អាសនៈ​រដ្ឋសភា នីតិកាល​ទី​៦ មាន ១២៥ អាសនៈ កើន​លើស​អាណត្តិ​មុន ២​អាសនៈ​

5541
ចែករម្លែក
  • 194
    Shares

ដោយ​: ម៉េង​ឆៃ / ភ្នំពេញ​: ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង ៧ ព្រឹក ដល់​ម៉ោង ៣ រសៀល ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។ ក្នុងនោះ មាន​គណបក្សនយោបាយ​ចំនួន ២០ បាន​ចុះឈ្មោះ ដាក់​បេក្ខជន​ចូលរួម​ប្រកួតប្រជែង ដណ្តើមយក​អាសនៈ​នៅ​រដ្ឋសភា​សរុប ចំនួន ១២៥ អាសនៈ​។

​អាសនៈ​តំណាងរាស្ត្រ នៅ​រដ្ឋសភា​ចំនួន ១២៥ អាសនៈ សម្រាប់​នីតិកាល​ទី​៦ គឺ​កើនឡើង ២​អាសនៈ បើ​ធៀប​នឹង​អាសនៈ​រដ្ឋសភា ក្នុង​នីតិកាល​ទី​៥​។ អាសនៈ​រដ្ឋសភា ចំនួន ២ នោះ ត្រូវបាន​បង្កើន​នៅក្នុង​មណ្ឌលបោះឆ្នោត ខេត្ត​ព្រះសីហនុ ដែល​អាណត្តិ​មុនៗ មានតែ ១​អាសនៈ​ប៉ុណ្ណោះ​។​

​គ​.​ជ​.​ប បានប្រកាសថា អាសនៈ​នៅក្នុង​រដ្ឋសភា មាន​ចំនួន ១២៥ អាសនៈ នៅ​នីតិកាល​ទី​៦ នេះ បែងចែក​តាម​មណ្ឌល​រាជធានី​ខេត្ត រួមមាន​៖ ១-​ខេត្តបន្ទាយមានជ័យ ចំនួន ០៦​អាសនៈ ២-​ខេត្តបាត់ដំបង ចំនួន ០៨ អាសនៈ ៣-​ខេត្តកំពង់ចាម ចំនួន ១០ អាសនៈ ៤-​ខេត្តកំពង់ឆ្នាំង ចំនួន ០៦ អាសនៈ​៥-​ខេត្តកំពង់ស្ពឺ ចំនួន ០៦ អាសនៈ ៦-​ខេត្តកំពង់ធំ ចំនួន ០៦ អាសនៈ ៧-​ខេត្តកំពត ចំនួន ០៦ អាសនៈ ៨-​ខេត្តកណ្តាល ចំនួន ១១ អាសនៈ ៩-​ខេត្តកោះកុង ចំនួន ០១ អាសនៈ ១០-​ខេត្តក្រចេះ ចំនួន ០៣ អាសនៈ ១១-​មណ្ឌលគិរី ចំនួន ០១ អាសនៈ ១២-​រាជធានី​ភ្នំពេញ ចំនួន ១២ អាសនៈ ១៣-​ព្រះវិហារ មាន​ចំនួន ០១ អាសនៈ ១៤-​ព្រៃវែង ១១ អាសនៈ ១៥-​ខេត្តពោធិ៍សាត់ ចំ​នយន ០៤ អាសនៈ ១៦-​ខេត្តរតនគិរី ចំនួន ០១ អាសនៈ ១៧-​ខេត្តសៀមរាប ចំនួន ០៦ អាសនៈ ១៨-​ខេត្ត​ព្រះសីហនុ មាន​ចំនួន ០៣ អាសនៈ ១៩-​ខេត្តស្ទឹងត្រែង មាន​ចំនួន ០១ អាសនៈ ២០-​ខេត្តស្វាយរៀង ចំនួន ០៥ អាសនៈ ២១-​ខេត្តតាកែវ ចំនួន ០៨ អាសនៈ ២២-​ខេត្ត​កែប ចំនួន ០១ អាសនៈ ២៣-​ខេត្ត​ប៉ៃលិន ចំនួន ០១ អាសនៈ ២៤-​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចំនួន ០១ អាសនៈ និង​២៥-​ខេត្ត​ត្បូងឃ្មុំ ចំនួន ០៨ អាសនៈ​។​

​ជាមួយគ្នានេះ គ​.​ជ​.​ប សង្ឃឹមថា អត្រា​នៃ​អ្នកបោះឆ្នោត នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ នៅតែមាន​កម្រិត​ខ្ពស់​ដដែល ពីព្រោះ​ជា​ឱកាស​តែមួយគត់​នៅ​រៀងរាល់ ៥ ឆ្នាំ​ម្តង ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​របស់​យើង និង​ជា​ប្រយោជន៍​សម្រាប់​អនាគត​យើង​ផ្ទាល់​។​

​គ​.​ជ​.​ប ក៏បាន​បង្ហាញ​ពី​ចំនួន​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​សកល ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ គិត​ចាប់ពី​ឆ្នាំ​១៩៩៨ និង​ចំនួន​អ្នក​ទៅ​បោះឆ្នោត​ជ្រើសតាំង​ក្រុមប្រឹក្សាឃុំ​សង្កាត់ គិតពី​ឆ្នាំ​២០០២​។ ក្នុងនោះ រួមមាន​៖ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​៖ ១-​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​១៩៩៨ អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៥.៣៥៥.៥៩៥ នាក់ ចំណែក​ចំនួន​អ្នក​បាន​ទៅ​បោះឆ្នោត មាន​ចំនួន ៥.០៥៧.៨៣០ នាក់ ស្មើនឹង ៩៣,៧៤%​។ ២-​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០០៣ អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៦.៣៤១.៨៣៥ នាក់​។ រីឯ​ចំនួន​អ្នក​បាន​ទៅ​បោះឆ្នោត ៥.២៧៧.៤៩៥ នាក់ ស្មើនឹង ៨៣,២២% ៣-​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០០៨ អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៨.១២៥.៥២៩ នាក់​។ ចំណែក​អ្នក​បាន​ទៅ​បោះឆ្នោត មាន​ចំនួន ៦.១១០.៨២៤ នាក់ ស្មើនឹង ៧៥,២១%​។ ៤-​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៩.៨៧៥.៤៥៣ នាក់​។ រីឯ​អ្នក​បាន​ទៅ​បោះឆ្នោត មាន​ចំនួន ៦.៧៣៥.២៥៥ នាក់ ស្មើនឹង ៦៩,៧១%​។​

​ដោយឡែក ចំនួន​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​សកល ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ ចាប់តាំងពី​ឆ្នាំ​២០០២ ក៏ត្រូវ​បានគ​.​ជ​.​ប លើក​បង្ហាញថា​៖ ១-​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០០២ ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៥.១៩០.៣០៧ នាក់​។ ចំនួន​អ្នក​បាន​ទៅ​បោះឆ្នោត ៤.៥៤៣.៩៧៤ នាក់ ស្មើនឹង ៨៧,៥៥%​។ ២-​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០០៧ ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៧.៧៩៩.៣៧១ នាក់​។ រីឯ​ចំនួន​អ្នក​បាន​ទៅ​បោះឆ្នោត ៥.២៩៣.៣២៧ នាក់ ស្មើនឹង ៦៧,៨៧%​។ ៣-​ថ្ងៃទី​០៣ ខែមិថុនា ឆ្នាំ​២០១២ ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៩.២០៣.៤៩៣ នាក់​។ ចំនួន​អ្នក​បាន​ទៅ​បោះឆ្នោត ៥.៩៥៣.៩៩២ នាក់ ស្មើនឹង ៦៥,១៣%​។ ៤-​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧ ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៧.៨៥៦.០៣៣ នាក់​។ ចំនួន​អ្នក​បាន​ទៅ​បោះឆ្នោត ៧.១០៧.៣៩៥ នាក់ ស្មើនឹង ៩០,៣៧%​។​

​គ​.​ជ​.​ប បានប្រកាសថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹងធ្វើ​ឡើង នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ចាប់ពី​ម៉ោង ៧ ព្រឹក ដល់​ម៉ោង ៣ រសៀល​។ ក្នុងនោះ មាន​អ្នកបោះឆ្នោត ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប ចំនួន ៨.៣៨០.២១៧ នាក់ និង​មាន​ការិយាល័យ​បោះឆ្នោត សរុប​ចំនួន ២២.៩៦៧ ការិយាល័យ នៅក្នុង ១.៦៤៦ ឃុំ​សង្កាត់ នៅ​ទូទាំងប្រទេស​៕ ល​