថ្នាក់​ណាស់​”​។​

​អ្នកនាំពាក្យ​បាន​បន្ថែមថា​” ចិន​មិន​រអា​នឹង​អ្វីដែល​ហៅថា នាវា​ឬ​យន្តហោះ​យោធា​នោះទេ​។​យើង​នឹង​ចាត់វិធានការ​ចាំបាច់​ទាំងអស់​ដើម្បី​ការពារ​អធិបតេយ្យភាព​និង​​សន្តិសុខ​របស់​ប្រទេស ការពារ​សន្តិភាព​និង​ស្ថេរភាព​នៃ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​”​។

​កាលពី​ខែ​មុន កងទ័ពអាកាស​ចិន​បាន​ចុះចត​យន្តហោះ​ទម្លាក់​គ្រាប់​នៅលើ​កោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ជា​ផ្នែក​នៃ​សមយុទ្ធ​មួយ ដោយ​បង្កអោយមាន​ការព្រួយបារម្ភ​​នៅ​វៀតណាម​និង​ហ្វីលីពីន​៕​ដោយ​៖​វាសនា​

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ប្រតិកម្ម​នឹង​ព័ត៌មាន​ថា យន្តហោះ​ទម្លាក់​គ្រាប់​B-52​ហោះ​លើ​សមុទ្រ​ចិន​ខាងត្បូង​ដែល​ចិន​អះអាងថា​ជា​របស់ខ្លួន​