អាម៉េរិកនឹងលើកលែងទណ្ឌកម្មដល់វ៉េណេស៊ុយអេឡាបើគូទំនាស់យល់ព្រមធ្វើកិច្ចព្រមព្រៀងចែកអំណាចគ្នា

154
ចែករម្លែក

រដ្ឋបាលត្រាំកាលពីថ្ងៃអង្គារទី៣១មីនាបានស្នើសុំចាប់ផ្តើមដកទណ្ឌកម្មវ៉េណេស៊ុយអេឡាប្រសិនបើក្រុមប្រឆាំងនិងសមាជិកនៃគណបក្សសង្គមនិយមរបស់ប្រធានាធិបតីនីកូឡាស ម៉ាឌូរ៉ូបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នដោយគ្មានរូបលោក ដែលនេះបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាម៉េរិក ដែលបរាជ័យមិនអាចបញ្ចប់ការក្តោបក្តាប់អំណាចរបស់ម៉ាឌូរ៉ូបាន។

ស្របពេលប្រទេសនៅទ្វីបអាម៉េរិកខាងត្បូងមួយនេះកំពុងរងគ្រោះដោយការធ្លាក់ថ្លៃប្រេងនៅលើពិភពលោក ការរីករាលដាលនៃជំងឺកូវីដ១៩ និង យុទ្ធនាការដាក់សម្ពាធសេដ្ឋកិច្ចពីសហរដ្ឋអាម៉េរិក រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានងាកទៅរកវិធីទន់ភ្លន់ជាងមុនក្នុងគោលបំណងជំរុញឱ្យមានការបោះឆ្នោតដោយយុត្តិធម៌នៅឆ្នាំនេះដើម្បីបញ្ចប់វិបត្តិនយោបាយនៅទីនោះ។

រដ្ឋមន្រ្តីក្រសួងការបរទេសលោក ម៉ៃ ផមផេវ បានប្រកាសជាផ្លូវការនូវការចែករំលែកអំណាច គឺ “ក្របខ័ណ្ឌអន្តរកម្មប្រជាធិបតេយ្យ” សម្រាប់វ៉េណេស៊ុយអេឡា ដែលបានស្នើឡើងជាលើកដំបូងនូវ “ច្រកចេញតាមលំដាប់លំដោយ” ពីការដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងរបស់អាម៉េរិករួមទាំងទណ្ឌកម្មលើវិស័យប្រេងដ៏សំខាន់ ប្រសិនបើម៉ាឌូរ៉ូនិងសម្ព័ន្ធមិត្តរបស់គាត់សហការ។

ប៉ុន្តែវាមិនមែនជាការងាយស្រួលទេក្នុងការអូសទាញលោកម៉ាឌូរ៉ូឬគូកនរបស់គាត់ឱ្យដើរលើមាគ៌ានៃការផ្សះផ្សានយោបាយជាមួយមេដឹកនាំប្រឆាំងលោកហ្វ័ន ក្វាយដូ ដែលត្រូវបានទទួលស្គាល់ដោយសហរដ្ឋអាម៉េរិកនិងប្រទេសជាង ៥០ ផ្សេងទៀតជាប្រធានាធិបតីបណ្តោះអាសន្នស្របច្បាប់។

លោកម៉ាឌូរ៉ូនៅតែបន្តកាន់អំណាចត្បិតមានការខិតខំប្រឹងប្រែងម្តងហើយម្តងទៀតរបស់សហរដ្ឋអាម៉េរិកក្នុងការបណ្តេញគាត់ចេញ ហើយគាត់មិនមានឆន្ទៈក្នុងការចរចាដើម្បីបញ្ចប់ការគ្រប់គ្រងអំណាចនោះឡើយ។ ដូច្នេះការប្រកាសកាលពីថ្ងៃអង្គារអាចត្រូវគេមើលឃើញថាជាប្រឹងប្រែងរបស់រដ្ឋបាលត្រាំដើម្បីកាត់បន្ថយការខាតបង់របស់ខ្លួននិងបន្តដំណើរទៅមុខទៀត។

ក្រោមសំណើរបស់សហរដ្ឋអាម៉េរិក ទាំងម៉ាឌូរ៉ូនិងក្វាយដូ ត្រូវថយចេញឱ្យឆ្ងាយ ហើយក៏មិនមែនជាផ្នែកនៃរដ្ឋាភិបាលអន្តរកាលនោះដែរ។

គំនិតផ្តួចផ្តើមនេះកើតឡើងមិនដល់មួយសប្តាហ៍ផងបន្ទាប់ពីរដ្ឋាភិបាលអាម៉េរិកបានជ្រើសយកយុទ្ធវិធីប្រឈមមុខដាក់គ្នាខ្លាំងឡើង ដោយចោទប្រកាន់លោកម៉ាឌូរ៉ូនិងមន្រ្តីជាន់ខ្ពស់និងអតីតមន្ត្រីកំពូលរបស់វ៉េណេស៊ុយអេឡារាប់សិបនាក់ទៀតពីបទ “ភេរវកម្មទាក់ទងនឹងជំនួញគ្រឿងញៀន” ដែលលោកម៉ាឌូរ៉ូបានច្រានចោលថាជាការមិនពិតនិងប្រកាន់ជាតិសាសន៍។

ក្រុមមន្រ្តីអាម៉េរិកបាននិយាយជាលក្ខណៈឯកជនថា ការបន្តកាន់អំណាចរបស់លោកម៉ាឌូរ៉ូបានក្លាយជាប្រភពនៃការខកចិត្តសម្រាប់ប្រធានាធិបតីដូណាល់ ត្រាំ។ លោកម៉ាឌូរ៉ូនៅតែរក្សាបានការគាំទ្រពីយោធាក៏ដូចជារុស្ស៊ី ចិន និង គុយបា៕ ដោយ ៖ កញ្ញាដាលីស