អាម៉េរិក​ផ្តល់​១០០​លាន​ដុល្លារ​ដល់​ប្រទេស​ចិន​និង​ប្រទេស​ដទៃ​ទៀត​ដើម្បី​ប្រយុទ្ធប្រឆាំង​កូរ៉ូណា​វីរុស​

309
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​ទី​៧​កុម្ភៈ​បាន​សុំ​ផ្តល់​ប្រាក់​១០០​លាន​ដុល្លារ​ដល់​ប្រទេស​ចិន​និង​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដទៃទៀត​ដើម្បី​ប្រយុទ្ធប្រឆាំង​​ការឆ្លង​រាលដាល​នៃ​កូរ៉ូណា​វីរុស​។​

​លោក ម៉ៃ ផ​ម​ផេវ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាម៉េរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​ការប្តេជ្ញាចិត្ត ដែល​រួម​ជាមួយ​ការបរិច្ចាគ​ប្រាក់​រាប់រយ​លាន​​ដុល្លារ​ពី​វិស័យ​ឯកជន​អាម៉េរិក​នេះ​បង្ហាញ​ភាព​ជា​អ្នកដឹកនាំ​ដ៏​រឹងមាំ​របស់​សហរដ្ឋ​អាម៉េរិក​ក្នុង​ការឆ្លើយតប​ទៅ​នឹង​ការ​ផ្ទុះឡើង​នៃ​វីរុស​ផ្លូវដង្ហើម​នេះ​”​។​

​លោក​បាន​និយាយថា “​យើង​លើក​ទឹកចិត្ត​ដល់​ពិភពលោក​ទាំងមូល​ឱ្យ​មូល​ចូលរួម​ជាមួយនឹង​ការប្តេជ្ញា​ចិត្ត​របស់​យើង​។ ធ្វើការ​រួមគ្នា​យើង​អាច​មាន​កម្លាំង​ក្លា​​ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង ដែល​កំពុង​កើនឡើង​នេះ​” ។​

​លោក ម៉ៃ ផ​ម​ផេវ បាន​និយាយ​ថា​សហរដ្ឋ​អាម៉េរិក​នឹង​ផ្តល់​ជំនួយ​នេះ​ដោយ​ផ្ទាល់​ឬ​តាមរយៈ​អង្គការ​ពហុភាគី​។​

​លោក ម៉ៃ ផ​ម​ផេវ បាន​បន្តថា សហរដ្ឋ​អាម៉េរិក​បាន​បរិច្ចាគ​គ្រឿង​បរិក្ខារ​ពេទ្យ​ជិត​១៧,៨ តោន ដល់​ប្រទេស​ចិន ដោយ​រួមទាំង​ម៉ាស់ អាវ​ពេទ្យ បង់​រុំ​របួស​និង​​ឧបករណ៍​ដកដង្ហើម​ជាច្រើន​។​

​យ៉ាងហោច​ណាស់​មាន​មនុស្ស ៣៤.០០០ នាក់​នៅ​ប្រទេស​ជាង​២០​បាន​ឆ្លង​វីរុស​នេះ ដោយ​មាន​មនុស្ស​៧២២​នាក់ បាន​ស្លាប់​ចាប់តាំងពី​វីរុស​នេះ បាន​លេច​​ចេញ​នៅ​ទីក្រុង​វូ​ហាន​ប្រទេស​ចិន កាលពី​ចុងឆ្នាំ​មុន​៕ដោយ៖សុខា/sn

ពួក​អ្នកស្រុក​ឈរ​នៅ​ច្រកចូល​ភូមិ​របស់​ពួកគេ ដើម្បី​បិទ​ផ្លូវ​ចេញចូល​ដើម្បី​ការពារ​ការឆ្លង​វីរុស​នេះ នៅ​ទីក្រុង​ជូទូយីភាគ​ខាងជើង​នៃ​ទីក្រុង​ប៉េកាំង​