អាមេរិក​អំពាវនាវ​ឱ្យ​ប្រទេស​នានា​ជុំវិញ​ពិភពលោក​រារាំង​យន្តហោះ​រុស្ស៊ី​កុំឱ្យ​ហោះ​ឆ្ពោះទៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​

672
ចែករម្លែក

​ការមកដល់​នៃ​យន្តហោះ​យោធា​របស់​រុស្ស៊ី​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នៅ​ខែមីនា​ឆ្នាំ ២០១៩ បាន​ជំរុញឱ្យមាន​ការរិះគន់​យ៉ាងខ្លាំង​ពី​សហរដ្ឋអាមេរិក​ដែល​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ថា​បានធ្វើឱ្យ​អស្ថិរភាព​នៅ​ប្រទេស​អាមេរិក​ឡាទីន​មួយ​នេះ ដែល​បច្ចុប្បន្នកំពុង​ជាប់ផុង​ក្នុង​វិបត្តិ​នយោបាយ​។ សម្រាប់​រុស្ស៊ី​វិញ​បាន​រំលឹកថា យន្តហោះ​របស់ខ្លួន​បាន​មកដល់​ក្រោម​កិច្ចព្រមព្រៀងទ្វេភាគី​ជាមួយ​រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស​។​

​សហរដ្ឋអាមេរិក​បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ឱ្យ​បដិសេធ​យន្តហោះ​របស់​រុស្ស៊ី​ដែល​កំពុង​ហោះហើរ​ទៅកាន់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នូវ​សិទ្ធិ​ឆ្លងកាត់​ដែនអាកាស​របស់​ពួកគេ ដោយ​យក​គំរូ​តាម​ប្រទេស​ម៉ា​ល់តា​ដែល​បានធ្វើ​ចំណាត់ការ​បែបនេះ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក​លោកស្រី ម័​រ​ហ្គា​ន អ័​រ​តា​ហ្គឹ​ស (Morgan Ortagus) បាន​និយាយថា ការសម្រេចចិត្ត​បែបនេះ​អាចជួយ​បញ្ឈប់​ការគាំទ្រ​របស់​រុស្ស៊ី​ចំពោះ​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី ម៉ា​រី​យ៉ា ហ្សា​ខា​រ៉ូ​វ៉ា (Maria Zakharova) បាន​និយាយថា ម៉ា​ល់តា​បាន​បដិសេធ​មិន​ផ្តល់​ភ្លើង​ខៀវ​សម្រាប់​ការហោះហើរ​នៃ​យន្តហោះ​រុស្ស៊ី​ពីរ​គ្រឿង​ដែល​ដឹកទំនិញ​និង​បុគ្គលិក​ទៅកាន់​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ អ្នកនាំពាក្យ​រូបនេះ​បានកត់សម្គាល់​ថា​ម៉ា​ល់តា​មិនបាន​ផ្តល់​ហេតុផល​ណាមួយ​ចំពោះ​ការបដិសេធ​នោះទេ ហើយ​បាន​បន្ថែមថា រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​នឹង​យក​ការពិត​នេះ​ទៅ​ពិចារណា​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​របស់ខ្លួន​ជាមួយ​ប្រទេស​កោះ​មួយ​នេះ​។​

​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បាន​ជាប់ផុង​ក្នុង​វិបត្តិ​នយោបាយ ដែល​បាន​ប្តូរ​របត់​មួយទៀត​ក្រោយពី​មេបក្ស​ប្រឆាំង​លោក​ហ្វ័​ន ក្វា​យ​ដូ បានប្រកាស​ខ្លួនឯង​ជា​ប្រធានាធិបតី​បណ្តោះអាសន្ន​របស់​ប្រទេស​។ ចំណាត់ការ​នេះ​ត្រូវបាន​គាំទ្រ​ភ្លាមៗ​ដោយ​សហរដ្ឋអាមេរិក​និង​រដ្ឋ​នានា​នៅ​លោកខាងលិច ប៉ុន្តែ​ត្រូវបាន​រិះគន់​យ៉ាង​ខ្លាំងក្លា​ដោយ​រុស្ស៊ី​តួ​ក​គី​ចិន​និង​ប្រទេស​ជាច្រើន​ទៀត​។ ពួកគេ​បាន​សម្តែង​ការគាំទ្រ​របស់​ពួកគេ​ចំពោះ​ប្រធានាធិបតី​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ដែល​បាន​ជាប់ឆ្នោត​ស្របតាម​រដ្ឋធម្មនុញ្ញ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​រិះគន់​ការគាំទ្រ​របស់​មូ​ស្គូ​ចំពោះ​ប្រធានាធិបតី​ម៉ា​ឌូ​រ៉ូ​និង​ជាពិសេស​ការមកដល់​នៃ​យន្តហោះ​រុស្ស៊ី​ដែល​ដឹក​បុគ្គលិក​យោធា​កាលពី​ខែមីនា​ឆ្នាំ ២០១៩​។ សហរដ្ឋអាមេរិក​បាន​ហៅ​ការមកដល់​របស់​ពួកគេ​ថា​ជា “​ការបង្ក​ហេតុដែល​គ្មាន​អ្នក​ស្វាគមន៍​”​។ ក្នុងពេល​ជាមួយគ្នានេះដែរ រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បាន​និយាយថា​បុគ្គលិក​យោធា​របស់ខ្លួន​បាន​មកដល់​ដើម្បី​អនុវត្ត​ការថែទាំ​លើ​បច្ចេកវិជ្ជា​យោធា​រុស្ស៊ី​ក្រោម​កិច្ចព្រមព្រៀងទ្វេភាគី​ជាមួយ​រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស​៕ ដោយ៖ កញ្ញាដាលីស

យន្តហោះ​ដឹក​យោធា​របស់​រុស្ស៊ី