អាមេរិក​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ចូល​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ដើម្បី​បញ្ឈប់​ជនអន្តោប្រវេសន៍​

610
ចែករម្លែក
  • 17
    Shares

​អាជ្ញាធរ​អាមេរិក​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ទៅក្នុង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​ក្នុងអំឡុង​ប៉ុន្មាន​ម៉ោង​ដំបូង​នៃ​ឆ្នាំ​ថ្មី​ដើម្បី​បណ្តេញ​ក្រុម​ជនអន្តោប្រវេសន៍​ប្រហែល ១៥០ នាក់​ដែល​ព្យាយាម​ផ្លោះ​របង​ព្រំដែន​នៅ​ឆ្នេរ​ធី​យូ​អាណា (Tijuana)​។​

​ក្រសួង​គយ​និង​ការពារ​ព្រំដែន​អាមេរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​១​មករា​ថា ឧស្ម័ន​ត្រូវបាន​ប្រើ​ដើម្បី​កំណត់​គោលដៅ​លើ​អ្នក​គប់​ដុំថ្ម ក្រៅពី​ជនអន្តោប្រវេសន៍​ដែល​ព្យាយាម​ឆ្លង​ព្រំដែន​។​

​សេចក្តីថ្លែងការណ៍​នោះបាន​និយាយថា “​គ្មាន​ភ្នាក់ងារ​ណា​ម្នាក់​បានឃើញ​ផ្ទាល់​ជនអន្តោប្រវេសន៍​ណាមួយ​នៅ​បន្ទាត់​ព្រំដែន​រួមទាំង​ក្មេងៗ​ទទួលរង​ផលប៉ះពាល់​ពី​ជាតិគីមី​របស់​ឧស្ម័ន ដែល​គេ​តម្រង់​ទៅលើ​អ្នក​គប់​ដុំថ្ម​ពី​ចម្ងាយ​នោះទេ​”​។​

​អ្នក​ថតរូប​របស់​ទីភ្នាក់ងារសារព័ត៌មាន Associated Press ម្នាក់​បាន​សង្កេតឃើញ​ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ចំនួន​បី​លើក​ទៅលើ​ទឹកដី​ម៉ិ​ក​ស៊ិ​កនៅ​ជិត​ឆ្នេរ​ធី​យូ​អាណា ដែល​ប៉ះពាល់​ដល់​ជនអន្តោប្រវេសន៍​រួមទាំង​ស្ត្រី​និង​កុមារ​ក៏ដូចជា​អ្នកសារព័ត៌មាន​។ ភ្នាក់ងារ AP បានឃើញ​ការ​គប់​ដុំថ្ម​កើតឡើង បន្ទាប់ពី​ក្រុមមន្ត្រី​អាមេរិក​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​មុន​តែប៉ុណ្ណោះ​។​

​ទីភ្នាក់ងារសារព័ត៌មាន AP និយាយថា ពួក​ភ្នាក់ងារ​យក​ព័ត៌មាន​របស់ខ្លួន​បានឃើញ “​កុមារ​តូចៗ​” កំពុង​ឆ្លងកាត់​របងលួស​យ៉ាង​លំបាក​។ AP និយាយថា ពួក​ភ្នាក់ងារ​របស់ខ្លួន​មិន​អាចជួយ​កុមារ​បានទេ​ដោយសារតែ​ថ្ម​ត្រូវបាន​គេ​គប់​។ AP បាន​និយាយថា ពួក​ភ្នាក់ងារ​អាមេរិក​បាន​ឆ្លើយតប​ជាមួយ​ការបាញ់​ផ្សែង ការបាញ់​ម្រេច និង ការបាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​។ អ្នកកាសែត AP ម្នាក់​ក៏បាន​ឃើញ គ្រាប់​ជ័រ​ត្រូវបាន​បាញ់​ចេញ​ដោយ​ភ្នាក់ងារ​អាមេរិក​ផងដែរ​។​

​ទីភ្នាក់ងារ AP បាន​និយាយថា ជនអន្តោប្រវេសន៍ ២៥ នាក់​ត្រូវបាន​ឃុំខ្លួន ខណៈដែល​អ្នកផ្សេង​ទៀត​បាន​លូន​ត្រឡប់​ទៅ​ម៉ិ​ក​ស៊ិ​ក​វិញ​តាមរយៈ​ប្រហោង​មួយ​នៅក្រោម​របង​។

​ក្រសួង​គយ​និង​ការពារ​ព្រំដែន​អាមេរិក​បាន​និយាយថា ក្រោម​ការប្រើប្រាស់​គោលការណ៍​កម្លាំងបាយ​របស់ខ្លួន ឧបទ្ទវ​ហេតុនេះ​នឹងត្រូវ​ពិនិត្យឡើងវិញ​ដោយ​ការិយាល័យ​ទទួលខុសត្រូវ​វិជ្ជាជីវៈ​។

​ជនអន្តោប្រវេសន៍ ដែល​និយាយ​ជាមួយ AP បាន​និយាយថា ពួកគេ​បានមក​ដល់​ឆ្នេរ​ធី​យូ​អាណា​កាលពី​ខែ​មុន​ជាមួយ​ហ្វូង​ជនជាតិ​ហុង​ឌូ​រ៉ា​ស់​។

​ហ្វូង​ជនអន្តោប្រវេសន៍ ដែល​ចាក​ចេញពី​ហុង​ឌូ​រ៉ា​ស់កា​លពី​ពាក់កណ្តាល​ខែតុលា បាន​កើនឡើង​ជាង ៦០០០ នាក់​អំឡុង​ការធ្វើដំណើរ​រយៈពេល​មួយខែ​កន្លះ​របស់ខ្លួន​៕ ដោយ៖ កញ្ញាដាលីស

មន្ត្រី​អាមេរិក​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ប​ណ្តេ​ញ​ជនអន្តោប្រវេសន៍ ដែល​ប៉ុនប៉ង​ឆ្លង​ចូល​ព្រំដែន​របស់ខ្លួន​កាលពី​ថ្ងៃទី​១​មករា