អាហារ​សុខ​ភាពល្អ​អ្វីខ្លះ​ដែល​មិនគួរ​ទទួលទាន​ច្រើនពេក​?

200
ចែករម្លែក

មិន​ថា​ជា​អ្វី​ក៏ដោយ​ឱ្យតែ​ច្រើនពេក ឬ​តិចពេក គឺ​មិនល្អ​ឡើយ​។ អាហារ​ក៏​ដូចគ្នា​! ទោះបីជា​អាហារ សុខ​ភាពល្អ​ប៉ុន្តែ​បើ​ទទួលទាន​ច្រើនពេក​វា​នឹង​បង្ក​ផលប៉ះពាល់​មិន​ខាន​។

១. ការ៉ុត​
​មាន​ផ្ទុក​សារធាតុ beta-carotene ដែល​រាងកាយ​បំ​លែង​ជា​វីតាមីន A​។ ទោះបី​ជាការ​លើស​វីតាមីន A មិន​កើតមាន​ដោយសារ​រាងកាយ​បំ​លែង​សារធាតុ beta-carotene ទៅជា​វីតាមីន A តាម​តម្រូវ ការ ប៉ុន្តែ​ការ​លើស​សារធាតុ beta-carotene អាច​នឹង​កើតមាន​ក្នុង​រាងកាយ​ដោយ​បង្ក​ជា​ជំងឺ carotenemia នាំឱ្យ​ស្បែក​ប្រែជា​ពណ៌​លឿង​។​

២. ទឹក​
​ទឹក គឺ​ចាំបាច់​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល​។ ទោះជា​យ៉ាងណា​ការទទួល​ទាន​ទឹក​ច្រើន លើស​ពេក​អាច​បង្កបញ្ហា​អតុល្យភាព​នៃ​អេ​ឡិច​ត្រូ​លីត្រ​ហើយ​ជះឥទ្ធិពល​លើ​មុខងារ​តម្រងនោម​។ ផលប៉ះពាល់​ផ្សេងទៀត​នៃ​ការទទួល​ទាន​ទឹក​ច្រើន​លើស គឺ​ការប្រមូលផ្ដុំ​ទឹក​ក្នុង​ខួរក្បាល​ដែល បណ្ដាលឱ្យ​ហើម​និង​បង្កើន​សម្ពាធ​ខណៈដែល​ឆ្អឹង​លលា​ដ៏​ក្បាល​របស់​មនុស្ស​មិនអាច​រីក ឬ​លាតសន្ធឹង​បាន​។ ទោះបីជា​កម្រ ប៉ុន្តែ​បញ្ហា​នេះ​នៅតែ​កើតមាន​ពិសេស​ចំពោះ​អ្នកមាន​បញ្ហា តម្រងនោម​។​

៣. ផ្លែ​បឺ​រ​
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​និង​វីតាមីន​សំខាន់ៗ​ជាច្រើន​។ វា​អាចជួយ​បន្ថយ​កម្រិត​កូ​ឡេ ស្តេ​រ៉ូ​ល​មិនល្អ​និង​រក្សា​សុខភាព​កោសិកា​តាមរយៈ​ជាតិ​ខ្លាញ់ monosaturated ដែលមាន​ផ្ទុក​។ ទោះជា​យ៉ាងណា​ខ្លាញ់​នៅតែ​ជា​ខ្លាញ់ គឺអាច​បង្ក​ផលប៉ះពាល់​ដល់​ស​សៃ​ឈាម​បាន​។ ម្យ៉ាងវិញទៀត​ផ្លែ​បឺ​រ​មាន​ផ្ទុក​កាឡូរី​ខ្ពស់​ដែល​អាច​បង្កបញ្ហា​ពិបាក​រំលាយ​នៅពេល​ទទួលទាន​ច្រើន​។ ហើយ​កាឡូរី​ច្រើនពេក​អាច​បង្កបញ្ហា​ស្ទះ​ស​សៃ​ឈាម​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​អ្នក​មិន គួរ​ទទួលទាន​ផ្លែ​បឺ​រ​លើសពី ១ ផ្លែ​ក្នុង​មួយថ្ងៃ​ឡើយ​។​

៤. មើម​ឆៃថាវ​ក្រហម​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន​និង​ជាតិ​រ៉ែ​ចាំបាច់​។ វា​ក៏មាន​ផ្ទុក nitric oxides ដែល​រាងកាយ​បំ​លែង ជា​នីត្រាត​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ផងដែរ​។ បន្ទាប់មក​នីត្រាត​ក៏ត្រូវ​បំ​លែង​ជា​សារធាតុ nitrosamines ដែល​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេងៗ​គួរឱ្យ​ព្រួយបារម្ភ​។ ដូច្នេះ ដើម្បី​ជាការ​ប្រសើរ​កុំ​ទទួលទាន​ច្រើន​លើស​ពេក ពិសេស​ចៀសវាង​ញ៊ាំ​លាយ​ជាមួយ​សាច់ ក្រហម​។​

៥. សណ្ដែកសៀង
​សណ្ដែកសៀង ព្រមទាំង​អាហារ​ផ្សេងទៀត​ដែល​ផ្សំ​ឡើង​ពី​សណ្ដែកសៀង​មាន​ផ្ទុក​សម្បូរ ទៅដោយ​សារធាតុចិញ្ចឹម​ចាំបាច់​រួមបញ្ចូល​ទាំង​វីតាមីន B ជាតិ​ស​សៃ ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម និង​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​។ ទោះជា​យ៉ាងណា​ប្រសិនបើ​អ្នក​កំពុងមាន​បញ្ហា​ពាក់ព័ន្ធ​នឹង ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​នោះ​គួរ​ប្រយ័ត្ន​ក្នុងការ​ទទួលទាន​សណ្ដែក​សៀង ឬ​អាហារ​ផ្សេងទៀត​ដែល​ផ្សំ ឡើង​ពី​សណ្ដែកសៀង​។ សណ្ដែកសៀង​មាន​ឥទ្ធិពល​ធ្វើឱ្យ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ដំណើរការ​យឺត ខុសពី​ធម្មតា​។ នៅពេល​អ្នក​ទទួលទាន​ផលិតផល​ផ្សំ​ពី​សណ្ដែកសៀង​ច្រើនពេក​ក្រពេញ ទី​រ៉ូ​អ៊ី​ត​មិនអាច​ស្រូបយក​អ៊ីយ៉ូត​បាន​គ្រប់គ្រាន់​ឡើយ ជាហេតុ​បណ្ដាលឱ្យ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ដំណើរការ​មុខងារ​ខុស​ប្រក្រតី​៕ ដោយៈ health.com.kh