អាម៉េរិក​ផ្អាក​ការដំឡើង​ពន្ធ​លើ​ទំនិញ​នាំ​ចូល​របស់​ចិន​មួយចំនួន បន្ទាប់​ពី​កិច្ចចរចា​ពាណិជ្ជកម្ម​

560
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​កំពុង​ផ្អាក​ការដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​របស់​ចិន​ដែល​មាន​ទឹកប្រាក់​សរុប​២៥០ ពាន់​លាន​ដុល្លារ​ដែល​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​អង្គារ នៅពេល​ដែល​ប្រទេស​​សេដ្ឋកិច្ច​ធំ​បំផុត​ទាំង​២​របស់​ពិភពលោក​នេះ បាន​ឈាន​ដល់​ការផ្អាក​ជម្លោះ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​អស់​រយៈពេល ១៥ ខែ​របស់​ពួកគេ​មកនេះ​។​

​សេត​វិមាន​បាន​និយាយ​ថា​ភាគី​ទាំង​២​បាន​ធ្វើឱ្យ​មាន​ការ​ជឿន​លឿន​ខ្លះ​លើ​បញ្ហា​ដ៏​លំបាក​ដោះស្រាយ ដោយ​រួមទាំង​ការការពារ​ច្បាប់​មិន​គ្រប់គ្រាន់​ដោយ​ចិន​អំពី​កម្មសិទ្ធិ​​បញ្ញា​បរទេស និង​ចិន​បាន​ព្រមព្រៀង​ទិញ​កសិកម្ម​ផល​អាម៉េរិក​ដែល​មាន​ទឹកប្រាក់​ពី​៤០​ទៅ​៥០​ពាន់​លាន​ដុល្លារ​។​

​ប៉ុន្តែ​ការរីកចម្រើន​បន្ថែម​ទៀត​នឹង​ត្រូវ​ធ្វើ​លើ​ការខ្វែងគំនិត​គ្នា​នៅក្នុង​ការចរចារ​ពេល​ក្រោយ​ដោយ​រួមទាំង​ការចោទប្រកាន់​របស់​ស​ហ​រដ្ឋ​អាម៉េរិក​ដែល​ថា​ចិន​បង្ខំ​ប្រទេស​​បរទេស​ឱ្យ​ប្រគល់​អាថ៌កំបាំង​ពាណិជ្ជកម្ម ជា​ថ្នូរ​នឹង​ការនាំ​ទំនិញ​ចូល​ទៅ​កាន់​ទីផ្សារ​ចិន​។​

​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ បានប្រកាស​ផ្អាក​ជម្លោះ​ពាណិជ្ជកម្ម​នេះ​នៅក្នុង​ជំនួប​មួយ​នៅ​សេត​វិមាន ជាមួយ អ្នកចរចា​ជាន់ខ្ពស់​ចិន​គឺ លោក លីវ ហឹ​ដែលក៏​ជា​ឧ​ប​​នាយករដ្ឋមន្ត្រី​ចិន ក្រោយ​ការពិភាក្សា​អំពី​ពាណិជ្ជកម្ម​អស់​២​ថ្ងៃ​។​

​ទោះ​យ៉ាងនេះក្តី លោក ដូ​ណា​ល់ ត្រាំ មិនទាន់​ផ្លាស់ប្តូរ​ផែនការ​ដាក់​ពន្ធ​ដែល​កំណត់​ធ្វើឡើង​នៅ​ថ្ងៃទី​១៥​ខែ​ធ្នូ​លើ​ផលិតផល​ចិន​បន្ថែម​ដែល​មាន​តំលៃ​១៦០​ពាន់​លាន​ដុល្លារ​នៅ​​ឡើយ​ទេ​៕ដោយ៖សុខា/sn

ឧបនាយក​រដ្ឋមន្ត្រី​ចិន​លោក​លីវ ហឹ ចូលជួប​ប្រធានាធិបតី​អាម៉េរិក​នៅ​សេត​វិមាន ក្រោយ​ការពិភាក្សា​អំពី​ពាណិជ្ជកម្ម​អស់​២​ថ្ងៃ​